ធី សុវណ្ណថា ប្រកាសរកអ្នកគាំទ្រដើម្បីទម្លាក់ កឹម សុខា តែ ខឹម វាសនា ឆ្លើយជំនួស
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 05, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីប្រកាស ថាខ្លួននឹងបើកយុទ្ធនាការ ដើម្បីទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី) កាលពីថ្ងៃទី៣ ខែឧសភាកន្លងមក កញ្ញា ធី សុវណ្ណថា បានប្រកាសសារជាថ្មី នៅថ្ងៃទី៤ ខែឧសភានេះថា នាងនឹងដឹកនាំ «បាតុកម្មដើម្បីទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)»។ នាងបានសួរទៅកាន់ប្រិយមិត្ត នៅលើគណនី រួមនឹងទំព័រហ្វេសប៊ុករបស់នាងថា៖ «បងប្អូនណាខ្លះ គាំទ្រនាងខ្ញុំ?»។
ក្រៅពីក្រុមអ្នកបញ្ចេញយោបល់ (Comment) ដែលសម្បូរទៅដោយ ពាក្យជេរប្រទេចផ្ដាសារ ទៅកាន់នាងនោះ គេឃើញលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឆ្លើយទៅតារាហ្វេសប៊ុក ដោយចម្លើយមួយយ៉ាងជូរចត់។
តាមពិតទៅ លោក ខឹម វាសនា បានដឹងថានាងចង់ធ្វើអ្វី តាំងពីសាររបស់នាង ត្រូវបានបង្ហោះជាលើកទីមួយ (នៅថ្ងៃទី៣ ខែឧសភា) មកម្លេះ។ លោកបានសរសេរចម្លើយ តបទៅវិញភ្លាមៗថា៖ «តើនាងទៅរកអ្នកគាំទ្រពីណាបាន មកធ្វើបាតុកម្មនោះ បើអ្នកគាំទ្រនាងកន្លងមក សុទ្ធតែសង្គ្រោះជាតិហ្នឹង?»។
រីឯចម្លើយរបស់លោក ខឹម វាសនា ដែលបង្កើតភាពជូរចត់ខ្លាំងជាងគេ ឲ្យកញ្ញា ធី សុវណ្ណថា នោះ គឺនៅត្រង់ឃ្លាបន្ទាប់ ដូច្នេះថា៖ «បើនាងអាចធ្វើបានមែន អត់សង្ស័យទេ(ថា) មានតែអ្នកគាំទ្របក្ស CPP ជួយចូលរួម»។ សារចម្លើយរបស់លោក ខឹម វាសនា មានអ្នកយកទៅចែករំលែកបន្ត ប្រមាណជិត ៥០០នាក់ នៅលើគណនី (ហ្វេសប៊ុក) ក៏ដូចជានៅលើទំព័រ (ហ្វេសប៊ុក) ផ្លូវការរបស់លោក៕