គ្រូបង្វឹក រៀលម៉ាឌ្រីត៖ «យើងនៅមិនទាន់ឈ្នះអ្វីទាំងអស់»
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 05, 2016
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទ្រាំមិនសរសើរមិនបាន។ ព្រោះជាបទពិសោធ ដែលលោក ហ្សីនឌីន ហ្សីដាន់ (Zinedine Zidane) បានក្លាយជាគ្រូបង្វឹកជាលើកដំបូង នៅក្នុងជីវិតរបស់លោក តែលោកបានដឹកនាំក្រុមរៀលម៉ាឌ្រីត (Real Madrid) ឲ្យទទួលបានជ័យជំនះ ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត ដណ្ដើមពានរង្វាន់ជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៦ បន្ទាប់ពីបានបំបាក់ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) កាលពីយប់ថ្ងៃពុធ នៅក្នុងកីឡាដ្ឋានដ៏ធំរបស់ខ្លួន។ ក្រុមរៀលម៉ាឌ្រីត នឹងត្រូវទៅជួបជាមួយក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid) នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវរៀបចំធ្វើ នៅក្នុងក្រុង មីឡង់ (Milan) ប្រទេសអ៊ីតាលី នាថ្ងៃទី២៨ ខែឧសភាខាងមុខនេះ។ ក្រុមទាំងពីរនេះ ស្ថិតនៅម្ខាងម្នាក់ នៃរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។
ជាពេលវេលាដ៏ពិសេស...
នៅចំពោះការផ្ដល់កិច្ចសម្ភាស ទៅឲ្យទូរទស្សន៍បារាំង « BeIn Sports» គ្រូបង្វឹកជាតិបារាំងរូបនេះ ពិតជាមិនអាចលាក់ទុកបាន នូវសេចក្ដីអំណររបស់ខ្លួនបានទេ។ ប៉ុន្តែលោក បានព្រមានឲ្យក្រុម រៀលម៉ាឌ្រីត ទាំងមូល កុំឲ្យសប្បាយជ្រុល ហើយភ្លេចការងារដែលត្រូវធ្វើជាបន្ត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់អតីតតារាបាល់ទាត់ដ៏ល្បីរូបនេះ បានគិតថា ក្រុមរៀលម៉ាឌ្រីត នៅមានកាំជណ្ដើរមួយទៀត ដែលត្រូវបោះជំហានឡើង ហើយគឺជាកាំជណ្ដើរដែលពិបាកជាទីបំផុត។
លោក ហ្សីដាន់ បានថ្លែងឡើងថា៖ «យើងនៅមិនទាន់ឈ្នះអ្វីឡើយ។ ថ្ងៃនេះ អ្វីដែលសំខាន់គឺត្រូវឆ្លៀតឱកាសសប្បាយ ជាមួយនឹងលទ្ធផល នៃជ័យជំនះនេះ ព្រោះវាជាវេលាដ៏ពិសេសមួយ។ ក្រុមបាល់ទាត់ទាំងមូល បានឆ្លងកាត់ពេលវេលាដ៏ពិបាក នៅក្នុងរយៈកាលកន្លងមក វាមានពេលខ្ពស់ និងពេលទាប។ តែខ្ញុំសប្បាយចិត្តណាស់ នឹងអ្វីដែលយើងបានធ្វើ។ យើងបានគ្រប់គ្រងគម្រោងរបស់យើង បានល្អណាស់ នៅយប់នេះ។ ហើយអ្វីដែលសំខាន់ គឺបានទៅទាត់ នៅវគ្គផ្ដាច់ព្រ័ត្រ។»
នៅមានគន្លឹះ...
ក្នុងឆ្នាំ២០១៤ ក្រុម រៀលម៉ាឌ្រីត និងក្រុម អាត្លេទីកូម៉ាឌ្រីត បានជួបគ្នាម្ដងហើយ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកអ៊ឺរ៉ុប នាឆ្នាំនោះ។ នៅពេលនោះ ក្រុម រៀលម៉ាឌ្រីត ដែលស្ថិតក្រោមការដឹកនាំ របស់គ្រូបង្វឹកជាតិអ៊ីតាលី លោក កាឡូស អេនសេឡូទី (Carlo Ancelotti) បានយកជ័យជំនះបាន ដោយមានលោក ហ្សីនឌីន ហ្សីដាន់ ជាជំនួយការគ្រូបង្វឹកនោះផង។ ប៉ុន្តែនៅក្នុងជំនួបចុងក្រោយ រវាងក្រុមទាំងពីរ កាលពីប៉ុន្មានខែមុន ក្រុម រៀលម៉ាឌ្រីត បានប្រកួតចាញ់ក្រុម អាត្លេទីកូ ក្នុងពិន្ទុ ០-១។
តបនឹងសំនួរថា តើលោកមានបានគិត ពីយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់ ហើយធ្វើការវាយលុក ទៅលើក្រុមអាត្លង់ទីកូ ឬយ៉ាងណានោះ លោក ហ្សីដាន់ បានឆ្លើយថា៖ «សូមរងចាំមើលទៅ ថាយើងមានគន្លឺះ ឬដូចម្ដេច។ យើងនៅមានការប្រកួតមួយទៀត នៅថ្ងៃអាទិត្យខាងមុខនេះ។ បន្ទាប់មក យើងនឹងមានពេលវេលាច្រើន ដើម្បីរៀបចំការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមអាត្លេទីកូ។»៕