អាជីវករនៅកោះធំ រងការបង្ខំពីអាជ្ញាធរ ឲ្យទៅកាប់ជ្រូកនៅកុងស៊ី
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១២ មករា ២០១៥
- កែប្រែចុងក្រោយ: January 13, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរសាច់ជ្រូក នៅតាមផ្សារក្នុងស្រុកកោះធំ ត្រូវបានអាជ្ញាធរតម្រូវឲ្យយកជ្រូកទៅកាប់ នៅក្នុងកុងស៊ីវិញ ដែលតម្រូវឲ្យបង់ថ្លៃឈ្នួលកុងស៊ីនោះ ក្នុងតម្លៃជ្រូកមួយក្បាល ៧០០០រៀល និងតម្រូវឲ្យពួកគាត់ជួលកម្មករកាប់ជ្រូកដោយខ្លួនឯងទៀត។ ចំពោះអាជីវករណា ដែលមិនព្រមបញ្ឈប់ការកាប់ជ្រូកនៅតាមផ្ទះខ្លួនឯងទេនោះ អាជ្ញាធរនឹងធ្វើការចាប់យកសាច់ជ្រូកនោះទុក មិនឲ្យលក់ចេញឡើយ។
អ្នកស្រី ទ្រី សៀវម៉ី អាជីវករលក់សាច់ជ្រូកមួយរូបនៅផ្សារកោះធំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អាជ្ញាធរបានបង្គាប់ឲ្យពួកគាត់ យកជ្រូកទៅកាប់នៅកុងស៊ី ដែលទើបតែបង្កើតរួចហើយវិញ និងហាមឃាត់មិនឲ្យកាប់ជ្រូកនៅក្នុងផ្ទះទៀតទេ។
អាជីវកររូនេះបានថ្លែងបន្តថា រឿងនេះបានកើតឡើងជិតមួយឆ្នាំទៅហើយ កាលពី ខែ ២ ឆ្នាំ ២០១៤ម្លេះ ប៉ុន្តែពួកគាត់មិនព្រមយកជ្រូកទៅកាប់នៅកុងស៊ីនោះទេ ព្រោះវាយឆ្ងាយពីផ្ទះនិងពីផ្សារដល់ទៅ ៩ គីឡូម៉ែត្រឯនោះ។ ដូច្នេះហើយបានជាអាជ្ញាធរចេះតែចុះបង្រ្កាបពួកគាត់ ជារៀងរាល់ថ្ងៃ គឺនៅពេលជិតទៀបភ្លឺ ម៉ោងប្រមាណជាង ៤ព្រឹក ដោយមានប្រដាប់ដោយអាវុធផ្សេងៗផង។
ការបង្កើតកុងស៊ីនោះ ត្រូវបានអ្នកស្រី រី សៀវម៉ី លើកឡើងថាអាជ្ញាធរ និងម្ចាស់កុងស៊ីរួមគំនិតគ្នា ដើម្បីធ្វើយ៉ាងណាឲ្យអាជីវករ ដែលលក់សាច់ជ្រូកនៅក្នុងស្រុកនោះ យកជ្រូកទៅកាប់នៅកន្លែងរបស់ខ្លួន។
អ្នកស្រីបានអះអាងថា ពួកគាត់នឹងមិនយកជ្រូកទៅកាប់នៅកន្លែងនោះទេ ព្រោះវាមានចំងាយឆ្ងាយ ហើយត្រូវចំណាយថ្លៃឈ្នួលអស់ច្រើន រាប់ទាំងថ្លៃដឹក កាប់ និងកន្លែងកុងស៊ីទៀតផង។ ដូច្នេះពួកគាត់មានតែកាប់សាច់ដោយលួចលាក់ និងការភ័យខ្លាចជារៀងរាល់ថ្ងៃ ព្រោះអាជ្ញាធរធ្លាប់បានចាប់យកសាច់ និងជញ្ជីងរបស់ពួកគាត់ ហើយថែមទាំងគំរាមដល់អ្នកទិញសាច់នោះទៀតផង ប្រសិនបើអ្នកណាហានទិញនោះ គេនឹងចាប់ដូចជាអ្នកលក់សាច់នោះដែរ។
អាជីវករលក់សាច់ជ្រូកនៅស្រុកកោះធំ បានសំនូមពរទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហានេះ ព្រោះការប្តឹងផ្តល់របស់ពួកគាត់វាមានរយៈពេលជិត ១ឆ្នំាទៅហើយ ហើយម្យ៉ាងទៀត ពួកគាត់ត្រូវខាតពេលវេលារកស៊ី និងជាពិសេសនោះត្រូវប្រកបរបរដោយលួចលាក់ និងភាពភ័យខ្លាចពីអាជ្ញាធរជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា នៅដើមឆ្នាំ ២០១៤ នេះ ក្នុងស្រុកកោះធំមានការសាងសង់រោងកុងស៊ីមួយ ដែលជារបស់ឯកជន។ ប៉ុន្តែមិនសូវមានអាជីវករ យកជ្រូកទៅកាប់នៅរោងកុងស៊ីនោះទេ។ ហើយនៅព្រឹកថ្ងៃទី ១១ និង១២ ខែមករានេះ កម្លាំងអាជ្ញាធរប្រដាប់ដោយអាវុធ ប្រមានជាង ២០នាក់ រួមទាំងមន្ត្រីពេទ្យសត្វ បានចុះទៅចាប់ដល់ផ្ទះអាជីវករ ដែលកាប់ជ្រូកនៅតាមផ្ទះ ក្នុងនោះមានទាំងផ្ទះរបស់អ្នកស្រី ទ្រី សៀវម៉ី ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូបានអាចធ្វើការទាក់ទង សុំបញ្ជាក់ពីមេឃុំកោះធំបាននៅឡើយ ដោយទូរស័ព្ទរបស់គាត់ត្រូវបានបិទ៕