ហេតុអ្វី​ក៏​ការ​ប្រគុំ​តន្ត្រី KAZANTIP ពិបាក​នឹង​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​យក?

ការរៀបចំការប្រគុំតន្ត្រី ដ៏ទំនើបតាមបែបបស្ចឹមលោក ដែលលាយឡំនឹងការស្រាត តាមបែបធម្មជាតិនោះ ពិបាកនឹងឲ្យប្រជាជនកម្ពុជា ជាពិសេសយុវជន ទទួលយកបានណាស់។ សូមអានការព្រួយបារម្ភ និងការមិនពេញចិត្ត របស់ពួកគាត់ទាំងនោះ ដែលលើកឡើងដោយនាយកសហព័ន្ធមួយរូប ទាក់ទងនឹងកម្មវិធីនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 12, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មវិធីបែប​«បស្ចឹម​លោក» ដូច​យ៉ាង KAZANTIP ពិបាក​នឹង​ធ្វើ​ប្រជាជន​កម្ពុជា​ទទួល​យក ដើម្បី​នឹង​បើក​ឲ្យ​ដំណើរ​ការ នៅ​លើ​ទឹកដី​កម្ពុជា​ណាស់។ នោះ ដោយ​សារ​តែ​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន យល់​ថា កម្មវិធី​បែប​បរទេស​ទាំង​នោះ អាច​នឹង​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី ពី​បរម​បូរាណ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​មាន​ការ​ទុក​ចិត្ត ទៅ​លើ​អាជ្ញាធរ ថា​នឹង​អាច​គ្រប់​គ្រង​កម្មវិធី​នេះ បាន​ល្អ​ឬ​យ៉ា​ងណា​នោះ​ផង។

នាយកប្រតិបត្តិសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា លោក ទិប ទាវ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរ្យ.អាំងហ្វូ​បានបង្ហាញនូវទស្សនៈរបស់លោ​ក ក្នុងនាមជាយុវជនកម្ពុជាថា លោក ក៏ដូចជាយុវជនជាច្រើនទៀត «មិន»ចង់​ឲ្យកម្មវិធីបរទេស ដែលមានលក្ខណៈអាក្រាតកាយ កើតមានលើទឹកដីកម្ពុជានោះឡើយ បើទោះក្នុងលក្ខណៈ​បិទបាំង ឬអសាធារណៈក៏ដោយ។

លោកមើលឃើញថា វាក៏មិនបានផ្តល់ផលចំណេញអ្វី សម្រាប់កម្ពុជាជាដំកំភួនទេ។ ផ្ទុយមកវិញវាពិតជាផ្តល់នូវ​ផលអាក្រក់ និងភាពអវិជ្ជមានច្រើនដល់កម្ពុជា ពិសេសភាពអសកម្ម និងទង្វើពាលាអាវ៉ាសែ នឹងជ្រាបចូល​ក្នុង​ស្រទាប់យុវវ័យ។ លោកបានថ្លែងឲ្យដឹងថា៖ «យុវជនអាចឈានទៅរកភាពភ្លើតភ្លើនបែប តាមការផ្តល់ឲ្យរបស់​សង្គម។ នាំឲ្យប្រពៃណីដ៏ល្អរបស់កម្ពុជានឹងសាប ឈានទៅទាញវប្បធម៌ប្រពៃណីធ្លាក់ចុះ នឹងក៏នាំឲ្យបរិបទ​សង្គម ក៏អាប់អោនតាមនោះដែរ នោះភាពរីកចម្រើនរបស់កម្ពុជាក៏គ្មាន។»

លោក ទិប ទាវ បានបង្ហាញនូវការសោកស្តាយ ចំពោះអនាគតនៃវប្បធម៌ និងទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា រួម​ទាំងអនាគតរបស់សសរទ្រូងកម្ពុជា ជាយុវជន និងប្រឈមមុខបាត់បង់ជាបណ្តើរៗ បើកម្មវិធី KAZANTIP ត្រូវ​បានប្រកាសឲ្យបើកដោយអាជ្ញាធរ ឬរដ្ឋាភិបាលកម្ពុជាមែននោះ។ លោកបានពន្យល់ថា៖ «បើកម្មវិធីនោះ​កើត​ឡើងដោយសេរី គ្មានល័ក្ខខណ្ឌណាច្បាស់លាស់ ធ្វើឲ្យយុវជនងាយងាកទៅរកផ្លូវនោះដែរ។ ហើយកម្លាំង​យុវជន​នឹងត្រូវធ្លាក់ចុះ គ្មានកម្លាំងលើកស្ទួយ គ្មានធនធានមនុស្សជាដើម។ (…) សាបពូជណា បានពូជនោះ។ នេះជាការពិត!»

មេដឹកនាំសហព័ន្ធវ័យក្មេងរូបនេះបន្តថា៖ «បច្ចុប្បន្ននេះ កម្ពុជាកំពុងជួបគ្រោះថ្នាក់មួយ រួចទៅហើយដូចជាករណី ស្រា ខ្លិប បា ខារ៉ាអូខេ កើតឡើងរីកដុះឡើងដូចផ្សិត។ ការដុះឡើងដូចផ្សិតនេះ ស្ថិតនៅក្នុងកន្លែងបិទបាំងផង ចុះបើពេលនេះបែរជាធ្វើដោយសាធារណៈ ជាការបើកចំហរមួយ បានធ្វើឲ្យកម្លាំងយុវជនមួយចំនួន ដែលកំពុង​មាន​ភាពស្រើបស្រាល ក្នុងរឿងអស់នេះទៀតនោះ វារិតតែធ្វើឲ្យពួកគាត់ធ្លាក់ចុះកាន់តែជ្រៅឡើងៗ។»

តបនឹងការព្រួយបារម្ភរបស់ពលរដ្ឋកម្ពុជាទាំងនោះ តំណាងក្រុមហ៊ុនកាហ្សានធីប (Kazantip) បានព្យាយាម​អះ​អាងថា ការរៀបចំប្រគំតន្ត្រី និងសម្ដែងសិល្បៈប្រចាំឆ្នាំរបស់ខ្លួននៅលើកោះពស់ នៃខេត្តព្រះសីហនុនោះ ប៉ះ​ពាល់​ដល់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ប្រទេសកម្ពុជាទេ។

តាមការស្រង់សំដីរបស់តំណាងក្រុមហ៊ុនកាហ្សានធីប លោក អាធីម ហាឆឹនកូ (Artem Harchenko) ដោយ​សារព័ត៌មាន​ក្នុងស្រុកមួយ បានធ្វើការអះអាងក្នុងសន្និសីទកាសែត នាឆ្នេរកោះពស់ ខេត្តព្រះសីហនុ កាលពី​ថ្ងៃ​ទី៩ ខែកុម្ភៈនេះថា ការប្រគំតន្ត្រីរបស់ក្រុមហ៊ុនលោក មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណី​ជាតិខ្មែរទេ។ ផ្ទុយមកវិញ មានការទាក់ទាញភ្ញៀវទេសចណ៍ ចូលមកកម្ពុជាកាន់តែច្រើនឡើងទៅវិញទេ។

ជាមួយនឹងកិច្ចខិតខំបញ្ចុះចញ្ចូលនេះ លោក អាធីម ហាឆឹនកូ (Artem Harchenko) បន្តថា មានប្រទេសជាច្រើន​ដែលស្នើឲ្យក្រុមហ៊ុនលោក បើកកម្មវិធីនេះ នៅក្នុងប្រទេសគេ តែលោកចាប់អារម្មណ៍នឹងប្រទេសកម្ពុជាជាង។ លោកបានអះអាងបន្តថា ក្រុមហ៊ុនរបស់លោក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ បើកម្មវិធីក្រុមហ៊ុនរបស់លោក ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជានោះ។

ការលើកឡើងពីកេរ្ត៍ឈ្មោះប្រទេសកម្ពុជាខាងលើនេះ ត្រូវបាន លោក ទិប ទាវ បញ្ជាក់ថា បើអាក្រក់ហើយ មិន​អាច​យកអ្វីមកលប់បំបាត់បានវិញទេ ជាពិសេសនៅពេលដែល អាជ្ញាធរកម្ពុជា មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុង​ការទប់ស្កាត់។ ការគ្មានលទ្ធភាពនេះ អាចកើតចេញពីការទទួលសំណូក ដែលបង្កឲ្យមានកម្មវិធីអានាចារ ដូច​យ៉ាង KAZANTIP នេះកើតឡើងដែរ។ លោក ទិប ទាវ បានបញ្ជាក់ទៀតថា៖ «ពួកគាត់មានអំពើពុករលួយ ក្នុង​នោះដោយសារការស៊ីលុយពីគេ»។

មិនអាចទាក់ទងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឈិត សុខុន អភិបាលខេត្ត​ព្រះ​សីហនុ បានទេ ដោយទូរស័ព្ទពួកលោកគ្មានការទទួល។ តែកាលពីថ្ងៃទី២ ខែកុម្ភៈថ្មីៗនេះ អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន ធ្លាប់បានលុបចោលលិខិតអនុញ្ញាត ចុះហត្ថលេខាដោយលោក សំ សំអាត អភិបាលរង (ក្នុងនាមស្តីទី) ទាក់ទិនកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុនកាហ្សានធីប (Kazantip) នេះ ក្រោមមូលហេតុកម្មវិធីនេះ មានលក្ខណៈអាសអាភាស និងមានកាយវិការរួមភេទ ដែលលោកយល់ថា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងកិត្តិយសរបស់កម្ពុជា។

បើទោះជាក្រុមហ៊ុនកាហ្សានធីប (Kazantip) បានកំពុងព្យាយាមតវ៉ាជាមួយអាជ្ញាធរកម្ពុជា ដើម្បីទទួល​បានការ​អនុញ្ញាតឲ្យធ្វើកម្មវិធីនេះក៏ដោយ តែមកទល់នឹងថ្ងៃទី១២ ខែកុម្ភៈនេះ នូវមិនទាន់មានព័ត៌មានណាមួយ​ជាក់លាក់ ពីអាជ្ញាធរថាឲ្យក្រុមហ៊ុនមួយនេះ អាចធ្វើកម្មវិធីដែលនឹងគ្រោងធ្វើ ពីថ្ងៃទី១៨ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នាឆ្នេរកោះពស់ ឬយ៉ាងណានោះឡើយ៕

ខាងក្រោមនេះ ជាវីដេអូផ្សាយពាណិជ្ជកម្មរបស់កម្មវិធីនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...