ឡៅ ម៉ុងហៃ៖ ណាហ្គាវើល មានអំណាចក្រៃលើស«វប្បធម៌»ខ្មែរ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថាប័នសាធារណៈរបស់រដ្ឋរួមមាន រដ្ឋសភា ក្រសួងការបរទេស ក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភាជាដើម ដែលនៅជិតៗគ្នានោះ ហាក់បីដូចជាតូចតាចណាស់ បើធៀបទៅនឹងអាគារណាហ្គាវើល ដែលជាកន្លែងស្បែងស៊ីសង ក្នុងការសម្តែងរិទ្ធិតាមរយៈទំហំ និងកំពស់។ ឯរូបសំណាកសម្តេចជួនណាត ជាបុព្វការីជនកម្ពុជា បែរជាសម្លឹងទៅរកកន្លែងល្បែងស៊ីសងទៅវិញ វាមានន័យយ៉ាងម៉េច?។ នេះជាការបង្ហាញរបស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ។
ក្លោងទ្វារបស់ពុទ្ធសាសនបណ្ឌិត កំពុងរងការវាយបំបាក់ចោល។ (រូបថត MONOROOM.info/ O.Vary)
ច្បាប់ឬទំលាប់ - លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ក្នុងសន្និសិទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនានេះ បានរិះគន់ទៅលើការអ្នកដែលផ្តល់កន្លែងធ្វើការស៊ីណូ ល្បែងស៊ីសង ជាប់នឹងទីតាំងវប្បធម៌អក្សរសិល្ប៍ថា ជាមនុស្សគ្មាន«ចក្ខុវិស័យ»។
លោកបានរៀបរាប់ថា៖ «ចុងរបបសង្គមនិយម ការស៊ូណូបើកមួយរយៈ នៅកាំបូឌីយ៉ាណា (មិនទាន់ទាំងធ្វើហើយផង)។ ក្រោយអ៊ុនតាក់ មានកប៉ាល់កាស៊ីណូចតនៅពីក្រោយ កាំបូឌីយ៉ាណាទៀត។ ដល់អស់កប៉ាល់ឡើងគោកកាន់តែជិតហ្នឹងទៀត និងសាសសង់ក្រោយពុទ្ធិសាសនបណ្ឌិត្យ។ (...) សាងសង់ជាប់គ្នា និងខ្ពស់ជាងពុទ្ធិសាសនបណ្ឌិត្យទៀត។ (...) នេះមានន័យយ៉ាងម៉េច? ឬវា(កាស៊ីណូ ណាហ្គាវើល) ជានិមិ្មត្តិរូបរបស់កម្ពុជា ធ្វើឡើងខ្ពស់ សឹងនឹងលើសលុបទៅហើយនោះ។ (...) ឬអាបាយមុខ ធំជាងវប្បធម៌ ទំនាមទម្លាប់។ (...) បើខ្ញុំជានាយករដ្ឋមន្រ្តី ណាហ្គាវើលនេះ និងក្លាយជាក្រសួងធម្មការ ដោយរៀបចំតាមបែបព្រះពុទ្ធសាសនាវិញ ដើម្បីឆ្លុះបញ្ចាំងនូវវប្បធម៌ខ្មែររបស់យើង។»
លោកបានធ្វើការរំលឹកពីអតីតកាលថា កាលលោកនៅវ័យជាយុវជន ជាសិស្ស រហូតដល់ជានិស្សិត បានពុទ្ធសាសនបណ្ឌិត្យដើម្បីអង្គុយរៀន ដែលមានលក្ខណៈស្ថាត់ល្អ។ លោកបានបន្តថា សាលានេះហើយ ដែលជាឃ្លាំងនៃចំណេះដឹងសម្រាប់លោករហូតមកដល់សព្វថ្ងៃនេះ និងក៏ដូចជាយុវជនដទៃៗទៀតដែរ។ ទីនេះសំបូទៅដោយឯកសារ និងមានមន្រ្តីប្រចាំការដែលមានចំណេះដឹងខ្ពស់ចាំបង្ហាត់បង្ហាញ។ «ចំណេះដឹងដែលខ្ញុំមានមកទល់សព្វថ្ងៃនេះ ជាមូលដ្ឋានមួយ ដែលបានកសាងនៅពុទ្ធសាសនបណ្ឌិតនេះឯង។ (...) ខ្ញុំនៅជាប់ជំពាក់ និងក៏ដឹងគុណផងដែរ។»
លោកបានបង្ហាញនូវការសោកស្តាយ ចំពោះកន្លែងអតីតកាល ដែលផ្ដល់ចំណេះដឹងរបស់លោក ត្រូវបានគេកំទេច និងបង្រួមឲ្យកាន់តែតូចទៅវិញ។ «គួរតែពង្រីកបន្ថែមទៅទៀត មិនមែនមកបង្រួញបែបនេះអញ្ចឹងទេ។ (...) វាជាគ្រឹះ និងជាមូលដ្ឋានស្នូល នៃប្រជាជាតិសង្គមខ្មែរតែម្តង។ ជឿមិនជឿ ខ្ញុំយល់ថា ប្រជាជាតិមួយមានមូលដ្ឋានមួយរឹងមាំតាមរយៈ សាសនា សីលធម៌ ច្បាប់ និងទំលាប់។ (...) (វា)មានតម្លៃធំធេងណាស់ យើងកាត់តម្លៃមិនបានទេ។»
«ពុទ្ធិសាសនបណ្ឌិត្យនេះ ជាឃ្លាំងខួរក្បាល ឬឃ្លាំងគំនិតបញ្ញា របស់ប្រជាជាតិទាំងមូល។ (...) ឃ្លាំងនេះមានពាក់ព័ន្ធជាមួយនឹងវប្បធម៌ សាសនា និងអក្សរសីល្ប៍ របស់ប្រជាជាតិខ្មែរយើង។ (...) (វា)សំខាន់ណាស់ព្រោះកាលពីជំនាន់បារាំង បានប្រមូលឯកសារសំខាន់ៗ និងរឿងព្រេងនានាដែលសរសេរក្នុងសាស្ត្រាស្លឹករិត តាមវត្តអារាមមកដាក់ក្នុងហ្នឹង។ (...) ទាំងនេះជាមរតកនៃប្រជាជាតិយើង។»
អ្នកវិភាគរូបនេះ សង្កត់ធ្ងន់ថាទីតាំងបច្ចុប្បន្នរបស់វិទ្យាស្ថានពុទ្ធិសាសនបណ្ឌិត្យ ជាទីតាំង (ស្ថាប័ន) សាធារណៈរបស់រដ្ឋ ដែលព្រះរាជប្រទានដោយព្រះអង្គព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ។ យ៉ាងនេះក្តី លោកហាក់ដូចជាបង្ហាញ នូវការឯកភាពមួយក្នុងការរុះរើនូវស្ថាប័ននូវមួយនេះ ថាអាចជួល ដោះដូរ លក់ ឬធ្វើសម្បទានទៅបាន ល្កឹកណាទីតាំងអាគារទាំងមូលនៃពុទ្ធិសាសនបណ្ឌិត្យ អស់ផលប្រយោជន៍ជាសាធារណៈ និងក្រោយពេលធ្វើការផ្ទេរទៅជា«ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ»។
លោកបន្តររិះគន់ ទៅលើមន្រ្តីគ្រប់គ្រងនៃស្ថាប័នសាធារណៈរបស់រដ្ឋមួយនេះ ដែលមិនបានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ ពិសេសច្បាប់ភូមិបាល បែរជាហ៊ានធ្វើការឯកភាព និងសម្រេចប្រគល់ដីនេះឲ្យគេ(ក្រុមហ៊ុន)តែម្តង។ «ដូច្នេះ សេចក្តីសម្រេចនេះខុសច្បាប់ ខុសនឹងរដ្ឋធម្មនុញ្ញ ព្រោះសេចក្តីសម្រេចរបស់អង្គការរដ្ឋទាំងអស់ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញដាច់ខាត។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូច្នេះការសម្រេចហ្នឹងដូច ប៉ះពាល់ដល់ព្រះពុទ្ធសាសនា ហើយនិងវប្បធម៌របស់យើងផងដែរ។»
លោកបន្តថា មកទល់នឹងពេលនេះ នៅមិនទាន់ហួសពេលនៅឡើយទេ អាចធ្វើការសើររើមកវិញបាន។ «តើប្រទេសយើងគេជឿលើច្បាប់ លើរដ្ឋធម្មនុញ្ញទេ។ បើសិនគេជឿ គេគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ ប្រហែលជាគេនឹងធ្វើការសើរើឡើងវិញ។»៕