Freedom House៖ ហ៊ុន សែន ដូរយុទ្ធសាស្ត្រមកបង្ក្រាបសារព័ត៌មាន
- ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មេសា ២០១៧
- កែប្រែចុងក្រោយ: May 01, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្ដងទៀត ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងការរិះគន់ ពីសំណាក់របាយការណ៍ របស់អង្គការអន្តរជាតិមួយ ដែលអះអាងថាកម្ពុជា គឺជាប្រទេសដែល«គ្មានសរីភាព» ខាងសារព័ត៌មាន។ អង្គការនោះបានព្យាករណ៍ថា កម្ពុជាអាចនឹងមាន «ការបង្ក្រាប» កាន់តែធ្ងន់ធ្ងរថែមទៀត នៅមុនការបោះឆ្នោត ខិតជិតមកដល់។ ប៉ុន្តែការលើកឡើងនោះ ត្រូវបានមន្ត្រីរដ្ឋាភិបាលច្រានចោល និងបរិហាររបាយការណ៍នេះ ថាចេះតែវាយប្រហារ ទៅលើប្រទេសកម្ពុជា ទាំងបិទភ្នែក។
របាយការណ៍ ចេញផ្សាយកាលពីសប្ដាហ៍មុន របស់អង្គការ «Freedom House» បានហៅប្រទេសកម្ពុជា ថាជាប្រទេស «គ្មានសេរីភាព» សម្រាប់វិស័យសារព័ត៌មាន និងបានដាក់ចំណាត់ថ្នាក់យ៉ាងទាប ឲ្យដល់ប្រទេសមួយនេះ (ជាប់លេខទី៣៣ ពីក្នុងចំណោម៤០ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីភិក និងលេខទី១៥២ ពីក្នុងចំណោម១៥៨ប្រទេស នៅលើពិភពលោក)។ នៅក្នុងរបាយការណ៍ដដែល បានពន្យល់បន្តថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសកម្ពុជាអាចក្លាយជាទិសដៅថ្មី នៃការបង្ក្រាប ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែបុរសខ្លាំងកម្ពុជា ចង់ជៀសវាង ការបង្ក្រាបដដែលៗ ដែលធ្លាប់ធ្វើកន្លងមក ក្នុងអំឡុងការបោះឆ្នោត ឆ្នាំ២០១៣។
អង្គការអន្តរជាតិ ដែលមានមូលដ្ឋាន ក្នុងរដ្ឋធានី វ៉ាស៊ីតោន សហរដ្ឋអាមេរិក បានសរសេរ នៅក្នុងរបាយការណ៍នោះថា៖ «ដោយចង់ជៀសវាងការបង្ក្រាបដដែលៗ ដែលធ្លាប់កើតមាន ក្នុងអំឡុងការបោះឆ្នោត ឆ្នាំ ២០១៣ និងដែលធ្វើឲ្យបក្សប្រឆាំង ទទួលបានអាសនៈច្រើននោះ យុទ្ធសាស្ត្រថ្មី របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ អាចក្លាយទៅជាការបង្ក្រាប ទៅលើប្រព័ន្ធផ្សព្វផ្សាយ ឲ្យបានមុនការបោះឆ្នោត»។
របាយការណ៍របស់ អង្គការ «Freedom House» បានប្រកាសឲ្យដឹង តែប៉ុន្មានថ្ងៃក្រោយការចេញផ្សាយ នូវបញ្ជីចំណាត់ថ្នាក់ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») ដែលបានដាក់ប្រទេសកម្ពុជា នៅក្នុងចំណាត់ថ្នាក់មួយ អន់ជាឆ្នាំទៅម៉ិញ ចំនួន៤លេខ និងអន់ជាងប្រទេសបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសភូមា។
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានទីស្នាក់ការធំ នៅក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង បានសរសេរពន្យល់ ជាមួយនឹងចំណាត់ថ្នាក់ថ្មីនេះថា វិស័យសារព័ត៌មាននៅកម្ពុជា បានរងនូវការត្រួតពិនិត្យយ៉ាងតឹងតែង ពីសំណាក់របបដឹកនាំ របស់លោក ហ៊ុន សែន។ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ នៅក្នុងប្រទេស សុទ្ធសឹងជាសមាជិកក្រុមគ្រួសារ និងអ្នកជិតដិត របស់របបដឹកនាំមួយនេះ។ ការធ្វើរបាយការណ៍ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ទៅលើការធ្វើនេសាទខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិ តែងបានរងការចោទប្រកាន់ ត្រឡប់មកវិញ ពីការផ្សាយព័ត៌មាន«បរិហារកេរ្តិ៍» ឬពីការធ្វើឲ្យខូច ដល់«រូបភាព»របស់ប្រទេស។
អង្គការអន្តរជាតិដែលមានជំនាញ ខាងការឃ្លាំមើល ពីសិទ្ធិសេរីភាព នៃអ្នកយកព័ត៌មាន នៅជុំវិញពិភពលោក បានសរសេរបន្តទៀតថា៖ «ក្រោយពីមានឃាតកម្ម ទៅលើលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ និងសង្គមដ៏ល្បីឈ្មោះនោះរួច សារព័ត៌មានជាច្រើន ដូចយ៉ាង "The Phnom Penh Post" និង "The Cambodia Daily" ជាដើម បានរងនូវការវាយប្រហារ យ៉ាងហិង្សា ពីសំណាក់សមាជិកក្រុមគ្រួសារ របស់លោក ហ៊ុន សែន និងបានរងនូវការគម្រាមកំហែង ពីសំណាក់ជនអនាមិក»។
សម្រាប់មន្ត្រីរដ្ឋាភិបាលវិញ របាយការណ៍ទាំងប៉ុន្មានខាងលើ គឺជាយុទ្ធនាការថ្មីៗទៀត ដើម្បីវាយប្រហារប្រទេសកម្ពុជា ពីសំណាក់អង្គការទាំងនោះ។ អ្នកនាំពាក្យក្រសួងព័ត៌មាន និងជាអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានកម្ពុជា លោក អ៊ុក គឹមសេង បានច្រានចោលរបាយការណ៍ទាំងនោះ ដោយពន្យល់ថា កម្ពុជាបានអនុញ្ញាត ឲ្យបើកឡើងជាច្រើន នូវព្រឹត្តិបត្រ ទូរទស្សន៍ និង វិទ្យុ ដែលសុទ្ធសឹង ជាការផ្សព្វផ្សាយដោយសេរី។
លោក អ៊ុក គឹមសេង បានថ្លែងប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក ថា៖ «ខ្ញុំគិតថា អ្នកដែលកត់ត្រាហ្នឹង គាត់ចេះតែកត់ទៅ កត់ពីរឿងអី កត់ពីរឿងអី គាត់មិនបានដឹងស្ថានភាពពិត ដែលកើតឡើងនៅកម្ពុជាទេ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថា ទាំងអស់គ្នា ទាំងអ្នកសារព័ត៌មានបោះពុម្ភ ទាំងវិទ្យុ ទាំងទូរទស្សន៍ ទាំងអនឡាញ យើងឃើញថា យើងបានធ្វើការងារគ្រប់យ៉ាង តាមដែលយើងកំណត់ថា អ្វីជាសេរីភាពសារព័ត៌មាន។»។
ករណីចុងក្រោយបង្អស់ ដែលបានកើតឡើង ទៅលើអ្នកសារព័ត៌មាន គឺការកោះហៅលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ផ្នែកខេមរភាសា របស់វិទ្យុអាស៊ីសេរី ឲ្យចូលទៅឆ្លើយបំភ្លឺ នៅក្នុងតុលាការ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ បានចូលទៅសួរសុខទុក្ខអ្នកទោស នៅក្នុងពន្ធនាគារ ជាមួយក្រុមតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍មុន។ អាជ្ញាធរបានហៅ ទង្វើរបស់លោក ហួត វុទ្ធី ជាការបន្លំខ្លួន ដែលអាចមានទោស តាមច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជា ខណៈស្ថាប័នវិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍ បរិហារចំណាត់ការទាំងនេះ ទៅលើបុគ្គលិករបស់ខ្លួន ថាជាការ«គម្រាមកំហែងធ្ងន់ធ្ងរ» នៅមុនកាលបោះឆ្នោតមកដល់។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏បានថ្លែងប្រហាក់ប្រហែល នឹងលោក អ៊ុក គីមសេង ដែរ។ ប៉ុន្តែលោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា សមាជិកសារព័ត៌មាន ដែលជំរុញឲ្យមាន «ការបះបោរ» ឬ «អស្ថិរភាព» នៅក្នុងសង្គម អាចនឹងត្រូវផ្តន្ទាទោស។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីរូបនេះ បានបន្តថ្លែងឡើងថា៖ «ពួកគេត្រូវតែគោរពច្បាប់កម្ពុជា។ ប្រសិនបើពួកគេបំពានច្បាប់ តុលាការនឹងដាក់ទោសទណ្ឌពួកគេ។»៕