ត្រាំ ចោទអតីតប្រធានាធិបតី គ្លីនតុន ថាបាន«រំលោភ»ស្ត្រីច្រើននាក់
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ តុលា ២០១៦
- កែប្រែចុងក្រោយ: October 10, 2016
- ប្រធានបទ: ឆ្ពោះទៅសេតវិមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វេទិកាជជែកលើកទីពីរ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងមកដល់ នៅប៉ុន្មានសប្ដាហ៍ខាងមុខ បានឈានមកដល់របត់ថ្មីមួយទៀត។ នោះ គឺការចោទប្រកាន់ដោយចំៗ ពីសំណាក់បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ទៅលើលោក ប៊ៀល គ្លីនតុន (Bill Clinton) ថាបានរំលោភ សេពសន្ទវៈ ទៅលើស្ត្រីជាច្រើននាក់។
ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ចោទប្រកាន់លោក ប៊ីល គ្លីនតុន ដែលជាស្វាមីរបស់អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ បានធ្វើឡើងបន្ទាប់ពីការទម្លាយវីដេអូ នៃកិច្ចសន្ទនាដ៏អាស្រូវមួយ រវាងលោក ត្រាំ ជាមួយនឹងពិធីករទូរទស្សន៍មួយរូប ដែលបានជជែកគ្នាជាលក្ខណៈឯកជន តាំងពី១១ឆ្នាំមុន។ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានឆ្លៀតឱកាស ពីសំនួររបស់ពិធីករពិធីការិនី ដើម្បីវាយប្រហារ ទៅលើលោក ត្រាំ ដោយបានបញ្ជាក់ថា៖ «នេះ គឺពិតជាគាត់ (លោក ដូណាល់ ត្រាំ) ហើយ»។
អ្នកស្រី គ្លីនតុន បានបន្តទៀតថា៖ «យើងបានឃើញ និងស្ដាប់ដឹងថា គាត់បានត្មិះដៀលយ៉ាងខ្លាំង ទៅដល់ស្ត្រី។ យើងបានឃើញថា គាត់បានកត់សម្គាល់ ទៅលើស្ត្រី តាមរយៈរូបរាងខាងក្រៅ ដាក់ពិន្ទុពីមួយដល់ដប់។ យើងបានឃើញគាត់ អោបថើបស្ត្រី។»។
ជាការវាយតបវិញ លោក ដូណាល់ ត្រាំ បានលើកយកស្វាមីអ្នកស្រី ហ៊ីឡារី គឺលោក ប៊ៀល គ្លីនតុន មកធ្វើជាចំណុចស៊ីប ដោយបានចោទប្រកាន់ដោយចំៗ ថាបានរំលោភសេពសន្ធវៈ ទៅលើស្ត្រីច្រើននាក់ ក្នុងនោះមានស្ត្រីបីនាក់ ត្រូវបានបេក្ខជនរូបនេះ រៀបចំឲ្យមកចូលរួមស្ដាប់ នៅក្នុងវេទិកាជជែកនេះដែរ។ លោកបានថ្លែងឡើង នៅចំពោះវត្តមានរបស់លោក ប៊ីល គ្លីនតុន (ដែលចូលរួម ក្នុងវេទិការនេះដែរ) ថា៖ «ប៊ីល គ្លីនតុន បានចាប់ស្ត្រីទាំងនោះរំលោភ ហើយម្នាក់ពីក្នុងចំណោមនោះ មានអាយុទើបតែ ១២ឆ្នាំប៉ុណ្ណោះ ហើយ ហ៊ីឡារី គ្លីនតុន ជាអ្នកគម្រាមទៅស្ត្រីទាំងនោះ (មិនឲ្យមានប្រតិកម្មអ្វី)»។
ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអ្នកស្រី គ្លីនតុន បដិសេធភ្លាមៗ ថាមិនពិត៕
--------
» លោក និងអ្នកស្រី គ្លីនតុន៖