ឈ្មោះមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលអាចជាប់«បញ្ជីខ្មៅ» ត្រូវបានទម្លាយឲ្យដឹង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៥ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 26, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅរសៀល ថ្ងៃទី២៥ ខែកក្កដា នេះ រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ «Cambodia Democracy Act» ឆ្នាំ ២០១៨ ដែលមានលេខ «H.R. 5754» ដែលជាច្បាប់មួយ ស្នើឡើងដោយតំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho)។ ច្បាប់លេខ «H.R. 5754» ដែលនឹងត្រូវឆ្លងកាត់ព្រឹទ្ធសភាអាមេរិក មុននឹងឈានទៅដាក់ ឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចុះហត្ថលេខា ដើម្បីការអនុវត្តនោះ ក៏មានភ្ជាប់មកជាមួយដែរ នូវឈ្មោះមន្ត្រីរដ្ឋាភិបាលម្ពុជា យ៉ាងហោចចំនួន ១៧នាក់ ដែលអាចរងទណ្ឌកម្ម ពីសហរដ្ឋអាមេរិក។
សមាជិកសភាអាមេរិក និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោក អេដ រ៉យ (Ed Royce) បានថ្លែងនៅក្នុង សភាពេញអង្គ ដើម្បីអនុម័ត្រច្បាប់ខាងលើថា ច្បាប់នេះ មានសារៈសំខាន់ណាស់ ក្នុងការដាក់ទណ្ឌកម្ម ទៅលើ«សមាជិកទាំងអស់ នៃគូកនដ៏ជិតដិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញតួនាទីរបស់ពួកគេ ក្នុងការធ្វើឱ្យប៉ះពាល់ ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។ លោកថា៖ «ជាពិសេស ច្បាប់នេះ នឹងរារាំងបុគ្គលទាំងនេះ ក្នុងការជាន់ជើង ចូលទឹកដីសហរដ្ឋអាមេរិក និងរាំងខ្ទប់ផលប្រយោជន៍ ឬទ្រព្យសម្បត្តិ ដែលពួកគេអាចមាន»។
បើទោះជាលោក អេដ រ៉យ បានថ្លែងថា ការដាក់មន្ត្រីទាំងអស់នោះ ចូលក្នុង«បញ្ជីខ្មៅអាមេរិក» ត្រូវធ្វើឡើង ដោយអាស្រ័យលើប្រធានាធិបតី ជាអ្នកកំណត់នោះក៏ដោយ ប៉ុន្តែឈ្មោះមន្ត្រីរដ្ឋាភិបាលកម្ពុជា «ដែលចាំបាច់» យ៉ាងហោចចំនួន១៧នាក់ ត្រូវបានប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិករូបនេះ បង្ហើបចេញឲ្យដឹងជាសាធារណៈ ដូចខាងក្រោម៖
១) លោក ហ៊ុន សែន៖ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា
២) លោក ស ខេង៖ ឧបនាយករដ្ឋមន្ត្រី - រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
៣) លោក ទៀ បាញ់៖ ឧបនាយករដ្ឋមន្ត្រី - រដ្ឋមន្ត្រីការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា
៤) លោក អូន ព័ន្ធមុនីរ័ត្ន៖ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
៥) លោក កើត រិទ្ធ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
៦) លោក ស៊ុន ចាន់ថុល៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
៧) លោក ប្រាក់ សុខុន៖ ទេសរដ្ឋមន្ត្រី - ជារដ្ឋមន្ត្រីការបរទេស និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
៨) លោក ឱម យិនទៀង៖ ទេសរដ្ឋមន្ត្រី - ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ - ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
៩) លោក ប៉ុល សារឿន៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ - សមាជិកក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់ - អគ្គមេបញ្ជាការកងខេមរភូមិន្ទ និងជាសមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈប្រចាំការ នៃគណបក្សប្រជាជនកម្ពុជា
១០) លោក នេត សាវឿន៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ - ស្នងការនគរបាលជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា
១១) លោក គន់ គីម៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ - អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា
១២) លោក សៅ សុខា៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ - អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ - មេបញ្ជាការកងរាជអាវុធហត្ថ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
១៣) លោក ហ៊ីង ប៊ុនហៀង៖ ឧត្ដមសេនីយ៍ផ្កាយមាស៤ - អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
១៤) លោក ជួន សុវណ្ណ៖ ស្នងការរងនគរបាលជាតិ - ស្នងការនគរបាលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
១៥) លោក ហ៊ុន ម៉ាណែត៖ ឧត្ដមសេនីយផ្កាយមាស៣ - អគ្គមេបញ្ជាការរងកងទ័ពជើងគោក នៃកងខេមរភូមិន្ទ - កូនប្រុសលោក ហ៊ុន សែន និងជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា
១៦) លោក សុខ ពុទ្ធីវុធ៖ ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា - នាយកក្រុមហ៊ុន សោមា រួមនឹងក្រុមហ៊ុនផ្សេងទៀត - និងជាកូនប្រសារលោក ហ៊ុន សែន
១៧) អ្នកស្រី ហ៊ុន ម៉ាណា៖ នាយិកាក្រុមហ៊ុន បាយ័នមេឌៀ រួមនឹងក្រុមហ៊ុនផ្សេងទៀត និងជាកូនស្រីលោក ហ៊ុន សែន៕