អ្នកច្បាប់ថា បក្សប្រជាជនខ្លាចការផ្ដល់សិទ្ធិ និងសេរីភាពឲ្យពលរដ្ឋ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១២ មករា ០១៤
- កែប្រែចុងក្រោយ: January 13, 2015
- ប្រធានបទ: ច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ច្បាប់ថ្មី»សម្រាប់ស្ថាប័ន គ.ជ.ប ដែលក្រុមការងារបច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងជួបជជែកគ្នាជាច្រើនលើកច្រើនសារនោះ ចេះតែមានបញ្ហាមិនចេះចប់ និងនៅតែគ្មានដំណោះស្រាយ។ លោក ព្រហ្ម វិជ្ជា សាស្រ្តាចារ្យច្បាប់ និងមគ្គុទេសក្នុងការបង្ហាត់បង្ហាញច្បាប់បោះឆ្នោត និងច្បាប់នានាដែលពាក់ព័ន្ធនឹង គ.ជ.ប ទៅដល់មន្រ្តីនិងយុវជន នៃស្ថាប័ន គ.ជ.ប នេះ បានថ្លែងថា នោះដោយសារតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ ខា្លចការផ្តល់សិទ្ធិ និងសេរីភាពទៅឲ្យពលរដ្ឋ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ព្រហ្ម វិជ្ជា បានរៀបរាប់ថា កន្លងមកគណបក្សទាំងពីរតែងតែទើសទាល់ ក្នុងការសម្រេចក្នុងជំនួបនៃមន្រ្តីបច្ចេកទេស ហើយកិច្ចការមួយចំនួន ត្រូវបានក្រុមការងាររបស់គណបក្សទាំងពីរលើកឡើងថា រង់ចាំមានជំនួបថ្នាក់ដឹកនាំកំពូល ជាអ្នកសម្រេច។ ករណីមួយចំនួនដែលឆ្លងកាត់ជំនួបជាច្រើនលើកនោះ តែមិនអាចមានការឯកភាពគ្នាដូចជា បញ្ហាដែលគណបក្សប្រជាជនកម្ពុជាចង់«បង្រួម»សិទ្ធិ នៃការធ្វើការឃោសនា និងការចូលរួមឃោសនាការបោះឆ្នោតរបស់ពលរដ្ឋ ចែងក្នុងច្បាប់បោះឆ្នោតថ្មី - បញ្ហា«អត្តសញ្ញាណ» នៃអ្នកត្រូវទៅបោះឆ្នោត - បញ្ហាបញ្ចូលឈ្មោះអ្នកបោះឆ្នោត តាមប្រព័ន្ធអេឡិចត្រូនិក - បញ្ហាការបង្កើត«ប័ណ្ឌ» សម្រាប់អ្នកបោះឆ្នោតប្រើប្រាស់នៅពេលបោះឆ្នោត និងបញ្ហា«សញ្ជាតិខ្មែរ»តែមួយជាដើម។ ករណីខាងលើនេះ ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងអះអាងថាមិនអាចម្រេចបាន និងទុកឲ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច។
តែផ្ទុយទៅវិញ សម្រាប់មាត្រា៥៣(ថ្មី) នៃសេចក្តីព្រាងច្បាប់ស្តី ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានគណបក្សកាន់អំណាចថែរក្សាទុក ព្រោះវាបានផ្តល់នូវផលវិជ្ជមានច្រើន សម្រាប់គណបក្សប្រជាជនកម្ពុជាខ្លួនឯង ជៀសជាងប្រយោជន៍ជាតិ និងប្រជាជន។ លោកសាស្ត្រាចរណ៍ បានលើកយត្រង់ចំណុច «ប្រតិភូកម្មអំណាចទៅឲ្យមន្រ្តីថ្នាក់ក្រោម ឬមូលដ្ឋាន» ដែលចែងនៅក្នុងមាត្រា និងត្រូវបានរក្សាទុកនោះ មកនិយាយថា ព្រោះសកម្មជនដែលជាអ្នក«ចុះ»ឈ្មោះឬ«លុប»ឈ្មោះ ជាមន្រ្តីមកពីគណបក្សប្រជាជនកម្ពុជា ហើយមន្រ្តីទាំងនោះ នឹងមានឱកាសច្រើនក្នុងការ«លុប» ឬ«បន្ថែម»សកម្មជនណា ដែលមិនមែនឬជាសមាជិកបក្សរបស់ខ្លួន។ កែ ឬកោសលុបឈ្មោះអ្នកគាំទ្របក្សដទៃ ឲ្យមានលក្ខណៈខុស ដែលមិនអាចបោះឆ្នោតបាន។ បន្ទាប់មកឲ្យមេឃុំមកពីបក្សកាន់អំណាច អាចផ្តល់សិទ្ធិ«ថ្មី»ទៅឲ្យជនផ្សេងទៀត ដែលអាចទៅបោះឆ្នោតជំនួសលើឈ្មោះ ដែលបានកែខុសពីធាតុដើមនោះ។
លោកបន្តថា ក្រៅពីនេះ នៅមានការប្រើយុទ្ធសាស្រ្តមួយចំនួនទៀត ដូចជាការគម្រាមកំហែងលើផ្នែកចិត្តសាស្រ្ត តាមរយៈការចុះផ្ទៀងឈ្មោះបោះឆ្នោត។ ការ«ប្រែ»មន្រ្តីរាជការស៊ីវិល ទៅជាសកម្មជននយោបាយរបស់បក្សកាន់អំណាច ការផ្តល់ឱកាសឲ្យជនអន្តោប្រវេសន៍វៀតណាមមានសិទ្ធិ ក្នុងការចូលរួមការបោះឆ្នោតនៅកម្ពុជាជាដើម។
លោកសាស្រ្តាចារ្យបានថ្លែងទៀតថា ការមិន«ព្រម»កែប្រែមាត្រា៥៣(ថ្មី) របស់គណបក្សប្រជាជនកម្ពុជានេះ ជាការរួមចំណែកមួយក្នុងការបង្កើតឲ្យមាន«ផលវិបាក» ច្រើនសម្រាប់ការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា កំពុងបន្តឲ្យមាននូវភាពអសន្តិសុខសង្គម តាមរយៈការគ្រប់គ្រងប្រព័ន្ធ«យុត្តិធម៌» ដោយប្រយោល ក្នុងការបំបិទសិទ្ធិ និងសេរីភាព ផ្ទុយពីគោលការណ៍ច្បាប់ដែលមានចែង ប៉ុន្តែបានដាក់ចេញ នូវគោលការណ៍«អំណាចបែបផ្តាច់ការ» តាមរយៈការបញ្ជាដោយ«ផ្ទាល់មាត់» ជាជំនួស។
«ស.ជ.ណ»
លោកបានបន្តលើកឡើងថា ជាក់ស្ដែងណាស់ ប្រទេសកម្ពុជាកំពុង«ក្រឡាប់ចាក់» ដោយប្រទេសនេះយក ស.ជ.ណ មកគ្របលើ«ច្បាប់» ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ លោកបានពន្យល់ថា ស.ជ.ណ ដែលធំជាងច្បាប់នេះបានសម្រេចនូវអ្វីៗ ស្រេចតែនឹងអំណាចនៃអ្នកដឹកនាំ ឬរៀបចំ ដូចករណីទំនិញចង់ឡើងថ្លៃ ឬចុះថោកនោះ គ្មានយន្តការច្បាស់លាស់ឡើយ ធ្វើឡើងតាមតែចិត្តនឹកឃើញ និងដើម្បីតែអំណាច ឬប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន ឬបក្សពួកប៉ុណ្ណោះ។ រីឯករណីដីធ្លីក៏ដូចគ្នាដែរ គ្មានអនុវត្តយន្តការច្បាប់ឡើយ ដោយយកតែយន្តការបក្ស អំណាចនិងសាច់ញាតិមកអនុវត្តប៉ុណ្ណោះ។
ការដឹកនាំដែលមិនយកច្បាប់ជាមូលដ្ឋាន បង្កឲ្យមានវិបត្កដីធ្លី រិតតែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយបន្ទាប់មក ដោយមិនអាចទប់ទល់បាន រដ្ឋាភិបាលក៏សម្រេចបង្កើត «កម្លាំងក្នុងកម្លាំង» ក្រោមលេស«ភូមិឃុំមានសុវត្តិភាព» នូវក្រុមដែលគេចាត់ទុកថា ជាក្រុម«បាតដៃទីបី» ឬ«កម្លាំងទីបី» ដែលគេហៅថា «បញ្ជាការពារភូមិ» មកបង្ក្រាប បាតុកម្ម កូដកម្ម ស្របច្បាប់ ក្រោមការបញ្ជារបស់អាជ្ញាធរ តែគ្មានអ្នកទទួលខុសត្រូវ លើទង្វើរបស់ក្រុមទាំងនោះឡើយ។ ក្រោយពី«បរាជ័យ»ក្នុងរឿងជម្លោះផ្ទះសម្បែង ដីស្រែចម្កា ប្រជាពលរដ្ឋភាគច្រើនបានសម្រេចចិត្ត ចាកចេញពីភូមិកំណើតរបស់ខ្លួន ទៅកាន់ទីដទៃ រហូតមានការលបលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសក្រៅជាដើម៕