តំណាងរាស្ត្រ បាន ស្រីមុំ រងការចោទថា បញ្ជាឲ្យឃុំខ្លួនរាស្ត្រដើម្បីយកដី
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋបួនគ្រួសារ ចោទប្រកាន់តុលាការប៉ៃលិនថា មិនគោរពច្បាប់ ស្តាប់តាមបញ្ជាអ្នកមានលុយ មានអំណាច ចាប់ពលរដ្ឋក្រីក្រស្លូតត្រង់ដាក់ពន្ធនាគារ។ ពលរដ្ឋទាំងនោះ បានចង្អុលដាក់លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាភរិយារបស់អតីតអភិបាលខេត្ត អ៊ី ឈាន ថាជាអ្នកនៅពីក្រោយការចាប់ចងទាំងនេះ ដោយសារតែចង់បានដីលំនៅដ្ឋានរបស់ខ្លួន។ ការបញ្ជូនខ្លួនចូលពន្ធនាគារ ត្រូវបានធ្វើឡើងដោយគ្មានការស្រាវជ្រាវ និងដំណោះស្រាយអ្វីឡើយ មកទល់ពេលនេះ ក្រោមបទចោទប្រកាន់រុករានដីរដ្ឋ។
ក្រុមគ្រួសារពលរដ្ឋ ដែលត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់ឃុំ។ (រូបថត បណ្ដាញដីធ្លី)
សិទ្ធិដីធ្លី - ប្រជាពលរដ្ឋដែលមានឈ្មោះលោក ពេជ្រ សុធា, អ្នកស្រី ឱម សំអូន, អ្នកស្រី ឆាយ ឆាត និងអ្នកស្រី ឱម សំអាត ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជាផ្ទាល់ពីអតីតអភិបាលខេត្ត លោក អ៊ី ឈាន ដែលត្រូវជាស្វាមីរបស់លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាភាគីទំនាស់ជាមួយប្រជាពលរដ្ឋ ក្នុងរឿងដីធ្លី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ដាក់ពន្ធនាគាររហូតមកទល់ពេលនេះ។
ប្រជាពលរដ្ឋដែលត្រូវបានឃុំខ្លួននោះ បានចោទប្រកាន់លោកស្រី បាន ស្រីមុំ ថាបានយកដីពួកគាត់លក់ឲ្យក្រុមហ៊ុន តែបែរជាចោទប្រកាន់មកលើពលរដ្ឋថា ជាអ្នករុករានយកដីរដ្ឋទៅវិញ។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី មនោរម្យ.អាំងហ្វូ លោក ញឹក ញ៉ាន ត្រូវជាស្វាម៉ីអ្នកស្រី ឱម សំអាត បានបញ្ជាក់ប្រាប់ថា ក្រោយការចាប់ខ្លួនមកទល់ពេលនេះ មានរយៈពេលជិតបីខែហើយ មិនមានការដោះស្រាយអ្វីទាំងអស់ពីអាជ្ញាធរភូមិឃុំ ក៏ដូចជាស្រុក និងខេត្ត ពិសេសតុលាការ។ «ខ្ញុំចាំមើលផ្លូវរាល់តែថ្ងៃ មិនឃើញមានការដោះស្រាយសោះ។ (...) រឿងដីធ្លីតិចតួចសោះ ចាប់គ្នាដាក់គុក។»
យ៉ាងនេះក៏ដោយ លោកបានហៅការចាប់ខ្លួនប្រពន្ធរបស់លោក ក៏ដូចជាពលរដ្ឋបីនាក់ផ្សេងទៀតនោះថា ជាការធ្វើឡើងទាំងមិនដឹងអ្វីទាំងអស់ របស់តុលាការ ដែលចាំតែធ្វើតាមការបញ្ជារបស់លោកស្រី បាន ស្រីមុំ តែប៉ុណ្ណោះ។
លោក ឱម សុភាព ត្រូវជាប្អូនលោក ឱម សំអុល ក៏បានលើកឡើងប្រហែលគ្នានេះដែរ គឺគ្មានអាជ្ញាធរណាម្នាក់មកឈឺឆ្អាលពីសុខទុក្ខប្រជាពលរដ្ឋនោះទេ ក្រៅពីចង់បានដីប្រជាពលរដ្ឋនោះ។ លោកបន្តថា ក្រោយពីគ្មានដំណោះស្រាយពីអាជ្ញាធរ លោកក៏ដូចជាពលរដ្ឋផ្សេងទៀត ក៏បានស្វែងរកអង្គការសិទ្ធិមនុស្សឲ្យជួយអន្តរាគមន៍ និងបានប្តឹងឧទ្ធរណ៍ចំពោះករណីចាប់ខ្លួន និងឃុំខ្លួននេះ។ «ដីទាំងនេះត្រូវបានចែកដោយលោកមេភូមិ ហេង សារ៉ន និងអនុភូមិ សឿន សុឃឿន មិនមែនពលរដ្ឋទៅចាប់យកនោះទេ។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការសហការពីលោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន មកពីគណបក្សកាន់អំណាច ដើម្បីបំភ្លឺលើការចោទប្រកាន់ខាងលើបានទេ។ តែតាមការបញ្ចាក់របស់លោក ញឹក ញ៉ាន បានលើកឡើងថាថ្មីៗនេះ លោកបានទៅជួបជាមួយលោកស្រី បាន ស្រីមុំ ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចប់រឿងនេះ។ លោកបានបន្តថា ពេលនោះស្ត្រីតំណាងរាស្ត្ររូបនេះ បានបង្ខំឲ្យពួកគាត់ផ្តិតមេដៃឈប់ទាមទារ និងយកដីនោះ ទើបឲ្យតុលាការសម្រេចលើកលែងទោសឲ្យ តែមិនមែនទាំងស្រុងទេ គឺភាគច្រើន និងសម្រេចព្យួទោសឲ្យនៅក្រៅឃុំតែប៉ុណ្ណោះ។ «តុលាការ បើលោកស្រី បាន ស្រីមុំ ឲ្យលែងទើបបានហ៊ានលែន បើមិនឲ្យលែងទេមិនហ៊ានលែងទេ។ (...) មានកិច្ចសន្យាម្នាក់មួយៗមក សរសេរថាប្រគល់ដីធ្លីនេះឲ្យទៅគេ(លោកស្រី បាន ស្រីមុំ) គេនឹងឲ្យរួចខ្លួន។»
ដោយឡែកអ្នកស្រី សុឃឿន ដែលជាភរិយារបស់លោក ពេជ្រ សុធា បានលើកឡើងថា ប្តីអ្នកស្រីត្រូវបានចាប់ខ្លួនទាំងអយុត្តិធម៌។ អ្នកស្រីបញ្ជាក់ថា៖ «ដីធ្លីជារបស់យើង ដែលបានកាន់កាប់តាំងពីឆ្នាំ២០០០មក។ ទើបឆ្នាំ២០១៤ គេ (អាជ្ញាធរ) មកចាប់ខ្លួនដោយគ្មានបង្ហាញដីកាអ្វីទាំងអស់ ព្រមទាំងរុញបញ្ចូលឡានតែម្តង ជាមួយនឹងការចោទប្រកាន់ថាមករស់នៅខុសច្បាប់ លើដីបម្រុងទុករបស់រដ្ឋ និងជាដីព្រលានយន្តហោះ។»
មេធាវីអង្គការអាដហុក ដែលកាន់រឿងក្តីនេះលោកស្រី គា សុផល បានធ្វើការពន្យល់ទៅនឹងការចាប់ខ្លួននេះថា ថ្វីបើរឿងដីធ្លី តែដើមបណ្តឹងបានប្តឹងក្នុងរឿងព្រហ្មទណ្ឌ មិនមែនប្តឹងក្នុងរឿងស៊ីវិលទេ។ អ្នកស្រីបន្តថា ដើមបណ្តឹងនោះមានតួនាទីជាអភិបាលរងស្រុកសាលាក្រៅ បានចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះថា បានកាន់កាប់ដីសាធារណៈរបស់រដ្ឋ ទើបចេញដីការនាំខ្លួនតែម្តង ដោយគ្មានបានកោះហៅមកសាកសួរ ឬណែនាំអ្វីទេ។
លោកស្រីមេធាវីបញ្ជាក់ថា ពេលនេះកូនក្តីលោកស្រី បានដាក់ពាក្យបណ្តឹងនេះ មកកាន់សាលាឧទ្ធរណ៍ហើយ តែសំណុំរឿងទាំងនោះ នៅមិនទាន់មកដល់សាលាឧទ្ធរណ៍នៅឡើយទេ បើគិតមកដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤នេះ។ «ពួកគាត់កំពុងនៅក្នុងឃុំ។ យើងបានសុំឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែចៅក្រមស៊ើបសួរមិនអនុញ្ញាតិ។ ពួកគាត់បានប្តឹងឧទ្ធរណ៍ លើដីការសម្រេចមិនឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ។»
ក្រុមគ្រួសារពលរដ្ឋ ដែលត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ចាប់ឃុំ។ (រូបថត បណ្ដាញដីធ្លី)
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក សំ សារ៉េត អភិបាលរងស្រុកសាលាក្រៅ លោក ខ្លូត ភាព មេភូមិ និងលោក សឿន សុឃឿន អនុភូមិ បានទេក្នុងល្ងាចនេះ។ តែតាមការបញ្ជាក់របស់លោក ញឹម ញ៉ាន បានប្រាប់ថា អ្នកទាំងបីនាក់នេះជាអ្នកចេញមុខប្តឹង ជាអ្នកមកសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីបានដីនេះ និងក៏ជាអ្នកទទួលស្គាល់ក្នុងការប្រគល់ដីនេះ មកឲ្យប្រជាពលរដ្ឋ ក្នុងឆ្នាំ២០០០ដែរ។
ពលរដ្ឋទាំងបួននាក់ខាងលើ តំណាងឲ្យពលរដ្ឋ១៩គ្រួសារ ហើយជាអ្នកចេញមុខក្នុងការប្តឹងផ្តល់ តវ៉ារឿងដីធ្លីនេះ។ លោក ញឹក ញ៉ាន ស្វាម៉ីអ្នកស្រី ឱម សំអាត បានពន្យល់រំលឹកឡើងវិញថា ដីទំនាស់នេះ ត្រូវបានអាជ្ញាធរដកហូតកាលឆ្នាំ២០១២កន្លងមក ថាធ្វើជាព្រលានយន្តហោះ ដោយជំនួសមកវិញនូវទីតាំងថ្មី។ ប្រជាពលរដ្ឋទាំង១៩គ្រួសារ សម្រេចប្រគល់ដីនោះតាមការស្នើសុំ។ ក្រោយពីថ្ងៃប្រគល់ដីនោះ អាជ្ញាធរខេត្តមិនបានដោះស្រាយដីថ្មីឲ្យទេ។ នៅពេលដែលប្រជាពលរដ្ឋសួរ ឬហៅតាមទូរស័ព្ទតែងតែគេច បិទ ឬមិនទទួលជាដើម។ ផ្ទុយទៅវិញ ដីទាំងនោះ បែរជាត្រូវបានតំណាងរាស្ត្រសព្វថ្ងៃ របស់គណបក្សប្រជាជានកម្ពុជា លោកស្រី បាន ស្រីមុំ ដែលត្រូវជាភរិយាលោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ជាអ្នកចូលទៅកាន់កាប់ និងបញ្ជាឲ្យរុករាន និងដាំដំឡូង និងមិនមែនយកទៅធ្វើជា ព្រលានយន្ដហោះអ្វីឡើយ៕