សាយ បូរី៖ «បី​ករណី» ដើម្បី​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

បញ្ហាស្ថានការនយោបាយនៅកម្ពុជា ចេះតែបន្តរជាប់គាំង និងមិនមានដំណោះស្រាយណាមួយសមស្របនៅឡើយ មកទល់នឹងពេលនេះ រវាងគណបក្សជាប់ឆ្នោតធំៗទាំងពីរ។ គណបក្សសង្គ្រោះជាតិងាកស្វែងរកការគាំទ្រពីអន្តរជាតិ ជួយដោះស្រាយវិបត្តនេះ ខណៈគណបក្សប្រជាជនកម្ពុជាបដិសេធ ថានៅមិនទាន់ដល់ពេល ដែលត្រូវការ​អន្តរជាតិ​លូកដៃចូល ក្នុងកិច្ចការនយោបាយនៅកម្ពុជានោះទេ។ គណបក្សកាន់អំណាចតែងតែលើកឡើងថា ត្រូវប្រើ​ប្រាស់​នូវ​«យន្ដការ»ក្នុងស្រុកឲ្យអស់លទ្ធភាព ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 31, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាស្ថានការនយោបាយនៅកម្ពុជា ចេះតែបន្តរជាប់គាំង និងមិនមានដំណោះស្រាយណាមួយសមស្របនៅឡើយ មកទល់នឹងពេលនេះ រវាងគណបក្សជាប់ឆ្នោតធំៗទាំងពីរ។ គណបក្សសង្គ្រោះជាតិងាកស្វែងរកការគាំទ្រពីអន្តរជាតិ ជួយដោះស្រាយវិបត្តនេះ ខណៈគណបក្សប្រជាជនកម្ពុជាបដិសេធ ថានៅមិនទាន់ដល់ពេល ដែលត្រូវការ​អន្តរជាតិ​លូកដៃចូល ក្នុងកិច្ចការនយោបាយនៅកម្ពុជានោះទេ។ គណបក្សកាន់អំណាចតែងតែលើកឡើងថា ត្រូវប្រើ​ប្រាស់​នូវ​«យន្ដការ»ក្នុងស្រុកឲ្យអស់លទ្ធភាព ជាពិសេសច្បាប់រដ្ឋធម្មនុញ្ញ។


ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះ​ឆ្នាំ​២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)

ច្បាប់ - សាធារណៈមតិទូទៅបានសង្កេត និងធ្វើការវាយតម្លៃនៃការអះអាងខាងលើថា រាល់ការអនុវត្តជាក់ស្តែង​នៅ​ក្នុងអំឡុងពេលនេះ ពេលប្រជាពលរដ្ឋធ្វើការជួបជុំម្តងៗ រដ្ឋាភិបាលតែងតែដាក់កម្លាំងមករារាំង ទប់ស្កាត់ ហាមឃាត់ ឬមកបង្ក្រាបជារឿយៗ។ ពិសេសជាងនេះទៅទៀត ការប្រើប្រាស់កម្លាំងរបស់រដ្ឋាភិបាលជ្រុលហួសប្រមាណ ជា​កម្លាំងស៊ីឈ្នួល ដែលជួលពីក្រុមហ៊ុនឯកជនដែលជាករណី«ខុស»ច្បាប់មួយទៅហើយ។ ចំណែកឯ​ការវាយ​បង្ក្រាប (ឯកជនវាយឯកជន) ដោយការបង្ហូរឈាមរបស់បាតុករ គ្រាប់តែសុំរសើនៅសមរម្យនោះ (វា)ជាការរំលោភ​ច្បាប់​មួយទៀត។ តែរាល់ករណីទាំងនេះរដ្ឋាភិបាលក៏ធ្លាប់បានលើកឡើងជារឿយៗក្នុងការការពារខ្លួនថា ធ្វើតាមច្បាប់ ឯការ​វាយបង្ក្រាប ឬបាញ់សម្លាប់បាតុករនោះ គ្រាន់តែជាការការពារខ្លួនស្របច្បាប់ របស់អាជ្ញាធរមាន​សមត្ថកិច្ច​ប៉ុណ្ណោះ។

ទាក់ទងនឹងការប្រើប្រាស់អំណាច​របស់អាជ្ញាធរ ដូចករណីការបង្ក្រាប​នៅ​មុខក្រសួង​ព័ត៌មាន​កាលពីថ្ងៃទី២៧ ខែ​មករា​កន្លងមក​នេះ មតិប្រជាពលរដ្ឋបានលើកឡើងទៀតថា រដ្ឋាភិបាល​បច្ចុប្បន្ននេះ ចេះតែបៀមច្បាប់ក្នុង«មាត់» សម្រាប់ខ្លួនយកមកធ្វើជា«ឧបករណ៍» ដើម្បីបំរើឲ្យនយោបាយរបស់​ខ្លួន​ប៉ុណ្ណោះ។ ពេលនោះច្បាប់​ក៏នឹងក្លាយ​ជា​«ចំណាប់ខ្មាំង»នៃគណបក្សនយោបាយ និងអ្នកដែលកំពុង​តែមាន​អំណាច​ក្នុងដៃដែរ។

«កាលណាច្បាប់គ្រាន់តែជាឧបករណ៍នយោបាយ ដូចក្នុងដំណាក់កាលទី២នៃប្រវត្តិនីតិរដ្ឋ ច្បាប់អស់តម្លៃ ស្ថានភាព​ប្រទេសនឹងច្របូកច្របល់។ ពេលនោះ ច្បាប់ក្លាយជាចំណាប់ខ្មាំង របស់បក្សនយោបាយ។ រដ្ឋធម្មនុញ្ញក៏ក្លាយ​ទៅ​ជា​ក្រដាសដែលគេក្រវីឡើងសម្រាប់ គំរាមអ្នកដទៃ ឬសម្រាប់និយាយឥតបានការអ្វី។» នេះជាកាលើកឡើង​របស់​លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យច្បាប់នៃប្រទេសកម្ពុជា ពីទីក្រុងប៉ារីស ពេលដែលលោកកំពុងសម្រាក​ពិនិត្យ​សុខភាព។

នៅក្នុងហ្វេសប៊ូកផ្លូវការរបស់លោក សាយ បូរី កាលពីថ្ងៃទី១៦ ខែមករា សាស្ត្រាចារ្យច្បាប់រូបនេះ បានលើកឡើង​ក្រោយពីមានហេតុការណ៍នៃការបង្ក្រាប់យ៉ាងចាស់ដៃនៃអាជ្ញាធរ ដែលបានប្រើប្រាស់នូវកម្លាំងរបស់ជាតិ ទៅ​លើ​ក្រុមបាតុករ នៅផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រ យ៉ាក ជីន ថាច្បាប់«គ្រាន់»តែជាឧបករណ៍នយោបាយ។ ដល់​ពេលនោះ វានឹងនាំឲ្យមានទុក្ខរបៀបណាដល់ប្រជារាស្រ្ត។

សាស្រ្តាចារ្យរូបនេះ បានពន្យល់នូវករណីទីពីរថែមទៀត ដោយបានបញ្ជាក់ថា បើករណីដែលច្បាប់«ជា»​ឧបករណ៍​នយោបាយ ដែលជាលក្ខខណ្ឌមួយដើម្បីបំរើឧត្តមគតិយុត្តិធម៌ និងជួយដោះស្រាយ វិបត្តិនយោបាយក្នុងសង្គម និង​ក៏ដើម្បីធ្វើឲ្យអ្វីៗ​មានប្រក្រតីភាពឡើងវិញផងដែរ។ លោកបានផ្តល់នូវន័យសំខាន់នៃករណីទីពីរនេះថា «ច្បាប់នឹង​ទៅជាមធ្យោបាយសន្តិវិធីមួយ ដ៏ត្រជាក់ និងដ៏មានប្រសិទ្ធភាព។»

ជាមួយគ្នានេះដែរ លោកក៏បានស្នើនូវការចូលរួមគំនិត ក្នុងនាមលោកជាអ្នកច្បាប់មួយរូប ដើម្បីរកដំណោះស្រាយ​វិបត្តិនយោបាយសព្វថ្ងៃ ដោយយោងតាមទ្រឹស្តី«ច្បាប់ជាឧបករណ៍នយោបាយ» ជាបីករណី៖

ករណីទីមួយបានលោកបានលើកឡើងថា «មេដឹកនាំនៃគណបក្សទាំងពីរនិយាយដូចគ្នាថាត្រូវចរចារគ្នា។ នេះជា​ចំណុចល្អមួយហើយ។ ប៉ុន្តែ តើគេចរចាពីអ្វីកើត បើម្នាក់ៗប្រកាន់ជំហរ ដាច់ណាត់រៀងៗខ្លួន?»

ករណីទីពីរលោកបានបន្តរថា «ពាក្យថា“ចរចា” ត្រូវមានន័យថា គេអាចធ្វើសម្បទានទៅវិញទៅមក លើជំហរ​រៀងៗ​ខ្លួន។ ដូច្នេះជំហរអាចនៅដដែល ប៉ុន្តែមិនដាច់ណាត់។» ជាមួយនឹងការពន្យល់នូវពាក្យថាចរចានេះ លោកក៏បាន​ធ្វើការ​«ឧបមា»ពីរករណីថា ទីមួយសម្រាប់ជំនួបនៃគណបក្សនយោបាយធំៗ ទាំងពីរដែលយល់ព្រមលើចំណុច​មួយ​ចំនួនដូចជា តំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ ត្រូវទៅស្បថចូលកាន់តំណែង ដើម្បីធ្វើច្បាប់​នានា​ចាំបាច់សម្រាប់ធ្វើការបោះឆ្នោតឡើងវិញ នៅក្នុងខែកុម្ភ: ឆ្នាំ២០១៥។

សម្រាប់ពេលវេលានៃការរៀបចំច្បាប់នានា ដែលនឹងត្រូវតាក់តែង ឬធ្វើវិសោធនកម្មក្រោយពីការចូលរួម​នៃ​គណបក្ស​សង្គ្រោះជាតិក្នុងរដ្ឋសភានោះលោកបានបញ្ជាក់ថា «ពេលវេលាប៉ុណ្ណេះ អាចគ្រប់គ្រាន់ហើយ»។ ឧបមាទីពីរ លោក​បានលើកឡើងថា ត្រូវធ្វើវិសោធនកម្មមាត្រា៧៨ វាក្យខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ ដូចតទៅ «នីតិកាលរបស់រដ្ឋសភា​មាន​កំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែល រដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុន​ផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយ: ១២ខែ ឬដែល​ប្រទេសជាតិជួបវិបត្តិនយោបាយធ្ងន់ធ្ងរ បង្ខំឲ្យបោះឆ្នោតឡើងវិញ តាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា អនុម័ត​ដោយមតិភាគ ច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។»

ចំណុចទីបីគណបក្សទាំងពីរ ត្រូវចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ផ្សព្វផ្សាយជាសាធារណ: និងជាឱឡារិក ទូទាំងប្រទេស នូវចំណុចទី១និងទី២ខាងលើនេះ ដើម្បីឲ្យប្រជាជាតិបានដឹងឭទាំងអស់គ្នា៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...