ក្រសួងមហាផ្ទៃមិនដឹង ពីបក្សសង្រ្គោះជាតិចុះជួបជនសង្ស័យ២៣នាក់
បើទោះជាគណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សខ្លួននឹងចូលសួរសុខទុក្ខជនទាំង២៣នាក់ ក្នុងពេលដ៏ខ្លីខាងមុខនេះក៏ដោយ ក៏មន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក៏ដូចជាអង្គភាពពាក់ព័ន្ធ មិនទាន់បានទទួលពាក្យស្នើចូលជួបជនទាំង២៣នាក់ ពីគណបក្សសង្រ្គោះជាតិនៅឡើយ ហើយក៏មិនទាន់មានការសម្រេចឲ្យគណបក្សសង្រ្គោះជាតិ ចូលសួរសុខទុកជនទាំង២៣នាក់នោះដែរ។
លោក វ៉ន ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា នៅក្នុងការតវ៉ារបស់លោក ជាមួយកម្មករ នៅមុខការចាប់ខ្លួន។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - លោក គឹម សារិន ប្រធាននាយកដ្ឋានអប់រំកែប្រែ នៃក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា៖ «រឿងគណបក្សសង្រ្គោះជាតិ ចូលសួរសុខទុកជន២៣នាក់ ជារឿងរបស់ពួកគាត់។ តែក្រសួងមហាផ្ទៃ និងនាយកដ្ឋានអប់រំកែប្រែ មិនទាន់ដឹងទេ។ ខ្ញុំអត់ដឹងលឺអីទេ។ ក្រសួង មហាផ្ទៃមិនទាន់ជូនតំណឹងមកខាងខ្ញុំផង អត់មានអីទេ។ ទទេ។»
ចំពោះស្ថានភាពសុខភាព និងលក្ខខណ្ឌរស់នៅរបស់ជនទាំង២៣នាក់ លោក គឹម សារិន អត្ថាធិប្បាយថា ជនសង្ស័យទាំង២៣នាក់ មានការរស់នៅដូចជនសង្ស័យផ្សេងទៀត។ តែសម្រាប់ក្រុមអង្គការសង្គមស៊ីវិល និងក្រុមគ្រួសារ ជនទាំង២៣នាក់ ដែលបានចូលសួរសុខទុកជនទាំង២៣នាក់ កាលពីពេលកន្លងមក បានអះអាងថា ស្ថានភាពសុខភាពរបស់ជនទាំង២៣នាក់ មិនមានភាពល្អប្រសើរនោះទេ។
ការលើកឡើងរបស់ប្រធាននាយកដ្ឋានអប់រំកែប្រែ នៃក្រសួងមហាផ្ទៃរូបនេះ បានធ្វើឡើងក្រោយពេល គណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ តាមរយៈសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ដោយមានបញ្ជាក់ពីថ្ងៃខែចុះសួរសុខទុក្ខនោះ ច្បាស់ៗថា៖ «នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិ នឹងចូលទៅសួរសុខទុកពលរដ្ឋទាំង២៣នាក់ ដែលត្រូវបានចាប់ខ្លួន និងកំពុងឃុំខ្លួន»។
គួររម្លឹកថា លោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមនុស្សចំនួន២២នាក់ទៀត ត្រូវបានសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួន កាលពីថ្ងៃទី០២ និងទី០៣ ខែមករា ឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នា យ៉ាងហិង្សារវាងកម្លាំងសមត្ថកិច្ច និងក្រុមបាតុករ នៅរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវវេងស្រេង។
ក្រោយពីការចាប់ខ្លួនជនទាំង២៣នាក់ ដែលរដ្ឋាភិបាលចាត់ទុកថាជា«ជនល្មើស» ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅឃុំក្នុងពន្ធនាគារ ត្រពាំងថ្លុង លើទឹកដីខេត្តកំពង់ចាម ក្បែរព្រំដែនវៀតណាម ដើម្បីរង់ចាំការផ្តន្ទាទោស។ តែសម្រាប់ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សកម្មជនដីធ្លី និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ បានចាត់ទុកជនទាំង២៣នាក់នោះ ថាជាជនរងគ្រោះដោយ«អយុត្តិធម៌» នឹងកំពុងទាមទារឲ្យដោះលែងពួកគេ ដោយបានធ្វើការតវ៉ា និងដាក់ញត្ដិជាបន្ដបន្ទាប់តាមបណ្តាស្ថានទូតនានា ជាពិសេសប្រទេសមហាអំណាច ប្រចាំកម្ពុជា៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤