ប្រ៊ែដ អាដាម៖ ហ៊ុន សែន មាន​ប្រាក់​៥០០លាន​ដុល្លារ

នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានគោរមងារច្រើន​រាប់មិនអស់នោះ អាចនឹងមានងារមួយទៀត ហៅថា សម្ដេច​អគ្គ​មហា​សេនាធិបតី​តេជោ «មហាសេដ្ឋី» ហ៊ុន សែន ដោយសារ​ទ្រព្យសម្បត្តិ​ដ៏​សម្បើម​របស់​លោក ដែល​មាន​ចំនួន​ប្រមាណ​ជា ៥០០លាន​ដុល្លារ​អាមេរិក។ នេះបើគេសំអាង តាម​ការលើក​ឡើង​​របស់​លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​​ទទួល​​បន្ទុក​​​កិច្ចការ​​​តំបន់​អាស៊ី នៃអង្គការ​ឃ្លាំមើល​​សិទ្ធិ​​មនុស្ស ហៅជាភាសា​អង់គ្លេស​ថា «Human Rights Watch» ដោយ​លើក​យក​ប្រភព​មួយ ស្និត​នឹង​រដ្ឋាភិបាល​អាមេរិក​មក​បញ្ជាក់។
ប្រ៊ែដ អាដាម៖ ហ៊ុន សែន មាន​ប្រាក់​៥០០លាន​ដុល្លារ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៣ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 04, 2016
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការកាន់អំណាចជាង៣០ឆ្នាំ របស់លោក ហ៊ុន សែន ពិតជាជួយឲ្យលោក រកបានប្រាក់​រហូតដល់ទៅ ៥០០​លាន​ដុល្លារមែនឬ? មែនឬមិនមែន តែតួលេខនៃទឹកប្រាក់ដ៏មហាសាលនេះ ត្រូវបានលោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​​កិច្ចការ​តំបន់​អាស៊ី នៃអង្គការ​ឃ្លាំមើល​​សិទ្ធិ​​មនុស្ស ហៅជាភាសា​អង់គ្លេស​ថា «Human Rights Watch» ទម្លាយឲ្យដឹងជាសាធារណៈ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេង​អាស៊ី​សេរី ទាក់ទងនឹងសំនុំរឿងពុករលួយ ដ៏ចម្រូងចម្រាស ដែលបានកើតឡើងថ្មីៗបំផុតនេះ។

លោក ប្រ៊ែដ អាដាម បានស្រង់ប្រភពមន្ត្រីរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក មកអះអាងថា៖ «លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ហោច​ណាស់​ប្រហែល ៥០០​លាន​ដុល្លារ​អាមេរិក ($500 million)»។ ពាក្យ​«យ៉ាង​ហោច»​របស់លោក អាដាម បានន័យថាលោក ហ៊ុន សែន អាចនឹងមានប្រាក់​ច្រើនជាង ៥០០លាន​ដុល្លារ​នេះ​ទៅ​ទៀត។

នៅក្នុងកិច្ចសម្ភាសដដែលនោះ នាយកប្រតិបត្តិផ្នែកតំបន់​អាស៊ី របស់អង្គការដែលមានទីតាំងកណ្ដាល នៅ​ក្នុង​ក្រុង ញ៉ូយក សហរដ្ឋអាមេរិករូបនេះ បានជំរុញទៅអង្គភាព ប្រឆាំងអំពើពុករលួយកម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ឱម យិនទៀង ឲ្យធ្វើការស៊ើបអង្កេត​ទៅលើលោក ហ៊ុន សែន ថា«តើលោក ហ៊ុន សែន បាន​លុយ​ទាំង​នោះ​មក​ពីណា បើ​លោក​បម្រើ​ការ​ តែ​ជា​មន្ត្រី​រដ្ឋាភិបាល​តែ​មួយ​មុខ​នោះ?»។

ពុំមានការអះអាងណាផ្សេង ដើម្បីបញ្ជាក់ពីតួលេខ ដែលបានលើកឡើងខាងលើនេះ ឲ្យបានជាក់លាក់​ឡើយ។ ប៉ុន្តែនៅក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីបារាំង «L'Express» កាលពីខែសីហា ឆ្នាំ២០០៦ លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានី និងជាអតីតទីប្រឹក្សាផ្ទាល់ របស់លោក ហ៊ុន សែន ដែលរដ្ឋាភិបាល​កម្ពុជា បានទៅចាប់ខ្លួនពីប្រទេសម៉ាឡេស៊ី យកមកដាក់ពន្ធនាគារ រហូតដល់សព្វថ្ងៃនោះ ក៏បាននិយាយ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ដែរថា លោកគឺជាមេដឹកនាំ ដែលប្រព្រឹត្តិអំពើពុករលួយ​ខ្លាំងជាងគេ។

នៅក្នុងកិច្ចសម្ភាស ដែលពោរពេញដោយសក្ខីកម្មដ៏ព្រឺព្រួច លោក ហេង ពៅ បានលើកឡើងថា៖ «ខ្ញុំ​​បាន​​បិទ​ភ្នែក​​ជា​​ច្រើន​ដង ទៅលើអំពើពុករលួយ ដែលលោក ហ៊ុន សែន ខ្លួនលោកតែងអួតអាង ពីការ​ប្រយុទ្ធ​​ប្រឆាំង។ តែតាមការពិត គឺលោក ហ៊ុន សែន នេះហើយជាអ្នកទទួលប្រយោជន៍ (ពីអំពើពុករលួយ) នេះ​ខ្លាំង​​ជាង​​គេ។ ជាឧទាហរណ៍ លោក ហ៊ុន សែន ទទួលបានប្រាក់​ពីការលក់សម្បត្តិរដ្ឋ ដូចយ៉ាងអាគារ​ស្នងការ​​នគរបាល​រាជធានី​​ភ្នំពេញ ចំនួន២លានដុល្លារ ខណៈលោក ហុក ឡងឌី (អតីតនាយនគរបាលជាតិ) ទទួលបាន ៨ សែន​ដុល្លា។»

» អានកិច្ចសម្ភាសនោះទាំងស្រុងឡើងវិញ៖ សាក្សីដែលតាមលង ហ៊ុន សែន និងរបបរបស់លោក

នៅក្នុងរបាយការណ៍ «ប្រទេសសម្រាប់លក់» ឬ «COUNTRY FOR SALE» កម្រាសជាង៧០ទំព័រ របស់​អង្គការ «Global Witness» ដែលចេញផ្សាយក្នុងខែកុម្ភៈ ឆ្នាំ២០០៩ បានរៀបរាប់ថា កម្ពុជា​សព្វថ្ងៃ​ជា​​ប្រទេស​​​សម្រាប់​ពុះ​​ជ្រែក​លក់​​​ឲ្យ​បរទេស ​ដោយ​ពួកអ្នក​មាន​អំណាច​នៅ​កម្ពុជា ជាពិសេសញាតិសន្ដាន ដែលនៅ​ជុំវិញ​លោក ហ៊ុន សែន ​ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ ​ដាក់ជា​ប្រយោជន៍​ខ្លួន​ឯង។ ប្រយោជន៍​ទាំង​នោះ បានមកពី​ការកាប់​ធនធាន​ព្រៃ​ឈើ ហើយ​និង​កំពុង​ច្បាម​យក​ធនធាន​ធម្មជាតិ ​របស់​​កម្ពុជា​​ផ្សេង​​ទៀត ដូច​ជា​ធនធាន​ជលផល កោះ ឆ្នេរ​សមុទ្រ​ សម្រាប់​ទេសចរណ៍ ធនធាន​ឧស្ម័ន រ៉ែ និង​​ប្រេងកាត​​​ជា​ដើម។

អង្គការ «Global Witness» ដែលមានមូលដ្ឋាន នៅក្នុងរាជធានី ឡុងដ៍ ​ប្រទេស​​អង់គ្លេស​ បាន​សរសេរ​​ទៀត​​ថា ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ​នេះ ​ផ្ទៃដីចំនួន​៤៥%​នៃប្រទេស​កម្ពុជាទាំងមូល ​ត្រូវ​បាន​​អ្នក​​វិនិយោគ​ទិញ ​ដោយ​​មាន​​ការ​សមគំនិត​ ពី​អ្នក​មាន​អំណាច​ខ្មែរ។

តែការចោទប្រកាន់ណាក៏ដោយ ដែលលើកឡើងថា លោក ហ៊ុន សែន ឬមន្ត្រីរដ្ឋាភិបាល​មាន​ទ្រព្យសម្បត្តិ​ច្រើន តាមរយៈការប្រព្រឹត្តិអំពើពុករលួយ ការសូកប៉ាន់ ឬការលក់សម្បត្តិធនធានធម្មជាតិនោះ តែង​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​​ខ្លួន​ឯង​ច្រានចោល។ លោក ហ៊ុន សែន ធ្លាប់បានហៅអង្គការ «Global Witness» ថាជា​អង្គការ​«ឆ្កួតលីលា»​មួយ។ លោក ឱម យ៉ិនទៀង ខ្លួនលោកផ្ទាល់ ក៏ធ្លាប់លើកឡើងដែរថា ការចោទប្រកាន់ទាំងនោះ ធ្វើឡើង​ដើម្បី​បំផ្លាញ​កម្ពុជា។

ការលើកឡើងខាងលើ របស់លោក ឱម យ៉ិនទៀង បានបង្កភាពចម្រូងចម្រាស់ ទៅនឹងការលើកឡើង របស់ស្ថាប័ន​​អន្តរជាតិ​​ធំៗ​មួយ​ចំនួន ដែលសុទ្ធតែជួយកម្ពុជា នៅក្នុងគម្រោងអភិវឌ្ឍន៍​ជា​ច្រើន។ ស្ថាប័ន​ទាំង​នោះ ដែល​​មាន​​ជា​អាថ៌ ធនាគារ​ពិភពលោក (World Bank) និងធនាគារ​អភិវឌ្ឍន៍​អាស៊ី(Asian Development Bank) ជាដើមនោះ សុទ្ធ​តែ​ធ្លាប់​លើក​ឡើង​ថា កម្ពុជាមានដំបៅ​ស៊ីរូងផ្ទៃក្នុង​យ៉ាងខ្លាំងមួយ គឺ​អំពើ​ពុក​រលួយ។ នេះ​បើ​តាម​ការអះអាងបន្ត​ របស់​លោក ប្រ៊ែដ អាដាម។

នាយកប្រតិបត្តិផ្នែកតំបន់អាស៊ី របស់​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​រូបនេះ បានថ្លែងឲ្យដឹង​​ទៀត​ថា៖ «កាល​​ពី​​ប៉ុន្មាន​ឆ្នាំ​​មុន ប្រធាន​​ធនាគារ​​ពិភពលោក នៅ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​និយាយ​ថា បញ្ហា​ទី​មួយ​នៅ​កម្ពុជា គឺ​ពុក​រលួយ បញ្ហា​ទី​ពីរ ពុក​រលួយ ទី​បី ក៏​នៅ​តែ​ពុក​រលួយ​ដែរ។ អំពើ​ពុក​រលួយ​ទាំង​នេះ កំពុង​លួច​ស្បៀង​អាហារ​ពី​ពលរដ្ឋ​ខ្មែរ ហើយ​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​លួច​លុយ​ពី​ប្រទេស​ដ៏​ក្រីក្រ​នេះ​ជា​រៀង​រាល់​ថ្ងៃ តាម​រយៈ​ការ​កាប់​បំផ្លាញ និង​នាំ​ចេញ​ឈើ​ខុស​ច្បាប់ ការ​ប្លន់​ដី​ពី​ប្រជាជន និង​ក្នុង​រូបភាព​ដទៃ​ទៀត​នៃ​អំពើ​ពុក​រលួយ ហើយ​លោក ឱម យ៉ិនទៀង មិន​ដែល​បាន​ស៊ើប​អង្កេត​ពី​ករណី​ណា​មួយ​ក្នុង​ចំណោម​ករណី​ទាំង​នេះ​ទេ។»

ជាប្រតិកម្មតបទៅវិញ មន្ត្រីរដ្ឋាភិបាលកម្ពុជាជាច្រើននាក់ បានហៅលោក ប្រ៊ែដ អាដាម យ៉ាងខ្លីថា ​បាន​​ធ្វើការ​​ដោយ​​លំអៀង មាននិន្នាការទៅរកគណបក្សប្រឆាំង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...