នរោត្តម អរុណរស្មី នឹងយាងទៅធ្វើទស្សនកិច្ចនៅជប៉ុន
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានថ្វាយព្រះលិខិតសូមព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ ធ្វើទស្សនកិច្ចរយៈពេល១សប្តាហ៍នៅប្រទេសជប៉ុន ស្របនឹងឱកាសនៃខួបអនុស្សាវរីយ៍ លើកទី៦០ នៃទំនាក់ទំនងការទូតជប៉ុនកម្ពុជា។
ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary
កាទូត - កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានចេញលិខិតស្នើសុំមួយ ទៅកាន់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដើម្បីយាងទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន តាមការអញ្ញើញរបស់ក្រសួងការរទេសជប៉ុន ក៏ដូចជាព្រះរាជាណាចក្រជប៉ុន រយៈពេលមួយសប្តាហ៍។
ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ តទៅ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះដែរ ដើម្បីរិតចំណងមេត្រីភាពប្រពៃណីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន ព្រមជាឱកាសអបអរសារទេនៃបុណ្យខួបអនុស្សារីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។
ព្រះលិខិតដដែលនេះបន្តថា ក្នុងឱកាសទស្សនៈកិច្ចនេះ នឹងមានព្រះរាជសវនការ ជាមួយសមាជិកព្រះរាជវង្សនុវង្ស ព្រះរាជាណាចក្រជប៉ុន ជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ជំនួបការងារជាមួយមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងទស្សនកិច្ចនៅខេត្ត Kyoto ផងដែរ។ យ៉ាងណាក៏ដោយ ក៏ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានបញ្ជាក់ថា សេចក្តីអញ្ជើញនេះចំពោះទ្រង់ ធ្វើឡើក្នុងឋានៈទ្រង់ជាព្រះអនុជនៃព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ដែលទំនងមិនមានលក្ខណៈផ្លូវការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះឡើយ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៤