កូនប្រុស ឈុត វុទ្ធី ថាចំណីអាហារមានសារជាតិគីមី ជាកំហុសអ្នកដឹកនាំ
«វាមិនមែនជាកំហុសរបស់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារការប្រើប្រាស់នោះទេ។ កំហុសដ៏ធំ គឺជាកំហុសរបស់អ្នកដឹកនាំ។» នេះ ជាការលើកឡើងរបស់យុវជន ឆឺយ ឧត្ដមរស្មី សកម្មជនការពារបរិស្ថាន ដែលបន្តវេនពីឪពុករបស់លោក ឈ្មោះ ឈុត វុទ្ធី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅកណ្ដាលទ្រូងព្រៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
ការលើកឡើងរបស់លោក ឆឺយ ឧត្ដមរស្មី បានធ្វើឡើងមួយថ្ងៃ ក្រោយការថ្លែងជាថ្មីទៀត របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា ដែលបានបន្ទោសពលរដ្ឋខ្លួនឯង ពីបញ្ហាបន្លែផ្លែឈើសាច់ ដែលមានសារជាតិគីមី និងដែលនៅតែមានវត្តមាន នៅលើទីផ្សារក្នុងប្រទេស រហូតមកដល់សព្វថ្ងៃ។
សកម្មជនការពារបរិស្ថានវ័យក្មេងរូបនេះ បានចោទសួរជាដំបូងឡើងថា៖ «បញ្ហានិមួយៗ វាតែមានការចាប់ផ្តើមជានិច្ច ដូចរឿងសារជាតិគីមី ដែលប្រជាពលរដ្ឋបានរងគ្រោះ ដោយសារ បន្លែ ផ្លែឈើ សាច់ និងគ្រឿងកំប៉ុង។ល។ អ្វីទាំងនេះ [...]