កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

ជាថ្មីម្តងទៀត អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថា បើទោះជាគណបក្សសង្រ្គោះជាតិ កំពុងចរចាលើការកែទម្រង់ការបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅ​រក្សាគោលជំហរដដែល ចំពោះការទាមទារកន្លងមក។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀត អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថា បើទោះជាគណបក្សសង្រ្គោះជាតិ កំពុងចរចាលើការកែទម្រង់ការបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅ​រក្សាគោលជំហរដដែល ចំពោះការទាមទារកន្លងមក។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ មីនា លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហររឹងមាំជានិច្ច ទី១. ទាមទារ​ឲ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទី២. ទាមទារបោះឆ្នោតឡើងវិញ ទី៣. ទាមទារឲ្យមាន​ការកែទម្រង់​ការបោះឆ្នោត»។

អនុប្រធានគណបក្សជំទាស់រូបនេះ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងបរាជ័យចំពោះកលល្បិចរបស់ខ្លួន ដែលធ្លាប់តែទិញ សម្លុត និងបំបែកបំបាក់ ចំពោះអ្នកណាដែលមាននិន្នាការនយោបាយផ្ទុយពីខ្លួន។ លោក កឹម សុខា បានបង្ហាញការប្ដេជ្ញាចិត្តទៀតថា៖ «យើងនឹងយកជ័យជម្នះជូនប្រជាពលរដ្ឋ និងជាតិឲ្យបាន»។

ការលើកឡើងរបស់លោកកឹម សុខា គឺស្របពេលដែលក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ កំពុងបន្តជជែកគ្នាលើការកែទម្រង់ការបោះឆ្នោត។ ការចរចាលើការកែទម្រង់ការបោះឆ្នោត រវាងគណបក្សទាំងពីរ ត្រូវបានគេមើលឃើញថាចេញជាផ្លែផ្កា ជាបន្តបន្ទាប់ ហើយការចរចានេះ ក៏ជាផ្នែកមួយឈាន​ទៅទម្លាយ ភាពជាប់គាំងផ្នែកនយោបាយផងដែរ។

សម្រាប់គណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះ បើទោះជាកំពុងសហការជាមួយគណបក្សសង្រ្គោះជាតិ ក្នុងការកែទម្រង់ការបោះឆ្នោតក៏ពិតមែន តែគណបក្សដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាង៣០ឆ្នាំមកនេះ នៅ​តែ​បន្តបដិសេធ ចំពោះការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងបានចាត់ទុកការទាមទារបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ គឺជាទង្វើខុសច្បាប់។

លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គម្បីទម្លាក់ចោលផលប្រយោជន៍របស់គណបក្ស ហើយមកចាប់​យក​ផលប្រយោជន៍ជាតិឲ្យបានច្រើនជាង ជាពិសេសគួរប្រុងប្រយ័ត្ន លទ្ធភាពនៃការបែកបាក់ជាតិ អំឡុងពេល​ដែល​កម្ពុជា មានភាពជាប់គាំងផ្នែកនយោបាយ។ លោក ចាន់ សុវ៉េត បញ្ជាក់ថា៖ «ការកែទម្រង់នយោបាយ​ឲ្យបាន​សម​ស្រប ល្គឹកណា ទាល់តែគណបក្សទាំងពីរថយក្រោយមួយជំហានម្នាក់ ហើយហ៊ានលះបង់ប្រយោជន៍បុគ្គល និង​គណបក្ស»៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...