សើរើបណ្ដឹង«ដីធ្លី» ចំនួន១០៥ របស់ជនរងគ្រោះចំនួន១១០០១គ្រួសារ
វិបត្តិដីធ្លី - លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន ដែលមានប្រជាតំណាងប្រជាពលរដ្ឋរងគ្រោះមកពីខេត្តចំនួន៦បានចូលរួមនោះ បានថ្លែងឲ្យដឹងថា ការផ្តើមបើកយុទ្ធនាការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជំរុញឲ្យតុលាការសើរើរឿងបណ្តឹងដីធ្លីចាស់ៗ ដែលជាប់គាំងយូរឆ្នាំមកហើយ ពុំទាន់មានដំណោះស្រាយ ហើយនៅថ្ងៃដំបូងមានប្រជាពលរដ្ឋចំនួន១៧ខេត្ត ដែលមានជម្លោះដីធ្លី បានដាក់ពាក្យបណ្តឹងចំនួន ១០៥ ស្មើរនិង១០៥ករណី ក្នុងនោះទៅស្នាក់ការសូរិយោដីថ្នាក់ស្រុកចំនួន ១៥ ពាក្យបណ្តឹង ហើយនៅក្នុងសូរិយោដីថ្នាក់ខេត្តចំនួន៣ ពាក្យបណ្តឹងនិងទៅអភិបាលខេត្តចំនួន៧៧ពាក្យបណ្តឹង និងទៅតុលាការចំនួន១០ពាក្យបណ្តឹង ដែលមានប្រជាពលរដ្ឋរងគ្រោះ ១១០០១គ្រួសារ ដែលបានប៉ះពាល់ដីធ្លីចំនួន២៦៥១៨ ហិកតា។
លោកបានថ្លែងថា ចំនួននេះពុំមែនជាជំនួនសរុបនោះទេ គឺគ្រាន់តែចំនួនមួយប៉ុណ្ណោះ ពុំមែនជាចំនួនសរុបទាំងមូលដែលមាននោះទេ ហើយពាក្យបណ្តឹងដែលបានដាក់ថ្ងៃនេះ គឺជាពាក្យបណ្តឹងចាស់យូរណាស់មកហើយ ដែលរឿងខ្លះមានរហូតដល់១០ ឆ្នាំមកហើយ ពុំទាន់បានដោះស្រាយ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «នេះគឺជាការំលឺកឡើងវិញដល់ស្ថាប័នមានសមត្ថកិច្ច ដែលបានអូសបន្លាយនៃការដោះស្រាយបញ្ហានេះ ហើយក៏ជាការធ្វើឲ្យខ្ទរខ្ទារដល់ថ្នាក់ជាតិដែរ ពីព្រោះថារដ្ឋាភិបាលអាណត្តិថ្មីនេះ បានបង្កើតនៅគណកម្មាធិការក្រុមការងារពិសេសសម្រាប់កែទម្រង់ដីធ្លី ហើយលោកបានប្រកាសថាកំណែទម្រង់ស៊ីជម្រៅ ដូច្នេះយើងក៏បានធ្វើការងារនេះ ដើម្បីអំពាវនាវដល់រដ្ឋាភិបាល ឲ្យធ្វើការឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ដែលបានរងនូវការឈឺចាប់យូរឆ្នាំណាស់មកហើយ»។
«...តែទីបំផុតខ្ញុំរកតែដី១ដុំចិញ្ចឹមកូន មិនបាន»
ថ្លែងទាំងទឹកភ្នែកនិងអួលដើមក លោក ភួង សូរិយា តំណាងប្រជាពលរដ្ឋចំនួន ៤៧៤ គ្រួសារ មកពីឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបដែលមានទំនាស់ដីធ្លីជាមួយទាហាន បានថ្លែងឲ្យដឹងថា នៅក្នុងជម្លោះដីធ្លីនោះ អាជ្ញាធរពុំបានរកដំណោះស្រាយជូនពួកលោកនោះទេ បើទោះបីជាខាងទាហានបានបាញ់ និងគំរាមសម្លាប់គ្រួសារលោកមួយពូជក៏ដោយ ហើយក៏បានប្តឹងមកដល់ខន្ទកាល័យលោកនាយករដ្ឋមន្ត្រីជាច្រើនលើក តែពុំដែលទទួលបានលទ្ធផលនោះទេ។ លោកបានពោលដោយអួលដើមកថា៖ «ខ្ញុំឈឺចាប់ណាស់ ខ្ញុំយកជីវិតរបស់ខ្ញុំទៅបំរើជាតិ ដោយធ្វើជាទាហាន៣៤ឆ្នាំ តែទីបំផុតខ្ញុំរកតែដី១ដុំចិញ្ចឹមកូន មិនបាន»។
លោកបានថ្លែងឲ្យដឹងទៀតថា អាជ្ញាធរគេចុះមកដោះស្រាយដីឲ្យ តែគេពុំបានដោះស្រាយឲ្យពលរដ្ឋដែលរងគ្រោះពិតប្រាកដនោះទេ គឺគេដោះស្រាយឲ្យតែបក្សពួករបស់គេដែលទើបតែទិញដីមកនៅថ្មីប៉ុណ្ណោះ។ ចំណែកពលរដ្ឋរងគ្រោះពិតប្រាកដ គេចោទថាជាអ្នកបោះបោរ។ លោកបានបញ្ជាក់ដូច្នេះទៀតថា៖ «ខ្ញុំសូមអំពាវនាវឲ្យសម្តេចនាយករដ្ឋមន្ត្រី មេត្តាណែនាំកងទ័ពឲ្យបានល្អ កុំប្រើសិទ្ធិជ្រុលហួសហេតុទៅបំពានពលរដ្ឋ»។
រវាងរដ្ឋាភិបាល និងតុលាការ ...
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី ការគណៈរដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថា តាមពិតនោះរដ្ឋាភិបាលបានព្យាយាម ដោះស្រាយច្រើនមកហើយនៅរយៈពេលកន្លងមក តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ប៉ុន្តែធ្វើតាមជំហាន ប្រសិនបើពលរដ្ឋទាំងនោះ គាត់ពុំអាចរងចាំបាន គាត់អាចប្រើសិទ្ធិជាពលរដ្ឋរបស់ពួកគាត់ ដើម្បីដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការ។ លោកបានពន្យល់បន្ថែមទៀតថា ៖ «បើស្ថាប័នណាមិនដោះស្រាយ ពលរដ្ឋអាចដាក់ពាក្យបណ្តឹងនោះទៅតុលាការ។ ខ្ញុំជឿថា តុលាការនឹងដោះស្រាយ ហើយនឹងអាចរកឃើញថាអ្នកណាខុសអ្នកណាត្រូវ»។
បើយោងទៅតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១២-២០១៣ និងទិសដៅឆ្នាំ២០១៣-២០១៤ បង្ហាញឲ្យដឹងថា មកទល់ពេលនេះរដ្ឋាភិបាលកម្ពុជា បានផ្តល់គោលការណ៍វិនិយោគ ជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងបានចុះកិច្ចសន្យាជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ១២១ ក្រុមហ៊ុន លើផ្ទៃដីកិច្ចសន្យាសរុបចំនួន ១.២៣០.៣៦៤ ហិកតា ស្ថិតនៅក្នុងខេត្តចំនួន១៧ ដែលនៅក្នុងនោះ ក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ ក្រុមហ៊ុន លើផ្ទៃដីសរុបចំនួន ៦២០.៩៨៧ ហិកតា៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៤