មន្ត្រី​បក្ស​ប្រឆាំង៖ ហ៊ុន សែន កំពុង​អនុវត្តន៍​«នយោបាយ​ថ្មី ទ្រឹស្តី​ចាស់» ក្នុង​រឿង​ដីធ្លី

តើនយោបាយថ្មី ទ្រឹស្តីចាស់ នេះជាអ្វី? គេនៅចាំបានថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានបង្កើត នូវឃ្លាមួយស្រដៀងគ្នានេះថា «គោលនយោបាយចាស់ សកម្មភាពថ្មី»។ តើឃ្លាទាំងពីនេះមានភាពខុសគ្នាយ៉ាងណា? ហើយអាចប្រើប្រាស់នៅដំណាក់កាលណាខ្លះ? លោក រស់ សួរ មន្រ្តីច្បាប់មួយរូប ពីគណបក្សសង្គ្រោះជាតិ សូមបកស្រាយជូនដូចខាងក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 29, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុនការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ រដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី ព្រោះតែចង់បាននូវការ«គាំទ្រ» ពីប្រជាពលរដ្ឋ ពិសេសពីក្រុមយុវជន បានបង្កើតឲ្យមានក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋដែលហៅថា «គោលនយោបាយចាស់ សកម្មភាពថ្មី»។ តាមគោល​នយោបាយចាស់ សកម្មភាពថ្មីនេះ បែរជាបានបង្កឲ្យមាន«វិបត្តិ»ដីធ្លី រឹតកាន់តែធំឡើងៗ គ្មានវិធានការ​ទប់​ស្កាត់ និងដោះស្រាយបញ្ហាដែលកើតឡើងនោះ។

ឯអ្នកអនុវត្តន៍មួយចំនូនធំ (ដូចជាក្រុមនិស្សិត មន្រ្តីពាក់ព័ន្ធ និងអ្នកមានអំណាច) បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបានបង្កឡើង នូវ«ទុក្ខទោស»ដល់ប្រជាពលរដ្ឋក្រីក្រ ស្លូតត្រង់ តាមរយៈការឆក់ប្លន់ដីធ្លី និងការប្រ់ប្រាស់នូវអំណាចយោធា ក៏ដូចជាតុលាការ ក្នុងការគម្រាមកំហែង និង​ចាប់ខ្លួនជាដើម។

លោក រស់ សួរ មន្រ្តីច្បាប់របស់គណបក្សសង្គ្រោះជាតិ បានពន្យល់លើករណីនេះថា ដល់បច្ចុប្បន្ននេះ ក្រោយប្រជាពលរដ្ឋមានរឿង និងមិនអាចទ្រាំរស់នៅ ទាំងវេទនាគ្មានលំនៅ គ្មានជំរក គ្មានការហូបចុក​គ្រប់​គ្រាន់ ក៏តែងតែស្វែងរកអន្តរាគមន៍ ពីគ្រប់មន្រ្តី អាជ្ញាធរមានសមត្ថកិច្ច តែគ្មានកិច្ចអន្តរាគមន៍ ឬដំណោះ​ស្រាយ​ឡើយ។ ប្រជាពលរដ្ឋមួយភាគ បានបង្ខំចិត្តឡើងមកភ្នំពេញ ដើម្បីបានការអន្តរាគមន៍ពីថ្នាក់ជាតិ។ តែជានិច្ចកាល ការព្យាយាមរបស់ពួកគាត់ ត្រូវបានរារាំង រំខាន ឬបង្ក្រាប ដោយក្រុមអាជ្ញាធរបញ្ជាដោយ​រដ្ឋាភិបាលទៅវិញ។ មិនត្រឹមតែប៉ុណ្ណេះ បែរជាបានលាបពណ៌ឲ្យពួកគាត់ថា ជាក្រុមជ្រុលនិយម ជាក្រុម​បក្ស​ប្រឆាំង ឬជាក្រុមឈ្នះបានដី ចាញ់បានប្រាក់ទៅវិញ។

តែអ្វីដែលគួឲ្យកត់សំគាល់ក្នុងរឿងដីធ្លីនេះ បែរជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា​នេះ លើកឡើងថា«មិន»បានដឹងឮ ឬមិនបានទទួលព័ត៌មានទាល់តែសោះ ក្នុងរឿងវិវាទដីធ្លីរបស់​ប្រជា​ពលរដ្ឋ​ទៅវិញ។ មិនត្រឹមតែមិនទទួលដឹងឮ លោកបែរជាទម្លាក់ការទទួលខុសត្រូវ និងការដោះស្រាយ​ទាំង​អស់ ទៅឲ្យមន្រ្តីថ្នាក់ក្រោមឲ្យទទួលថ្មបាក់ជំនួស។ លោក រស់ សួរ បានសង្កត់ធ្ងន់ថា៖ «បើថ្នាក់លើមិនបញ្ជា ថ្នាក់ក្រោមក៏មិនងាយ នឹងហ៊ានធ្វើល្មើសច្បាប់ដែរ»។

មន្រ្តីច្បាប់រូបនេះបានចាត់ទុកថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តី គឺជាសម្តី «ក្មេងអាយុមួយឆ្នាំ» ដែល​បានទម្លាក់ការទទួលខុសត្រូវទាំងស្រុង ទៅថ្នាក់ក្រោម ក្នុងនាមខ្លួនជាប្រមុខដឹកនាំ របស់ប្រទេសទាំងមូល​នោះ។ លោកបានបន្ថែមថា «ហេតុផល» នៃការទម្លាក់ចោលការទទួលខុសត្រូវនេះ មានបួនយ៉ាង ស្មើនឹង​លោកនាយករដ្ឋមន្រ្តី បង្កើតឲ្យមានពាក្យមួយឃ្លាបន្ទាប់ពីពាក្យថា «គោលនយោបាយចាស់ សកម្មភាពថ្មី» គឺ«នយោបាយថ្មី ទ្រឹស្រ្តីចាស់»។

មន្រ្តីបក្សសង្គ្រោះជាតិនេះ បានចាត់ទុកថា«នយោបាយថ្មី ទ្រឹស្រ្តីចាស់» ដែលលោកនាយករដ្ឋមន្រ្តីកំពុង​តែ​ប្រើប្រាស់ ក្នុងរឿងដីធ្លីនេះ ព្រោះតែលោកចង់«ស្តារ»ឡើងវិញ នូវការគាំទ្រពីប្រជាពលរដ្ឋ សិស្ស និស្សិត ក្រោយពីមានការប្រឆាំងមិនឈប់ឈរ ពីប្រជាពលរដ្ឋស្ទើរតែទូទាំងប្រទេសនោះ។

តាមរយៈ «នយោបាយថ្មី ទ្រឹស្រ្តីចាស់» នេះមាន«បួន»ជំហាន ដែលត្រូវបានមន្រ្តីច្បាប់នេះសង្កេតឃើញ និង​លើកមកបង្ហាញ រួមមានជំហានទីមួយ ដោយលោកនាយករដ្ឋមន្រ្តីដឹងខ្លួនឯងជាមុនថា ប្រជាប្រិយភាព​របស់​ខ្លួនត្រូវបានធ្លាក់ចុះ ព្រោះតែអំពើពុករលួយ នៃមន្រ្តីក្រោមឱវាទរបស់ខ្លួនមួយចំនួន តាមរយៈ​«ទំនាស់ដីធ្លី»​ជាមួយប្រជាពលរដ្ឋ។ ខ្លួនបានដឹងច្បាស់ ពីបញ្ហាដែលកើតឡើង ដែលនាំឲ្យប្រជាពលរដ្ឋភាគច្រើន បោះបង់​នូវជំនឿទុកចិត្តលើខ្លួនតទៅទៀត។ តែលោក ហ៊ុន សែន មិនរកវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ឬធ្វើការ​ស្រាវជ្រាវ ពីឬសគល់នៃបញ្ហាឡើយ។ ហើយជឿតាមតែរបាយការណ៍ខុសពីការពិត នៃក្រុមជំនិតខ្លះ​របស់​ខ្លួន បែរជាបង្គាប់បញ្ជា ឲ្យបង្កើត«បញ្ហាក្នុងបញ្ហា»ទៅវិញ ដូចជាការប្រើប្រាស់​កម្លាំង«ហិង្សា»​របស់​សមត្ថកិច្ច​ចម្រុះជាតិ មកលើប្រជាពលរដ្ឋជាដើម។

ជំហានទីពីរដែលជាដំណាក់កាលមួយ លោកនាយករដ្ឋមន្រ្តី មិនអាចអន្តរាគមន៍ខ្លួនឯងលែងបាន ក្នុងរឿង​ទំនាស់ដីធ្លីនេះ ព្រោះតែចង់រក្សានូវ«មុខមាត់»របស់ខ្លួន។ មានន័យថា អ្នកណាបង្កឡើង អ្នកនោះត្រូវតែ​ទទួលខុសត្រូវ (តាមតំបន់ និងបណ្តាខេត្តរៀងៗខ្លួន)។ ជំហានទីបី ការគ្រប់គ្រង ឬបង្គាប់បញ្ជាមន្រ្តី​ក្រោម​ឱវាទ លែងមានប្រសិទ្ធិភាព មានន័យថា ពួកគេ(មន្រ្តីក្រោមឱវាទ) «ដុះស្លាប» អាចរស់ និងហើរដោយខ្លួន​ឯង​បានហើយ ដោយមិនចាំបាច់ស្តាប់ការបង្គាប់ ឬបង្រៀនពីអ្នកណាឡើយ។ និងជំហានទីបួនចុងក្រោយ គឺ អនុសាសន៍ ឬបទបញ្ជា របស់ខ្លួន(នាយករដ្ឋមន្រ្តី) លែងមានប្រសិទ្ធិភាព មានន័យថា អ្វីដែលប្រមុខ​រដ្ឋាភិបាល​លើកឡើង ជាសំដីដូច«ក្មេងបៀមដៃ»។ ព្រោះតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក​និយម មន្រ្តីទាំងនោះមិនខ្វល់ មិនស្តាប់ មិនគោរព ឬមិនអនុវត្តន៍តាមអនុសាសន៍ បទបញ្ជា ឬច្បាប់ដែល​មានជាធរមានឡើយ។

លោក រស់ សួរ បានធ្វើការពន្យល់ទៀតថា ដើម្បីដោះស្រាយបញ្ហាទាំងនោះ លោកនាយករដ្ឋមន្ត្រី ត្រូវមាន​វិធានការ​ដោះស្រាយជាបន្ទាន់ កុំទុកដល់ក្លាយជា«ដំបៅរីក ឬទំនប់បាក់» ហើយទើបខ្នះខ្នែងមកធ្វើជា​ជួយ​នោះ។ ច្បាប់ស្តីពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ច្បាប់ភូមិបាល ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ ច្បាប់នីតិវិធីរដ្ឋប្បវេណី និងច្បាប់នីតិវិធីព្រហ្មទណ្ឌ ទាំងអស់នេះ គ្រប់​គ្រាន់សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុវត្ត និងកំរិតដាក់ទោស ទៅលើមន្រ្តីក្រោមឱវាទរបស់ខ្លួន ឬបុគ្គលមានអំណាចណាមួយ ដែលប្រព្រឹត្តិខុសបាន។ តែនេះលោកមិនអនុវត្ត មានន័យស្មើនឹងលោក «បើកដៃ» ឲ្យក្រុមទាំងនោះ ប្រព្រឹត្តខុសតទៅទៀត។ ដល់ពេលមានរឿង ឬទឹកដល់ច្រមុះ«រត់»យករួចខ្លួន​តែរៀងខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...