កូរ៉េខាងជើងបាញ់កាំជ្រួចគ្រាប់ទីបួន ចូលទៅក្នុងសមុទ្រជប៉ុន
អ្នកនាំពាក្យខាងការពារជាតិ របស់ទីក្រុងសេអ៊ូល បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់កាំជ្រួចបញ្ជាពីចម្ងាយមួយទៀត ពីឆ្នេរខាងកើតរបស់ខ្លួន នៅថ្ងៃអាទិត្យទី១៩ខែមេសានេះ មួយថ្ងៃក្រោយការបាញ់កាំជ្រួចរយៈខ្លី ចំនួនបីផ្សេងទៀត ទៅក្នុងទិសដៅដូចគ្នា (សមុទ្រជប៉ុន)។
កាំជ្រួចដាក់តាំងបង្ហាញ របស់ប្រទេសកូរ៉េខាងជើង។
ប្រទេសកុម្មុយនីសបានធ្វើការបាញ់សាកល្បង ការបាញ់កាំជ្រួចប្រភេទនេះ ជាញឹកញយដង តែសកម្មភាពនេះបានកើតមានឡើង បន្ទាប់ពីយន្ដការផ្នែកការទូត ដើម្បីបន្ថយភាពតានតឹងរវាងប្រទេសបងប្អូនគូរសត្រូវទាំងពីរ បានចាប់ផ្ដើមដំណើរការរបសខ្លួនរួចហើយនោះ។
ទីក្រុងព្យុងយ៉ាងបានគម្រាម សឹងជារៀងរាល់ថ្ងៃ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ដើម្បីធ្វើការវាយប្រហារប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងជើង បានប្រតិកម្មផងដែរទល់នឹងសមយុទ្ធយោធា ដែលបានធ្វើប្រចាំឆ្នាំរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ របបកុម្មុយនីសព្រមទាំងបានសម្ដែងការក្ដៅក្រហាយ ទល់នឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភះ បន្ទាប់ពីខ្លួនបានបាញ់សាកល្បងនុយក្លេអ៊ែររួចមក។
សម្រាប់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង នេះជាគ្រាប់កាំជ្រួចទីបួន ដែលបានបាញ់ចេញនៅរសៀលថ្ងៃអាទិត្យ របស់ប្រទេសកូរ៉េខាងជើង។ កាលពីថ្ងៃសោរ៍ ប្រទេសនេះបានបាញ់កាំជ្រួចពីរគ្រាប់នៅពេលព្រឹក និងមួយគ្រាប់ទៀតនៅពេលរសៀល។ ទីក្រុងសេអ៊ូល បានបរិហារអំពើនេះ ថាជា«ការបង្កហេតុដ៏ធ្ងន់ធ្ងរ»មួយ។
ក្នុងថ្ងៃអាទិត្យដដែល ពីទីក្រុងម៉ូស្គូ ប្រទេសរ៉ូស្សី អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកបាន គីម៊ូន (Ban Ki-moon) បាននិយាយជាមួយនឹងក្ដីសង្ឃឹមថា «កូរ៉េខាងជើងនឹងបញ្ឈប់ការបាញ់សាកល្បងទាំងឡាយ ហើយដើរចូលតុចចារ»។
ចំណែកសហរដ្ឋអាមេរិកវិញ ថ្លែងថា ខ្លួនតាមដានសភាពការណ៍នៅក្នុងឧបទ្វីកូរ៉េនេះ យ៉ាងដិតដល់ជាទីបំផុត ហើយ«បន្តគាបសង្កត់ប្រទេសកូរ៉េខាងជើង ដើម្បីអោយប្រទេសនេះចេះសម្ដែងនូវការអត់ធ្មត់ និងធ្វើកាយវិការដើម្បីភាពប្រសើរឡើង នៃទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង»៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ