ពូទីន៖ រ៉ូស្ស៊ី មិន​ដេញ​នរណា​ម្នាក់ ដើម្បី​តប​ទណ្ឌកម្ម​អាមេរិក​ទេ

ដើម្បីតប ទៅនឹងការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក ជិតផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែល​បាន​បណ្ដេញ​មន្ត្រីរ៉ូស្ស៊ី ចំនួន៣៥នាក់ ឲ្យចេញពីសហរដ្ឋអាមេរិកនោះ ទីក្រុងម៉ូស្គូ​បាន​ធ្វើ​ដូច​គ្នា ដោយ​សម្រេច​បណ្ដេញ មន្ត្រីការទូតអាមេរិកចំនួន ៣៥នាក់ ដូចគ្នាចេញពីទឹកដីរ៉ូស្ស៊ី។ ប៉ូន្តែនៅ​ល្ងាច​ថ្ងៃ​សុក្រនេះ ប្រធានាធិបតីរ៉ូស្ស៊ីលោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្រេច មិនបណ្ដេញ​នរណា​ម្នាក់​ទេ។
ពូទីន៖ រ៉ូស្ស៊ី មិន​ដេញ​នរណា​ម្នាក់ ដើម្បី​តប​ទណ្ឌកម្ម​អាមេរិក​ទេ
ពីឆ្វេងទៅស្ដាំ៖ លោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរ៉ុស្ស៊ី និងលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក។ (រូបថត Reuters)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៦ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 30, 2016
  • ប្រធានបទ: សង្គ្រាមត្រជាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសរ៉ូស្ស៊ី នឹង​មិន​បណ្ដេញ​នរណាម្នាក់ ដើម្បីឆ្លើយតប ទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាេមរិក ធ្វើឡើង​ប្រឆាំង​នឹងរដ្ឋាភិបាល​ក្រុងម៉ូស្គូ ដែល​អាមេរិក​អះអាងថា បានលូកដៃចូលជ្រៀតជ្រែក ចូលក្នុងការបោះឆ្នោត ប្រធានាធិបតី​អាមេរិក កាលពីដើមខែវិច្ឆិកានោះឡើយ។ នេះបើតាមការប្រកាស របស់​ប្រធានាធិបតី​រ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) នៅល្ងាចថ្ងៃសុកនេះ។

នៅមុននេះបន្តិច ប្រមុខការទូតរ៉ូស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រៅ (Sergeï Lavrov) បានស្នើសុំឲ្យ​មានការ​បណ្ដេញ​ចេញ នូវមន្ត្រីការទូតអាមេរិកាំង ចំនួន​៣៥នាក់ ក្នុងនោះមន្ត្រី៣១នាក់ ធ្វើការនៅក្នុងស្ថានទូតអាមេរិក នា​រដ្ឋធានី​ម៉ូស្គូ និងបួននាក់ទៀត នៅការិយាល័យការទូតអាមេរិក ប្រចាំនៅក្រុង «Saint-Pétersbourg»។ ប៉ុន្តែ​លោក វ្លាឌីមៀរ ពូទីន បានសម្រេចចិត្ត ផ្ទុយពីរដ្ឋមន្ត្រីការបរទេស របស់លោកទៅវិញ។ លោក​ប្រធានាធិបតី​បាន​ថ្លែង​ឡើងថា៖ «យើង​មិន​បណ្ដេញនរណាម្នាក់ទេ។ ក៏ប៉ុន្តែប្រទេសរ៉ូស្ស៊ី នៅតែរក្សាសិទ្ធិ ក្នុង​ការ​ចាត់​វិធានការ​តបតរ​វិញ និងសិទ្ធិ ក្នុងការផ្សះផ្សារ ចំណង​ទាក់ទង​រវាង​រ៉ូស្ស៊ី និងអាមេរិក នៅ​ចំពោះ​នយោបាយ​ថ្មី របស់​ប្រធានាធិបតី​ទើបនឹងជាប់ឆ្នោត ដូណាល់ ត្រាំ (Donald Trump)។»។

យ៉ាងណា ក៏នៅក្នុងឱកាស នៃការថ្លែងរបស់លោកនេះ ប្រធានាធិបតីរ៉ូស្ស៊ី បានធ្វើការបរិហាចំណាត់ការ បែប​«អមិត្ត»​ថ្មី ដែលសំរេចឡើង ដោយ​រដ្ឋបាល​របស់ប្រធានាធិបតី ជិតផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama)។ លោកបានវាយតម្លៃចំណាត់ការនេះ ថាមានលក្ខណៈ«បង្ករឿង» និង​«បង្ក​ឲ្យ​​មាន​​​ចន្លោះ​​ប្រហោង» កាន់​តែ​ខ្លាំង​ឡើង សម្រាប់​ចំណង​ទាក់ទង រវាងប្រទេសរ៉ូស្ស៊ី និងអាមេរិក។

នយោបាយការទូតមួយ ដែលគ្មានការទទួលខុសត្រូវ...

«យើងមិនបណ្ដោយខ្លួន ឲ្យធ្លាក់ទៅក្នុងកម្រិត នៃការធ្វើនយោបាយការទូតមួយ ដែលគ្មានការ​ទទួល​ខុសត្រូវ​នោះ​ទេ។ (...) យើង​នឹង​មិន​បង្កើតបញ្ហា ដល់​មន្ត្រីការទូតអាមេរិកឡើយ។» លោក វ្លាឌីមៀរ ពូទីន បាន​បញ្ជាក់​ទៀត​ថា៖ «ជារឿងគួរឲ្យស្ដាយណាស់ ដែលរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​បញ្ចប់​ការងារ​របស់​ខ្លួន ដោយរបៀបនេះ តែខ្ញុំនៅតែជូនពរឆ្នាំថ្មី ទៅជូនលោក (អូបាម៉ា) និងក្រុមគ្រួសារ​លោក​ទាំង​អស់»។

នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាឲ្យបណ្ដេញមន្ត្រីការទូតរ៉ូស្ស៊ី ចំនួន​៣៥នាក់ ចេញពីទឹកដីអាមេរិក និងបាន​ដាក់​ទណ្ឌកម្ម ប្រឆាំងនឹងភ្នាក់ងារស៊ើបអង្កេត ចំនួនពីរនាក់ ដែល​សហរដ្ឋ​អាមេរិក​​សង្ស័យ ថាបានជាប់ពាក់ព័ន្ធ ក្នុងការប្លន់ព័ត៌មាន នៃការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា។

វិមានក្រឹមឡាំង (រដ្ឋាភិបាលរ៉ូស្ស៊ី) តាមរយៈរដ្ឋមន្ត្រីការបរទេស លោក ស៊ែរហ្គៃ ឡាវ្រៅ បានច្រាន​ចោល​សារ​ជា​ថ្មី ក្នុងព្រឹកថ្ងៃដដែល នូវការចោទ​ប្រកាន់​នេះ និងបានហៅ ការចោទប្រកាន់អាមេរិក ថាគ្មានមូលដ្ឋាន​គ្រឹះ​អ្វី​ទាល់​តែសោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...