ក្រសួងយុត្តិធម៌ មិនលូកដៃអំពីបញ្ហាសកម្មជនបឹងកក់ជាប់ពន្ធនាគារទេ
- ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ១២ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 12, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសន្និសីទថ្នាក់ជាតិមួយ ដែលមានការពិភាក្សាដេញដោលអំពីច្បាប់ ដែលបង្កើតឡើងថ្មីដោយក្រសួងយុត្តិធម៌ លោក អ៊ំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណៈបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក អង្គ វង្សវឌ្ឍានា បានឆ្លើយតបនឹងសំនួរលោកថា ក្រសួងនឹងមិនលូកដៃចូលក្នុងបញ្ហារបស់អ្នកភូមិបឹងកក់ ក្នុងការដោះស្រាយរបស់ប្រព័ន្ធតុលាការនោះទេ ព្រោះវាជាឯករាជ្យភាពរបស់តុលាការ។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានថ្លែងបញ្ជាក់ថា ក្រសួងយុត្តិធម៌ចាត់ទុកបញ្ហាការចាប់ខ្លួន របស់សកម្មជនបឹងកក់ មិនមែនជាកំហុសដែលទទួលបានពីការធ្វើបាតុកម្មនោះទេ ប៉ុន្តែវាជាទោសកំហុស ដែលពួកគេបានធ្វើមានការស្ទះចរាចរណ៍ក្រុង នៅពេលដែលពួកគេ បានទៅធ្វើការតវ៉ា ដើម្បីឲ្យសាលារាជធានីពិចារណារឿងទឹកលិច នៅសហគមន៍បឹងកក់ទៅវិញទេ។
តែការយកបញ្ហាច្បាប់ចរាចរណ៍មកនិយាយរបស់ក្រសួង ត្រូវបានលោក អ៊ំ សំអាន វាយតម្លៃថា ជារឿង«អយុត្តិធម៌បំផុត» ដោយសារតែក្រុមសកម្មជនបឹងកក់ទាំងនោះធ្វើបាតុកម្ម ដើម្បីឲ្យអជ្ញាធរជួយដោះស្រាយបញ្ហាទឹកលិច នៅផ្ទះរបស់ពួកគាត់។ លោកបានថ្លែងថា ៖ «ការកាត់ទោសឲ្យសកម្មជនទាំងនោះ ជាប់ពន្ធនាគារជារឿងមួយដែលអយុត្តិធម៌បំផុត»។ ហើយលោកថា នឹងជម្រុញឲ្យរដ្ឋាភិបាលធ្វើយ៉ាងណា ដោះលែងសកម្មជនទាំងនោះវិញ រួមទាំងសកម្មជនរបស់គណៈបក្សសង្រ្គោះជាតិផ្សេងទៀត។
យ៉ាងណាក៏ដោយ ជំហរមិនជ្រៀតជ្រៀកចូលកិច្ចការតុលាការនេះ ត្រូវបានលោក ជិន ម៉ាលីន ដែលជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ ថ្លែងអះអាងនៅក្នុងសន្និសីទជាតិនេះដូចគ្នា។ លោក ម៉ាលីន បានថ្លែងថា បើទោះជាមានច្បាប់ទាំងបី (ទី១ ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ទី២ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងទី៣ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ដែលក្រសួងទើបតែបង្កើតឡើងថ្មីនេះក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនមានសិទ្ធិអំណាច បំពានទៅលើអំណាចតុលាកានោះទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងបន្ថែមថា រដ្ឋមន្ត្រីក្រសួងគ្រាន់តែមានអំណាច ក្នុងការគ្រប់គ្រងបញ្ហារដ្ឋបាល ហិរញ្ញវត្ថុ និងដំណើរការរដ្ឋបាលទូទៅប្រចាំថ្ងៃរបស់តុលាកាប៉ុណ្ណោះ៕