ព្យុងយ៉ាងកំពុងត្រៀមសាកល្បងកាំជ្រួចនុយក្លេអ៊ែរ ជាថ្មីទៀត?
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១១ តុលា ២០១៦
- កែប្រែចុងក្រោយ: October 12, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើគេវិភាគទៅលើរូបភាព ដែលទើបនឹងថតជាប់ កាលពីដើមខែតុលា ដោយប្រព័ន្ធផ្កាយរណប ទៅលើមជ្ឈមណ្ឌល សម្រាប់ការបាញ់សាកល្បងមួយ នៅក្នុងប្រទេសកូរ៉េខាងជើងនោះ គេច្បាស់ជានឹងជឿជាក់ថា របបកុម្មុយនីសក្រុងព្យុងយ៉ាង កំពុងត្រៀមខ្លួន ដើម្បីការបាញ់សាកល្បងនុយក្លេអ៊ែរ ឬការបាញ់ផ្លោងកាំជ្រួចរយៈឆ្ងាយ មួយ។ ការវិភាគ ទៅលើរូបភាពនេះ បានធ្វើឡើងនៅចំខួបទី៧១ នៃការបង្កើតគណបក្សពលករ របស់ប្រទេសកុម្មុយនីស ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃចន្ទកន្លងមកនេះ។
យ៉ាងណាក៏ដោយ ក៏រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ឃើញ មានការបាញ់សាកល្បងណាមួយ ពីសំណាក់របបក្រុងព្យុងយ៉ាងនោះនៅឡើយ បើទោះជាក្នុងពេលកន្លងមក ការបាញ់សាកល្បង ឬការបាញ់បង្ហាញឫទ្ធិ ពីសំណាក់ប្រទេសកុម្មុយនីស តែងធ្វើឡើង នៅចំថ្ងៃដ៏សំខាន់ៗនោះក៏ដោយ។ ជាឧទាហរណ៍៖ ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ បានធ្វើឡើង ចំថ្ងៃបង្កើតរដ្ឋកូរ៉េខាងជើង នោះតែម្ដង។
រូបភាពខាងលើ ដែលផ្ដល់ដោយវិទ្យាស្ថានកូរ៉េ-អាមេរិកាំង នៃសាកលវិទ្យាល័យ «Johns Hopkins (ក្នុងរដ្ឋមីរីលេន សហរដ្ឋអាមេរិក)» បានអះអាងពីការកើនឡើងយ៉ាងខ្លាំង នៃសកម្មភាពនៅក្នុងមជ្ឈមណ្ឌល សម្រាប់ការបាញ់សាកល្បងមួយ ឈ្មោះ «Sohae» ស្ថិតក្នុងភាខាងលិច នៃប្រទេសកូរ៉េខាងជើង។ សកម្មភាពនោះ មានដូចជារថយន្ដជាច្រើន បានចតនៅក្បែរអាគារ - ប្រអប់ធំៗដែលត្រូវបានដាក់ នៅក្បែរឧបករណ៍សម្រាប់តម្លើងកាំជ្រួចសាកល្បង និងមានសកម្មភាពសាងសង់មួយចំនួនទៀត។
ប៉ុន្តែក្រុមអ្នកវិភាគ មិនអាចអះអាងឲ្យពិតប្រាកដទេថា សកម្មភាពទាំងនេះ ពិតជាបម្រើឲ្យការសាកល្បងនុយក្លេអ៊ែរ ឬការបាញ់កាំជ្រួចរយៈឆ្ងាយ ដោយសារឧបករណ៍សម្រាប់តម្លើងកាំជ្រួច និងរចនាសម្ព័ន្ធមួយចំនួនទៀត ត្រូវបានគ្របជិត។
តាំងពីដើមឆ្នាំ២០១៦នេះមក ប្រទេសកុម្មុយនីសបានសាកល្បងនុយក្លេអ៊ែរ បានពីរដងរួចហើយ៖ ម្ដងនៅខែមករា និងម្ដងទៀត នៅខែកញ្ញា។ គ្រាប់បែកនុយក្លេអ៊ែរ ដែលត្រូវបានសាកល្បង នៅខែកញ្ញា មានកម្លាំងផ្ទុះ១០គីឡូតោន ដែលជាកម្លាំងដ៏ខ្លាំង ជាងគ្រាប់បែកណាផ្សេងទាំងអស់ ដែលប្រទេសនេះធ្លាប់ផលិត និងមានកម្លាំងខ្លាំងជាងជិត២ដង ពីកម្លាំងផ្ទុះ របស់គ្រាប់បែកកាលពីខែមករា។
ក្រុមអ្នកតាមដានស្ថានការណ៍កូរ៉េ បានរំពឹងថា ការសាកល្បងលើកទីបី អាចនឹងត្រូវធ្វើក្នុងពេលខាងមុខ ដោយគ្រាន់តែនៅរង់ចាំបទបញ្ជា និងស្ថានការណ៍នយោបាយ ជាមួយបណ្ដាប្រទេសជាបច្ចាមិត្រ របស់របបកុម្មុយនីសតែប៉ុណ្ណោះ។ ក្រុងព្យុងយ៉ាង មិនរារែកឡើយ ក្នុងការសាកល្បងនុយក្លេអ៊ែរ ជាថ្មីទៀត បើទោះជាខ្លួនរងការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ ពីសំណាក់អង្គការសហប្រជាជាតិ តាំងពីការសាកល្បងលើកទីមួយ (ក្នុងឆ្នាំ២០០៦) មកនោះក៏ដោយ៕