តុលាការចេញដីកា«គប្បី»ចាប់ខ្លួន យុវជនពីររូបរបស់ CNRP
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីការចាកចេញ របស់ប្រធានស្ដីទី របស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីប្រទេសកម្ពុជាបានពីរថ្ងៃ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនអ្នកកាន់ទំព័រហ្វេសប៊ុក (Facebook page) ផ្លូវការ របស់លោក សម រង្ស៊ី និងជំនួយការរបស់លោក ហុង សុខហួរ ទាំងពីរនាក់ ពីបទសមគំនិត ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។
តាមប្រភពព័ត៌មានច្បាស់ការ ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ ក្រៅពីការចាកចេញ ពីប្រទេសកម្ពុជារបសល់លោក កឹម សុខា នៅឯសាលាដំបូងរាជធានីភ្នំពេញវិញ កំពុងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សត្យា សម្បត្តិ (សម្បត្តិ សត្យា) និង ឈ្មោះ អ៊ុង ជុងលាង។ លោកបន្តថា តែយុវជនទាំងពីររូបនេះ បានគេចខ្លួនទៅក្រៅប្រទេស បន្ទាប់ពីការចាប់ខ្លួនលោក ហុង សុខហួរ នាពេលកន្លងមកនេះ។
មន្រ្តីជាន់ខ្ពស់រូបនេះ បានអះអាងថា ការចេញដីកាឲ្យចាប់ខ្លួននេះ បន្ទាប់ពីការស្វែងរកដំណោះស្រាយ ផ្នែកនយោបាយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា របស់លោក កឹម សុខា ដែលមានវត្តមានក្នុងស្រុក ក្នុងមួយរយៈពេលខ្លី បានជួបនឹងភាពបរាជ័យ។ ដូច្នេះ លោកសម្រេចចិត្តចេញក្រៅ ដើម្បីជួបពិភាក្សា ជាមួយលោក សម រង្ស៊ី ធ្វើការពិភាក្សាគ្នា ពីយុទ្ធសាស្ត្រ និងដំណោះស្រាយនយោបាយនៅកម្ពុជា។ មន្ត្រីដដែលបានថ្លែងទៀតថា ការគ្រប់គ្រងគណបក្ស នៅប្រទេសកម្ពុជា លោក ប៉ុល ហំម ត្រូវឡើងជាប្រធានស្តីទី។ សម្រាប់វត្តមាន លោក សម ង្ស៊ី មកកម្ពុជាលោកថា មិនដឹងថ្ងៃច្បាស់ទេ តែសម្រាប់លោក កឹម សុខា អាចនឹងត្រឡប់មកវិញ នៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។
លោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីការចេញដីកាបង្គាប់ ឲ្យចាប់ខ្លួននោះបានឡើយ។ តែបើយោងតាមដីកានោះ បានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនឈ្មោះ សត្យា សម្បត្តិ (សម្បត្តិ សត្យា) និងឈ្មោះ អ៊ុង ជុងលាង ដែលមានសាវតាជាតិគ្រប់គ្រាន់ ប្រគល់មកជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជនជាប់ចោទទាំងពីររូប ត្រូវបានសាលាដំបូងផ្តន្ទាទោស តាមមាត្រា២៩, មាត្រា៦២៩, មាត្រា៦៣០ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
«ដីកា... គប្បី»
ដីកាចេញដោយលោក កោ វណ្ឌី បានសរសេរថា៖ «តំណាងអយ្យការ បានផ្តល់យោបល់ ចុះថ្ងៃទី១៩ ខែវិច្ឆិកា បញ្ជាក់ថាៈ ក្រោយពីបានពិនិត្យរបាយការណ៍ របស់មន្រ្តីនគរបាល ឃើញថា ឈ្មោះ សត្យា សម្បតិ្ត (សម្បតិ្ត សត្យា) បានរត់គេចខ្លួន មានសាវតាជាតិគ្រប់គ្រាន់ គម្បីចាប់ខ្លួនឈ្មោះ សត្យា សម្បតិ្ត (សម្បតិ្ត សត្យា)។»
សូមបញ្ជាក់ថា កាលពីថ្ងៃទីទី២៤ ខែវិច្ឆិកា លោក កឹម សុខា បានអះអាងថា ការវិលត្រឡប់មកប្រទេសកម្ពុជា របស់លោកនាពេលនេះ ព្រោះតែលោកចង់ឃើញស្ថានភាពនយោបាយ វិលទៅរកភាពដើម។ ហើយទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចបន្តធ្វើការងាររួមគ្នា ដើម្បីប្រយោជន៍ជាតិ និងពលរដ្ឋទាំងមូល។ យ៉ាងណា លោកអះអាងថា នឹងរកវិធីដោះស្រាយបញ្ហានយោបាយទាំងនេះ ប្រកបដោយឆន្ទៈ សន្តិភាព និងសន្តិវិធី៕
» ដីការបស់តុលាការទាំងស្រុង៖