មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង «ហាលអាវ»​យ៉ាង​ឆាប់​រហ័ស

ជាលើកទីមួយ រាប់ចាប់តាំង ពីឆ្នាំ១៩៣៨ នៃប្រវត្តិបាល់ទាត់អាល្លឺម៉ង់ ដែលក្រុមជម្រើសជាតិរបស់ខ្លួន ត្រូវបានផាត់ចេញ ដោយល្បឿនផ្ទេកបន្ទោរ ចេញពីបាល់ទាត់ពិភពលោក នៅត្រឹមតែវគ្គជម្រុះតាមពូល។ សំនួរបានចោទសួរឡើង ជុំវិញហេតុការណ៍នេះ ថាបណ្ដាល​មក​ពី​«ហេតុអ្វី»?
មូលហេតុ​ដែល​ធ្វើ​ឲ្យ​អាល្លឺម៉ង «ហាលអាវ»​យ៉ាង​ឆាប់​រហ័ស
កីឡាករ ថូម៉ាស់ មីល័រ ខ្សែប្រយុទ្ធអាល្លឺម៉ង់ នៅក្នុងការប្រកួត កូរ៉េខាងត្បូង ទល់នឹង អាល្លឺម៉ង់។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 30, 2018
  • ប្រធានបទ: បាល់ទាត់​​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ បានវេចបង្វិច វិលចូលមាតុភូមិវិញ តាមទ្វាដ៏តូចមួយ និងយ៉ាងឆាប់រហ័ស ជាទីបំផុត។ ពីចំណោមបីប្រកួត នៅក្នុងជុំទាំងបី នៃវគ្គជម្រុះក្នុងពូល ក្រុមអាល្លឺម៉ងរកបានជ័យជំនះ តែមួយប្រកួតប៉ុណ្ណោះ។ ជ័យជំនះតែមួយ នោះទៀតសោធ ក៏ត្រូវបានឈ្នះ ទាំងប្រផិតប្រផើយ​ ខណៈសូម្បីក្រុម កូរ៉េខាងត្បូង ដែលមិនសូវមានឈ្មោះល្បី នៅក្នុងប្រវត្តិបាល់ទាត់ពិភលោក ក៏អាចយកឈ្នះក្រុម អាល្លឺម៉ង់ ដោយគ្រាប់បាល់ ដល់ទៅ ២-០ នោះដែរ។

ហេតុអ្វី? សារព័ត៌មានអាល្លឺម៉ង់ជាច្រើន បានវិលមកវិភាគ ជុំវិញបរាជ័យ ជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំនេះ របស់ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ ដោយបានដាក់កំហុសបួនចំណុច ទៅលើក្រុមជម្រើសជាតិខ្លួន ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាបជូន ដូចតទៅ៖

១) ជំងឺរបស់ម្ចាស់ពាន (ឬខ្មែរយើង ហៅថា ជំងឺតួឯក)

គ្រូដឹកនាំក្រុមអាល្លឺម៉ង់ លោក ជ័អាសីម ឡូវ (Joachim Löw) បាននិយាយជាញឹកញាប់ នៅមុនបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះថា៖ «ការថែរក្សាតំណែងជាជើងឯក គឺជាអ្វី ដែលពិបាកធ្វើបំផុត»។ ពាក្យសំដីនេះ ហាក់មិនត្រូវបានកីឡាករ យកមកទុកក្នុងចិត្តទេ ហើយក្រុមកីឡាករ អាល្លឺម៉ង់ បានគិត និងជឿជាក់​រួចជាស្រេច ថាក្រុមជម្រើសជាតិពួកគេ មិនអាចនរណាបំបាក់បានឡើយ។ 

នៅពេលមាន​​លទ្ធផល​​បរាជ័យ​ម្ដងៗ ចេញពីការប្រកួត​មិត្តភាព ឬការប្រកួត​ត្រៀម មុនឡើង​ទៅបាល់ទាត់​ពិភពលោក ក្រុមកីឡាករ អាល្លឺម៉ង់ ខ្លះ ថែមទាំងបានថ្លែងឡើង ដើម្បីលោម​ចិត្តខ្លួនឯង និងលួងចិត្ត​អ្នកគាំទ្រថា៖ «យើងជាក្រុមបាល់ទាត់ ដែលបញ្ចេញសកម្មភាព នៅក្នុងការប្រកួតធំៗ ហើយយើងនឹងត្រៀមខ្លួនរួចរាល់ នៅពេលនោះ ដោយគ្មានក្ដីបារម្ភ»។

ប៉ុន្តែ នៅចំពោះក្រុមបាល់ទាត់ ម៉ិចសិក ស៊ុយអែត និងកូរ៉េខាងត្បូង ដែលហាក់បានចូលប្រកួត ដូចដាក់ជីវិត (ចង់មានន័យថា រត់ដាច់ជើងចោល ឬសុខចិត្តរបួសខ្លួន តែមិនសុខចិត្ត ឲ្យគ្រាប់បាល់ចូលទីខ្លួន ជាដាច់ខាត) ក្រុមកីឡាករ អាល្លឺម៉ង់ មួយចំនួនធំ មិនបានបង្ហាញពីទឹកចិត្ត ដើម្បីធ្វើការប្រកួត ដ៏ស្វិតស្វាញ ទល់នឹងក្រុមទាំងបីខាងលើនោះទេ។

២) ជម្រើសរបស់គ្រូដឹកនាំ៖

ក្រុមកីឡាករទាំង២៣នាក់ ដែលលោក ជ័អាសីម ឡូវ បានជ្រើសរើស ដាក់ក្នុងបញ្ចី ទៅទាត់នៅក្នុងប្រទេសរ៉ុស្ស៊ី ឆ្នាំនេះ ហាក់មិនមានសមត្ថភាព ឬមិនចេះពញ៉ាក់បាល់ ដើម្បីទម្លុះខ្សែការពារ របស់ក្រុមគូប្រជែងឡើយ។ លោក ឡូវ មិនបានជ្រើសរើសកីឡាករ ដែលមានទេពកោសល្យក្មេងៗ ថ្មីៗ ដែលកំពុងទាត់ ឲ្យក្រុមអាជីពធំៗ នៅអ៊ឺរ៉ុប ដូចយ៉ាង កីឡាករ «Leroy Sané» ដែលកំពុងទាត់ឲ្យក្រុម មេនឆេស្ទ័រ ស៊ីធី (Manchester City) ជាដើម ឲ្យចូលមកទាត់ នៅក្នុងក្រុមជម្រើសជាតិ លើកនេះទេ។

ផ្ទុយទៅវិញ កីឡាករវ័យចំណាស់ៗមួយចំនួន ដូចយ៉ាង កីឡាករ «Sami Khedira» និងកីឡាករ «Thomas Müller» ជាដើម បើទោះជាពួកគេ មានបទពិសោធន៍ នៅក្នុងជំនួបធំៗដូច្នេះ ពីមុនមកក៏ដោយ តែបច្ចេកទេសទាត់ និងការឈរជើង របស់កីឡាករចាស់ៗទាំងនោះ ហាក់ដូចជាត្រូវបានខ្សែការពារ របស់គូប្រជែង ចាប់ជាប់ទាំងអស់។

អ្នកជំនាញបាល់ទាត់ទាំងឡាយ បានគិតថា ក្រុមកីឡាករអាល្លឺម៉ង់ភាគច្រើន ដែលមានវត្តមាន នៅក្នុងប្រទេសរ៉ូស្ស៊ីឆ្នាំនេះ ដូចជា «ហួសសម័យ» អស់ទៅហើយ ខណៈកីឡាករក្មេងៗមួយចំនួន ដែលត្រូវបានគ្រូដឹកនាំ ជ្រើសរើសទៅដែរនោះ នៅមិនមានភាពចាស់ទុំ សម្រាប់ព្រឹត្តិការណ៍ធំៗដូច្នេះ។

 ៣) ក្រឡាបាល់ ដែលគ្មានទម្ងន់ស្មើគ្នា ទាំងខាងមុខ និងក្រោយ៖

នៅរៀងរាល់ការប្រកួត ដែលក្រុម អាល្លឺម៉ង់ បានទទួលបរាជ័យ គឺបណ្ដាលមកពីកំហុសមួយភាគធំ របស់ខ្សែការពារអាល្លឺម៉ង ដែលតែងបន្យល់ ឲ្យមានកីឡាករតែម្នាក់ ដើម្បីត្រៀមទប់ នឹងការវាយបក របស់កីឡាករខ្សែប្រយុទ្ធគូប្រជែង ដែលមានតែម្នាក់ដូចគ្នា។ កាលពីព្រឹត្តិការណ៍ពិភពលោក ឆ្នាំ២០១៤ ខ្សែការពាររបស់អាល្លឺម៉ង់ តែងមានកីឡាករ នៅខាងក្រោយ ដល់ទៅ៤នាក់។ បើទោះជាក្រឡាបាល់នេះ មិនសូវដាក់ទម្ងន់ ទៅលើខ្សែប្រយុទ្ធ តែយ៉ាងហោចវាជាក្រឡា ដែលមានលំនឹង នៅផ្នែកការពារ។

នៅឆ្នាំនេះ ខ្សែការពារអាល្លឺម៉ង់ ខ្វះកីឡាករឈរជើង តែបែរជានាំគ្នាពពាក់ពពូន ឬផ្ចង់អារម្មណ៍ តែទៅលើខ្សែប្រយុទ្ធ ខណៈកីឡាករខ្សែប្រយុទ្ធ ជាច្រើននាក់ នៅខាងលើ ទាត់បាល់មិនមានប្រសិទ្ធិភាព រកប្រអប់ទីរបស់ក្រុមគូប្រជែង មិនឃើញ...

៤) សង្គ្រាមប៉ាកកា នៃសំនុំរឿង «Özil/Gündogan» 

ក្រុមកីឡាករ អាល្លឺម៉ង់ នៅតែវិលវល់ ជុំវិញសំនុំរឿងនេះ ដែលបានកើតឡើង កាលពីច្រើនសប្ដាហ៍ មុនព្រឹត្តិការណ៍ពិភពលោក ក្នុងប្រទេសរ៉ុស្ស៊ី។ នៅក្នុងសន្និសីទសារព័ត៌មាន អ្នកសារព័ត៌មាន​នៅតែបន្តសួរ ហើយក្រុមកីឡាករ​នៅតែបន្តឆ្លើយ បើទោះជាពួកគេអះអាងថា ពួកគេមិនបានខ្វល់ ពីបញ្ហានយោបាយ​នោះក៏ដោយ។

រឿងរ៉ាវនេះ បានផ្ទុះឡើងខ្លាំងក្លា បន្ទាប់ពីកីឡាករ ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) និងកីឡាករ «Ilkay Gündogan» បានជួបជាមួយប្រធានាធិបតីតួកគី ហើយរូបថតរបស់ពួកគេ ត្រូវបានយកមចុះផ្សាយ នៅតាមសារព័ត៌មាន និងបង្ហោះ នៅពាសពេញបណ្ដាញសង្គម។ ចាប់ពីពេលនោះមក ប្រទេស​អាល្លឺម៉ង់ទាំងមូល បានបែកខ្ញែកមតិ ជុំវិញសំនួរថា តើក្រុមកីឡាករ ដែលមានដើមកំណើតតួកគីទាំងនេះ នៅមាន«ភក្ដីភាព» ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឬទេ?

បើទោះជាម្ចាស់ពានឆ្នាំ២០១៤ ខិតខំបញ្ឈៀសបញ្ហានេះ ចេញឲ្យឆ្ងាយ ពីក្រុមកីឡាករក៏ដោយ តែគ្រូដឹកនាំ លោក ជ័អាសីម ឡូវ បានថ្លែងទទួលស្គាល់ នៅពេលក្រោយមកថា សង្គ្រាមប៉ាកកា ដែលចេញពីហេតុការណ៍ខាងលើ បានធ្វើឲ្យកីឡាករទាំងពីររូប រងនូវការដង្ហក់ជាទម្ងន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...