មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ច្រានចោលព័ត៌មានថា ហ៊ុន សែន មានជំងឺ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីការសែតឌឺខេមបូឌាដេលី ចេញផ្សាយអត្ថបទមួយថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានជម្ងឺរហូតដល់លុបចោលការប្រជុំ នៅប្រទេសបង់ក្លាដេសមក មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានចេញមុខមកប្រតិកម្មភា្លមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមានជម្ងឺ ដូចសារព័ត៌មានបានផ្សាយនោះទេ។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។
សុខភាពនាយករដ្ឋមន្ត្រី -ឆ្លើយតបនឹងការលេចលឺព័ត៌មាន ដែលរដ្ឋាភិបាលកម្ពុជាមិនចង់ឲ្យកើតមាននេះ លោកទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ខ្លី ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះថា៖ «អត់ដឹង។ ខ្ញុំគ្មានអ្វីពន្យល់។ ខ្ញុំនៅក្នុងប្រទេសដែរ គ្មានអ្វីពន្យល់ទេ។ បើទោះមានការសែតចុះអ្វីក៏ដោយ តែខ្ញុំមិនដឹង។»
តែបើតាមអត្ថបទចេញផ្សាយយោងប្រភពព័ត៌មាន ពីការសែតមួយរបស់ប្រទេសបង់ក្លាដេស ការសែតឌឺខេមបូឌាដេលី នៃប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា លោកម៉ាសរៀ អាឡាម (MShahriar Alam) រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសបង់ក្លាដេស បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសណ្ឋាគារមួយនៅទីក្រុង ដាកា ជាទីដែលគណៈប្រតិភូកម្ពុជាជាន់ខ្ពស់កំពុងស្នាក់នៅថា លោក ហ៊ុន សែន មានសុខភាពមិនល្អ និងបានលុបចោលជំនួបប្រជុំសំខាន់មួយ នៅទីនោះ។
ការសែតដដែលនោះបានស្រង់សម្តី របស់រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដេស លោកម៉ាសរៀ អាឡាម មកបញ្ជាក់ថា៖ «លោក ហ៊ុន សែន មិនស្រួលខ្លួន តាំងពីយប់ថ្ងៃច័ន្ទម៉្លេះ ប៉ុន្តែលោកមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទេ។ ដោយសារមានជំងឺ ជំនួបរបស់លោក ហ៊ុន សែន ជាមួយខ្ញុំ (ម៉ាសរៀ អាឡាម) និង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានលុបចោល។»
បើតាមស្ថានភាពជាក់ស្តែង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទំនងជាគ្មានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរនោះទេ ព្រោះលោក ហ៊ុន សែន បានវិលត្រលប់ពីប្រទេសបង់ក្លាដេស មកដល់ព្រលានយន្តហោះអន្តរជាតិរាជធានីភ្នំពេញវិញ នៅម៉ោងជាង១២រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះ ដូចការគ្រោងទុក។ ក្នុងឱកាសនោះ គេក៏សង្កេតឃើញមានវត្តមានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទៅទទួលស្វាគមន៍ជាប្រក្រតី។
ទន្ទឹមនឹងនេះលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ហើយជាសមាជិកគណៈប្រតិភូកម្ពុជាជាន់ខ្ពស់ អមដំណើរលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅចំពោះមុខអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិរាជធានីភ្នំពេញ បានច្រានចោលនូវដំណឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានជំងឺ ហើយបានបង្ខំចិត្តលុបចោល ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដេស និងមន្ត្រីបង់ក្លាដេសមួយចំនួនទៀត។ លោកកៅ គឹមហួន បានសង្កត់ធ្ងន់ថា៖ «ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដេស សម្តេចតេជោនាយករដ្ឋមន្ត្រី មានសុខភាពធម្មតា អត់មានឈឺអីទេ៕»