រាជានិយមនៅកម្ពុជានឹងមានបន្ត ដរាបណាគ្មាន«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោក ហ៊ុន សែន បានផ្ញើរសារមួយជាសាធារណៈពីឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែឧសភា នេះ ទាក់ទងនិងការការពាររបបរាជានិយម និងស្ថាប័នព្រះមហាក្សត្រ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះ ជាប្រតិកម្មឆ្លើយតប នឹងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលទ្រង់បានបានចូលរួមប្រលូក ក្នុងឆាយនយោបាយជាមួយនឹងគណបក្សប្រឆាំង។
រូបសញ្ញារបស់ស្ថាប័នព្រះមហាក្សត្រ តំណាងឲ្យរាជានិយមនៅកម្ពុជា។
លោក ហ៊ុន សែន បានបង្ហាញសារនោះថា ព្រះអង្គម្ចាស់ ធម្មិកោបានប្រកាសខ្លួនថា ជាអ្នកតំណាងញាតិវង្សានុវង្ស និងតំណាងសង្គមរាស្ត្រនិយម។ ចំពោះបន្ទូលរបស់ព្រះអង្គម្ចាស់ ធម្មិកោ នេះបានបង្កើយឲ្យមានប្រតិកម្មតបភ្លាមៗពីលោក ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបានចោទថា ការលើកឡើងនេះ អាចធ្វើឲ្យមានការភន្ត័ច្រឡំចំពោះអង្គព្រះមហាក្សត្រ (នរោត្តម សីហមុនី) និងអង្គសម្តេចម៉ែ (មុនីនាថ សីហនុ) ថាបានអនុញ្ញាតិឲ្យព្រះអង្គម្ចាស់ ធម្មិកោចូលរួមជាមួយនឹងគណបក្សប្រឆាំង ពិសេសអាចធ្វើអោយប៉ះពាល់ ដល់ព្រះកិត្តិនាមរបស់សម្តេចម៉ែ និងព្រះមហាក្សត្រផ្ទាល់តែម្តង។
លោកនាយករដ្ឋមន្រ្តីបានបន្តថា ព្រះអង្គម្ចាស់ ធម្មិកោ មានប្រវត្តិជាអតីតទាហានលន់ នល់ ដែលធ្លាប់ប្រឆាំងនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) និងរបបរាជានិយម។ លោកហ៊ុន សែន បានលើកពីព្រះអង្គម្ចាស់ ធម្មិកោ ថាបានចូលរួមជាមួយបក្សប្រឆាំង ក្បត់ព្រះមហាក្សត្រ និងស្ថាប័នព្រះមហាក្សត្រ ជាពិសេសផ្ទុយទៅនឹងមាគា ព្រះរាជតម្រិះរបស់ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ។ តែលោកបានទទួលស្គាល់ថា នេះជាសិទ្ធិរបស់ទ្រង់ ក្នុងការធ្វើនយោបាយ។
នាយករដ្ឋមន្រ្តីរូបនេះក៏បានអំពាវនាវ ដល់បងប្អូនប្រជពលរដ្ឋ និងព្រះសង្ឃទាំងអស់ កុំឲ្យមានការភន្ត័ច្រឡំជាមួយអង្គព្រះមហាក្សត្រ និងអង្គសម្តេចម៉ែ ដែលព្រះអង្គម្ចាស់ ធម្មិកោ បានតាំងខ្លួនជា«តំណាងព្រះរាជវង្ស»នោះ។ ហើយលោក ហ៊ុន សែន ដែលជាអនុប្រធានគណបក្សប្រជាជនផងនេះ ក៏បានប្រកាស និងអះអាងដែរថា គណបក្សរបស់លោក ជាកំផែង យ៉ាងរឹងមាំបំផុត ក្នុងការការពារអង្គសម្តេចម៉ែ និងអង្គព្រះមហាក្សត្រ ពិសេស«រាជានិយម»។
សម្រាប់អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានពន្យល់តបវិញថា ការថ្លែងរបស់លោក ហ៊ុន សែន ដែលរអះអាងថា មានតែគណបក្សប្រជាជនកម្ពុជា ដែលអាចការពាររាជជានិយមបាននោះ ពុំមែនជា«ឆន្ទះ»តាមផ្លូវ ច្បាប់នោះទេ។ ព្រោះអ្វីៗទាំងអស់ត្រូវបានការពារដោយច្បាប់ មិនមែនការពារដោយបក្ស ឬដោយបុគ្គលនោះឡើយ។ ការ បាត់បង់ ឬឋិតឋេរ ក៏អាស្រ័យនឹងរបបគ្រប់គ្រងមួយ ដែលប្រកាន់នូវគោលការណ៍«នីតិរដ្ឋ»ផងដែរ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយ បានលើកឡើងថា ចំពោះ «រាជានិយម» ត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ដូច្នេះគ្មាននណាម្នាក់ អាចរំលាយស្ថាប័នព្រះមហាក្សត្របានឡើយ។ លោកបន្តថា លើកលែងតែធ្វើរដ្ឋប្រហារ «រដ្ឋធម្មនុញ្ញ» ទើបអាចផ្តួលរំលំរាជានិយមបាន។ តែចំពោះកម្ពុជាបច្ចុប្បន្ន ករណីនោះនឹងមិន អាចធ្វើទៅរួចនោះឡើយ។
តែលោកបានធ្វើការកត់សំគាល់ថា កន្លងមកធ្លាប់មានការផ្តួលរំលំរាជានិយមម្តងហើយ។ លោកបន្តថាមុននេះជាងដប់ឆ្នាំ គណបក្សប្រជាជន ក៏ធ្លាប់បានធ្វើការវាយប្រហារ ទៅព្រះករុណាព្រះបរមរតនកោដ្ឋផងដែរ តែក្រោយមកក៏មានការជានានឹងគ្នាវិញ និងបានបង្កើតរបបរាជានិយមជាថ្មី។ ក្រោយការបង្កើតនេះ ក៏នៅមានការវាយប្រហារគ្នាម្តងម្កាលដែរ ដូចជាធ្វើការប្រៀបប្រដូចទៅនឹងប្រវត្តិសាស្ត្រ «ស្តេចកន» ជាដើម៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ