នរណាជា«ត្រីងៀតឆ្លៀតពង» ពីមេដាយមាសរបស់ ស៊ន សៀវម៉ី?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 07, 2014
- ប្រធានបទ: ប្រតិកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មើលទៅពេលនេះ ក្ដីសប្បាយរីករាយ និងមោទនភាពជាតិ ដែលប្រទេសកម្ពុជាមិនបានស្គាល់រសជាតិ តាំងពី៤៤ឆ្នាំមកហើយនោះ ប្រហែលជាមិនមានរយៈពេលយូរទៀតប៉ុន្មានឡើយ។ នោះដោយសារតែការបង្ហាញសកម្មភាព«អ្នកប្រឡេះបានស៊ី» មានលក្ខណៈជ្រុលហួសហេតុពេក ដែលផ្ទុយពីសកម្មភាពដែលត្រូវធ្វើ សម្រាប់លើកស្ទួយ ជួយឲ្យអ្នកឡើងទៅ«បេះ» អាចបញ្ចេញថ្វីដៃបានជោគជ័យ។ នេះជាការលើកឡើងជាច្រើន នៅតាមទំព័រ ឬគណនីនានា នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ក្រុមអ្នករិះគន់ តាមបណ្ដាញសង្គម បានធ្វើការពន្យល់ថា តើរដ្ឋាភិបាល ក៏ដូចជាមន្រ្តីពាក់ព័ន្ធនានា មានបានគិតគូរដល់ការរស់នៅ របស់កីឡាការិនីរូបនេះទេ នាពេលកន្លងមក? បើសិនជានាងមិនអាចទទួលមេដាយមាសវិញ តើកីឡាការិនីរូបនេះ នឹងនៅឯណាទៅ? ឬមួយ សកម្មភាព«អ្នកប្រឡេះបានស៊ី»នៅពេលនេះ បានក្លាយជាការទាញប្រយោជន៍ សម្រាប់យកមុខមាត់ឲ្យខ្លួន និងគូរកនរបស់ខ្លួន?
ម្ចាស់គណនីហ្វេសប៊ុកមួយរូប បានសរសេរថា៖ «មិនថាកីឡាករជំនាញអ្វីទេ ទាំងរដ្ឋាភិបាល ទាំងមន្រ្តីពាក់ព័ន្ធ មិនដែលឃើញយកចិត្តទុកដាក់ ដោយការទំនុកបំរុង ក្នុងពេលហ្វឹកហាត់ឡើយ។ ដល់ពេលចេញទៅប្រកួត បើចាញ់គេ កីឡាករទាំងនោះមិនទទួលបានអ្វី ក្រៅពីការស្តីបន្ទោសឡើយ។ តែបើឈ្នះវិញ ស្រាប់តែចេញមកឈរ"អមសងខាងផ្លូវ"ចាំទទួល យកមុខយកមាត់ព្រោងព្រាត។»
ដូចករណីមួយ ដែលទស្សវដ្តីមនោរម្យ.អាំងហ្វូ បានចុះផ្សាយក្នុងអត្ថបទមុន ទាក់ទងនឹងកីឡាករប្រដាល់គុនបុរាណខ្មែរ លោក វង្ស ណយ ដែលបានលាឈប់ពីសង្វៀនប្រដាល់ ព្រោះតែជីវភាពមិនគ្រប់គ្រាន់ ហើយតម្លៃដែលទទួលបាន ពីការប្រដាល់មិនសមស្រប។ លោក វង្ស ណយ អតីតសិស្សលោក ឈិត សារឹម អ្នកប្រដាល់គុនបុរាណខ្មែរជើងចាស់ ធ្លាប់បានបញ្ជាក់ដូច្នេះថា៖ «កីឡាករថៃដេកស៊ីស្រួល វ៉ៃម្តងៗបានលុយរាប់ម៉ឺន ហើយយើងមកមើលកីឡាករខ្មែរ ខ្មែរយើងវ៉ៃម្តងៗបាន៣០០ អ្នកខ្លះវាយបានតែ១៥០ទេ អញ្ចឹងបងប្អូនគួរគិតថា តើកីឡាករខ្មែរមានជីវភាពលំបាកយ៉ាងណា?»។
ត្រឡប់មកករណីកីឡាការិនី ស៊ន សៀវម៉ី ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយរងចាំទាំងយប់វិញ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម លោក គីម សុភា (Kim Sophea) ហៅទង្វើនេះថា ជាការប្រមែប្រមូលយកប្រជាភិថុត ជាមួយលទ្ធផលដែលកញ្ញា ស៊ន សៀវម៉ី ខិតខំប្រឹងប្រែងបញ្ចេញញើសឈាមនាំមកនោះ។ លោកសរសេរថា៖ «បើសម្ដេច ហ៊ុន សែន គ្រាន់បើមែន ចូរសម្តេចរហ័សគិតគូរ អំពីកម្រិតជីវិតជីវភាពរស់នៅ គ្រប់កីឡាករ គ្រប់ជំនាញទាំងអស់។»
លោក សុភា បានបន្តទៀតថា៖ «សព្វថ្ងៃនេះ ពួកគាត់ម្នាក់ៗខំប្រឹងប្រែងណាស់។ តែមានកីឡាករខ្លះ ជីវភាពក្រុមគ្រួសារ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។ ម៉្យាងល្បីថា ក្នុងសហព័ន្ធកីឡាជាតិអូរឡាំពិក កើតមានការប្រកាន់គ្រួសារ បក្ខពួកនិយមខ្លាំងណាស់។ (...) មានកីឡាករល្អៗជាច្រើន ដែលខកខានមិនបានចេញទៅក្រៅប្រទេស ដើម្បីទៅចូលរួមប្រកួត ព្រោះតែមិនមែនជាសាច់ញាតិ ខ្សែស្រឡាយរបស់ថ្នាក់ដឹកនាំ ក្នុងសហព័ន្ធនោះ។»
ច្បាស់ណាស់ថា ជ័យជំនះដ៏ត្រចះត្រចង់ របស់កញ្ញា ស៊ន សៀវម៉ី ត្រូវតែអបអរសាទរ និងគួឲ្យមានមោទនភាពសម្រាប់ជាតិ។ នេះបើតាមសំណេរ របស់ម្ចាស់គណនីម្នាក់ទៀត លោក សោម សុផា (Sopha Som)។ ប៉ុន្តែសម្រាប់សកម្មភាព ដែលលោក សុផា ហៅថាជា«ត្រីងៀតឆ្លៀតពង» របស់ក្រុមតេជោសែននេះ វាគឺជាការ«កេងចំណេញផ្នែកនយោបាយ»៕