ជើងឯក២០១០ ហាលអាវនៅប្រេស៊ីល២០១៤៖ «អេស្ប៉ាញតក់ស្លុត»
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 19, 2014
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បាល់ទាត់ពិភពលោក - សម្រាប់ការប្រកួតនៅលើកក្រោយមួយទៀត រវាងក្រុមអេស្ប៉ាញ ជាមួយនឹងក្រុម អូស្ត្រាលី ដែលទើបនឹងហាលអាវដូចគ្នា ក្រោយការប្រកួតចាញ់ក្រុមហូឡង់នោះ គ្រាន់តែជាការប្រកួត «បង្គ្រប់កិច្ច» ប៉ុណ្ណោះ។ តែនៅចំពោះបរាជ័យផ្ទួនៗរបស់ខ្លួននេះ គេមិនដឹងថាតើអេស្ប៉ាញ អាចនឹងស្វែងរកមុខមាត់របស់ខ្លួនត្រឡប់ទៅផ្ទះ តាមរយៈការប្រកួតចុងក្រោយបានខ្លះ ឬយ៉ាងណាផង។ ខាងក្រោមនេះ ជាប្រតិកម្មរបស់សារព័ត៌មានអេស្ប៉ាញ ដែលចេញផ្សាយនូវអត្ថបទរបស់ខ្លួនភ្លាមៗ ក្រោយហេតុការណ៍ដ៏អាក្រក់ កើតឡើងចំពោះអតីតជើងឯកពិភពលោក ឆ្នាំ២០១០ និងជើងឯកអ៊ឺរ៉ុបពីរដងជាប់គ្នា (ឆ្នាំ២០០៨ និងឆ្នាំ២០១២)។
«បរាជ័យជើងឯកពិភពលោក» ជាចំណងជើងដ៏ធំៗ របស់សារព័ត៌មានចេញប្រចាំថ្ងៃ El Mundo ដែលដាក់នៅបន្ទាប់ពីព័ត៌មានសំខាន់មួយទៀត ដែលសំខាន់ជាង៖ ការឡើងស្នងរាជ្យរបស់ រាជបុត្ររបស់អតីតព្រះរាជា ជ័ន កាឡូស នៅពាក់កណ្ដាលអាធ្រាត ថ្ងៃទី១៨ដដែលនេះ។
ចំពោះការសែតកីឡាមួយទៀត ឈ្មោះ Marca បានដាក់ចំណងជើងធំៗ ខ្លាំងៗថា «បែកបាក់ខ្ចេច!» ដែលបានពន្យល់នៅក្នុងអត្ថបទរបស់ខ្លួន ពី«ការលាយ៉ាងអាណោចអាធម របស់ក្រុមអតីតជើងឯកពិភពលោកឆ្នាំ២០១០» ចេញពីការប្រកួតពិភពលោកនៅឆ្នាំនេះ។ «ជាថ្មីម្ដងទៀត អេស្ប៉ាញ បានធ្លាក់ខ្លួនទៅក្នុងរូបភាពដ៏អាក្រក់មួយ បន្ទាប់ពីត្រូវបានក្រុមបាល់ទាត់ ឈីលី គ្របសង្កត់រហូតសឹងតែមិនបាច់ប្រឹង។ គ្រាប់ទាំងពីររបស់ ក្រុមបាល់ទាត់ ឈីលី តាំងពីពាក់កណ្ដាលម៉ោងដំបូងនោះ បានបង្ហាញពីអនុភាពដ៏ខ្លាំងក្លា នៃសន្ទុះបាល់ទាត់យុវជនជំនាន់ក្រោយ។»។
រៀបរាប់ស្រដៀងគ្នានេះដែរ សារព័ត៌មានចេញប្រចាំថ្ងៃ AS បានសរសេរនៅពីក្រោមចំណងជើង «មួយដំបងនៅម៉ារ៉ាកាណា និងលាហើយការប្រកួតពិភពលោក» ដាក់ថា៖ «អេស្ប៉ាញ នៅតែគ្មានប្រតិកម្មអ្វីសោះ បន្ទាប់ពីបានចាញ់ហូឡង់ពីសប្ដាហ៍មុនរួច ហើយបានក្លាយជាក្រុមបាល់ទាត់ដំបូងគេ ដែលត្រូវបានជម្រុះចេញជាស្ថាពរ។ (...) ត្រូវតែមានការជួបជជែកគ្នាឡើងវិញ សម្រាប់រដូវកាលថ្មី។»
«អេស្ប៉ាញ ដើរចេញពីការប្រកួតនៅប្រេស៊ីលឆ្នាំ២០១៤ បន្ទាប់ពីបានដួលនៅចំពោះក្រុមបាល់ទាត់ ឈីលី» នេះជាការលើកឡើងបែបថ្នមសម្លេងបន្ដិត របស់ការសែត El Pais។ «ក្រុមអេស្ប៉ាញ បានបាត់បង់ឱកាស ដែលខ្លួនធ្លាប់មាន នៅក្នុងការប្រកួតពិភពលោកបែបនេះ បន្ទាប់ពីបានធ្លាក់ខ្លួនចាញ់ ក្រុមបាល់ទាត់ ឈីលី ដែលមានកម្លាំងខ្លាំងជាង»។ ការសែតបានសរសេរទៀតថា៖ «បរាជ័យរបស់ក្រុមអេស្ប៉ាញ បានចាប់ផ្ដើមដោយការសម្លាប់ ដោយមិនរើសមុខ របស់ក្រុមហូឡង់ ក្នុងពិន្ទុ៥-១»៕