«ស្អែកព្រឹកកាលពី២ឆ្នាំមុន ជាថ្ងៃដែលបងបានចាកចេញឆ្ងាយ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 09, 2018
- ប្រធានបទ: ខួបពីរឆ្នាំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃទី១០ ខែកក្កដា កាលពីពីរឆ្នាំមុន គឺជាថ្ងៃដែលបានផ្លាស់ប្ដូរ នូវរបត់នយោបាយខ្មែរ ហើយក៏ជាថ្ងៃដ៏តក់ស្លុតខ្លោចផ្សារ សម្រាប់បណ្ដាអ្នកគោរពស្រឡាញ់ ជាពិសេសសម្រាប់ក្រុមគ្រួសារញាតិមិត្ត នៃលោកបណ្ឌិត កែម ឡី បន្ទាប់ពីលោក ត្រូវបានពេជ្ឈឃាតឈាមត្រជាក់ បាញ់សម្លាប់ទាំងព្រឹក កណ្ដាលរាជធានីភ្នំពេញ ដែលកកកុញដោយមនុស្សម្នា។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានវិលត្រឡប់មកថ្លែងឡើងវិញ ពីអារម្មណ៍ឈឺចាប់ខ្លោចផ្សារ ដែលភរិយាណាមិនយំ នៅចំពោះព្រឹត្តិការណ៍បាញ់សម្លាប់ស្វាមី ដ៏សាហាវព្រៃផ្សៃបែបនេះ។ អ្នកស្រីបានជ្រើសរើស យកទំព័រផ្លូវការកាលពីមុន របស់លោក កែម ឡី ដើម្បីបង្ហោះនូវពាក្យពេជន៍ទាំងនោះ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ យកមកចុះផ្សាយជូនទាំងស្រុង ដូចខាងក្រោម៖
ពីរឆ្នាំកន្លងផុតទៅ សេចក្តីស្រឡាញ់ សុភមង្គល និងភាពរីករាយ បានត្រឹមឲ្យនាងខ្ញុំត្រឹមការអោបក្រសោប នូវរាល់ការចង់ចាំរបស់ ស្វាមីនាងខ្ញុំ។
- ខ្ញុំចងចាំ ពេលយើងទៅញាំគុយទាវ ពេលព្រឹកជុំគ្នា
- ខ្ញុំចងចាំ ពេលបងត្រឡប់មកដល់ផ្ទះវិញ ពិសារបាយ
- ខ្ញុំចងចាំ ពេលបងជូនអូនទៅផ្សារ
- ខ្ញុំចងចាំ ពេលបងសើចលេង ជាមួយនឹងកូនៗ
- ខ្ញុំចងចាំ រាល់ពេលយេីងសប្បាយរីករាយ និងពេលកេីតទុក្ខ
អូនចងចាំ សកម្មភាពគ្រួសាររបស់ពួកយើង តែពលរដ្ឋខ្មែរចងចាំ ការលះបង់របស់បង។ ជាប្រពន្ធ និងជាកូនៗរបស់បង ពួកយើង រំភើប ពីព្រោះថា រូបបងមិនត្រឹមតែស្ថិតក្នុងចិត្ត របស់អូននិងកូនៗ ទេ បងស្ថិតនៅក្នុងការចងចាំ របស់ពលរដ្ឋខ្មែរ។ ពួកគេបានដាក់ងារ ឱ្យបងថា លោក បណ្ឌិត កែម ឡី។
ស្អែកព្រឹក កាលពី២ឆ្នាំមុន ជាថ្ងៃដែលស្វាមីនាងខ្ញុំ បានចាកចេញឆ្ងាយ។ យុត្តិធម៌ ក៏ហាក់នៅឆ្ងាយ សែនឆ្ងាយ។ នៅក្នុងចិត្តនាងខ្ញុំ ក៏ប្រហែលជាមិនខុស ពីក្នុងចិត្ត លោកអុំ អ្នកមីង លោកពូ និងបងស្រីបងប្រុស ដែលស្រឡាញ់គាត់ដែរ ទោះបីយើងមិននិយាយចេញ តែគ្រប់គ្នាដឹងថា មានអ្វីបានកើតឡើង ចំពោះស្វាមីនាងខ្ញុំ។ ពួកយើងស្ងៀមស្ងាត់មែន ប៉ុន្តែក្នុងចិត្តពួកយើងដឹង និងយល់ច្បាស់ ពីទង្វើព្រៃផ្សៃនេះ។
ទោះសរសេរច្រើនជាងនេះ ក៏មិនអាចទាមទារ ឱ្យស្វាមីនាងខ្ញុំត្រឡប់មកវិញដែរ។ តែនាងខ្ញុំជឿជាក់ថា នឹងមានថ្ងៃមួយមកដល់ ដែលឃាតករពិត នឹងសងនូវរាល់អ្វីៗ ដែលគេបានធ្វើ។ សូមវិញ្ញាណក្ខន្ធបង តាមជួយថែរក្សាក្រុមគ្រួសារ និងពលរដ្ឋខ្មែរគ្រប់រូប ឱ្យទទួលបានសេចក្តីសុខ និងយុត្តិធម៌។
ក្នុងឱកាសគម្រប់ខួបពីរឆ្នាំនេះ នាងខ្ញុំសូមប្តូររូប ក្នុងផេកមួយនេះ ទៅជាពណ៌ខ្មៅ នឹងមិនបង្ហោះអ្វីទាំងអស់ ចាប់ពីម៉ោង ១២យប់នេះទៅ រយៈពេល ២៤ម៉ោង ដើម្បីឧទ្ទិស ការឈឺចាប់ ការនឹកស្រណោះ ការស្រឡាញ់ ការគោរព និងការចងចាំ វីរៈជនក្នុងចិត្ត៕