រដ្ឋសភាកម្ពុជាថាការសម្រេចរបស់សភាអ៊ឺរ៉ុប ធ្វើតាមព័ត៌មានលំអៀង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 16, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្តីថ្លែងការណ៍ របស់រដ្ឋសភាកម្ពុជា ដែលបានសម្តែង នូវការមិនយល់ស្រប និងមានការសោកស្តាយ ចំពោះ «សេចក្តីសម្រេចរបស់សភាអឺរ៉ុបស្តីពីបញ្ហាកម្ពុជា ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ» និងដែលចេញផ្សាយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានសរសេរបញ្ជាក់ ពីខ្លឹមសារសំខាន់ៗ ចំនួន៨ចំណុច ដែលហាក់មិនសូវមានអ្វីថ្មី ប៉ុន្មានឡើយ។
មិនមានអ្វីថ្មី ព្រោះស្ថាប័ននីតិបញ្ញត្តិកម្ពុជា បានធ្វើការពន្យល់ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ ទៅតាមអ្វី ដែលគេធ្លាប់ឮ ច្រំដែលៗ នៅក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ និងដែលចេញពីមន្ត្រីជាន់ខ្ពស់ បណ្ដាសេនាធិការ ក៏ដូចជាប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ ជាពិសេស ស្ថាប័នជាតិកំពូលមួយនេះ បានចាត់ទុកសេចក្ដីសម្រេច ដែលត្រូវបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូ ក្នុងអង្គប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុបនោះ ថាបានធ្វើឡើង ដោយ«ផ្អែកលើព័ត៌មានលម្អៀង ដែលបានមកពីភាគីតែម្ខាង»។
រដ្ឋសភាកម្ពុជា ដែលធ្លាប់ទទួលក្រុមមន្ត្រី គណបក្សសង្គ្រោះជាតិ ឲ្យទៅអង្គុយក្នុងស្ថាប័នខ្លួន បានសរសេរថា គណបក្សប្រឆាំងមួយនេះ បានប្រព្រឹត្តអំពើល្មើសយ៉ាងធ្ងន់ធ្ងរ ផ្ទុយទាំងស្រុងនឹងការប្រកួតប្រជែង តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបានសរសេរបញ្ជាក់ថា តុលាការកំពូល បានសម្រេចរំលាយគណបក្សនេះ ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមិនខុសពីបណ្តាប្រទេសមួយចំនួន ដែលធ្លាប់បានរំលាយគណបក្សនយោបាយ ដោយផ្អែកតាមច្បាប់ របស់ប្រទេសខ្លួនដែរ នោះឡើយ។
ស្ថាប័ននីតិបញ្ញត្តិជាតិកម្ពុជា បានបន្តថា៖ «លោក កឹម សុខា ត្រូវបានចោទ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសជាក់ស្តែង មានចែងក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ករណីរបស់លោក កឹម សុខា កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ដែលកំពុងអនុវត្តតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។»។
សេចក្ដីថ្លែងការណ៍បានចោទសួរ ទៅសភាអ៊ឺរ៉ុបវិញថា៖ «តើការអនុវត្តសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បែបថ្នាក់ដឹកនាំ គណបក្សប្រឆាំងជាអំពើស្របច្បាប់ដែរឬទេ? បើកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម តើអ្នកណាជាជនរងគ្រោះពិតប្រាកដ? ហើយ តើសភាអឺរ៉ុប នឹងការពារសិទ្ធិរបស់មេដឹកនាំទុច្ចរិតទាំងនេះ ឬក៏ការពារសិទ្ធិ របស់ប្រជាពលរដ្ឋទូទៅ?»។
បន្ថែមពីលើនេះ រដ្ឋសភាកម្ពុជា នៅបានសរសេរ តាងនាមជំនួសឲ្យរដ្ឋាភិបាលកម្ពុជាថា៖ «កម្ពុជាប្តេជ្ញាគោរព និងអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងគោរពសិទ្ធិមនុស្ស (...) កម្ពុជាស្វាគមន៍រាល់ជំនួយ ឧបត្ថម្ភនានា សម្រាប់ការរៀបចំការបោះឆ្នោត និងប្តេជ្ញាចិត្តនឹងរៀបចំការបោះឆ្នោត នៅឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
នៅត្រង់ចំណុចទី៧ នៃសេចក្ដីថ្លែងការណ៍បានសរសេរថា៖ «ប្រសិនបើសភាអឺរ៉ុបដកភាពអនុគ្រោះពន្ធ លើទំនិញកម្ពុជា នាំចូលអឺរ៉ុបមែននោះ គឺមានន័យថា អឺរ៉ុបមិនបានគិតគូរ ពីសិទ្ធិនៃការរស់នៅ និងសុខុមាលភាព របស់កម្មករ-កម្មការិនីរាប់សែននាក់ ដែលអាចនឹងទទួលរងផលប៉ះពាល់ ដោយ សារការសម្រេច ដោយអយុត្តិធម៌បែបនេះ»។
សភាអ៊ឺរ៉ុបបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូនេះ នូវដំណោះស្រាយមួយ លេខ «P8_TA(2017)0497» មាន១៣ចំណុច ដើម្បីដាក់ប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ទទួលបានសម្លេងគាំទ្រពីពលរដ្ឋ ជិតកន្លះប្រទេសកម្ពុជា។
មុននឹងឈានដល់ដំណោះស្រាយ ទាំង១៣ចំណុច សេចក្ដីសម្រេច របស់សភាអ៊ឺរ៉ុប បានសរសេរយោង និងបានឃើញ ពីសន្ធិសញ្ញា កិច្ចព្រមព្រៀង សេចក្ដីប្រកាសរួម ជាលក្ខណៈអន្តរជាតិជាច្រើន ដែលកម្ពុជាបានផ្ដល់សច្ចាប័ន (មានទាំងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១) ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងយោងតាមមាត្រាមួយចំនួន នៃធម្មនុញ្ញអ៊ឺរ៉ុប ក៏ដូចជាបទបញ្ជាផ្ទៃក្នុង របស់សភាអ៊ឺរ៉ុបនោះផង។ បន្ទាប់មក សេចក្ដីសម្រេចនោះ បានសរសេរគូសបញ្ជាក់ អំពីរាល់ទឡ្ហីករណ៍ សក្ខីកម្ម បញ្ហា ទង្វើ និងសកម្មភាព ដែលទើបនឹងកើតឡើងចុងក្រោយបង្អស់ នៅក្នុងប្រទេសកម្ពុជា ហើយដែលបង្កឲ្យមានដំណើរដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ រហូតក្លាយជាវិបត្តិនយោបាយ ដ៏ស្រួចស្រាវក្នុងពេលនេះ។
ដើម្បីដឹងលំអិត អំពីខ្លឹមសារនៃសេចក្ដីសម្រេចដំណោះស្រាយ ទាំង១៣ចំណុច សូមចុចអាននៅទីនេះ៕