ខេត្តតាកែវ និងខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៨ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 20, 2015
- ប្រធានបទ: អភិបាលកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោចណាស់ សំបុត្របញ្ជាក់កំណើតចំនួនពីរច្បាប់ ត្រូវបានបង្ហោះតាមបណ្ដាញសង្គម ក្នុងរយៈពេលចុងក្រោយនេះ ដោយក្នុងសំបុត្រនោះ បានសរសេរអះអាងថា ខេត្តតាកែវ និងខេត្តស្វាយរៀង ជាអាស័យដ្ឋានកំណើត របស់ម្ចាស់លិខិតនោះ ស្ថិតទៅក្នុងប្រទេសវៀតណាម។
សំបុត្របញ្ជាក់កំណើតទីមួយ ត្រូវបានលោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីណបក្សសង្គ្រោះជាតិ យកមកបង្ហោះ នៅក្នុងថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៥ លើគណនីហ្វេសប៊ុករបស់លោក។ សំបុត្របញ្ជាក់កំណើតនោះ ជាឯកសាររដ្ឋបាល ចេញដោយអាជ្ញាធរខ្មែរ ផ្ដល់ទៅឲ្យជនជាតិវៀងណាមមួយរូប ដែលមានឈ្មោះជាភាសាខ្មែរថា ស៊ុត គង់។ លោក ស៊ុត គង់ នេះ មានឪពុក និងម្តាយ កើតក្នុងប្រទេសវៀតណាម។ ប៉ុន្តែសំបុត្រកំណើតខ្មែរ ដែលចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ មួយនេះ បានសរសេរថា លោក ស៊ុត គង់ មានទីកន្លែងកំណើត នៅ «(...) ស្រុកគីរីវង់ ខេត្តតាកែវ (ប្រទេសវៀតណាម)»។
ចំណែកសំបុត្របញ្ជាក់កំណើតមួយទៀត ត្រូវបានទំព័ររបស់កញ្ញា តី សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បង្ហោះឡើង ដោយបានបង្ហាញ ពីឯកសាររដ្ឋបាល ដែលមានលក្ខណៈដូចសំបុត្រទីមួយដែរ តែលើកនេះ ដាក់ទីកន្លែងកំណើត ទៅឲ្យឈ្មោះ ញ៉ែម ឈឿន ថា៖ «(...) ស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្រទេសវៀតណាម»។ នៅអមនឹងលិខិតនេះ កញ្ញា តី ដែលទំនងជាចម្លងឯកសារនេះ បន្តពីគេដែរ បានសរសេរដាក់ថា «អស់ពីខេត្តតាកែវ ប្រទេសយួន មកខេត្តស្វាយរៀង យួនទៀត វាចេះតែយ៉ាងម៉េចហ្នឹង ហាស?» មុននឹងកែតម្រូវ ព្រោះមិនស្គាល់ប្រភពច្បាស់លាស់ ពីលិខិតនេះ ដោយសរសេរដាក់វិញថា «នេះជាល្បិចរបស់គេ ដើម្បីចាប់អ្នកបង្ហោះហ្វេសប៊ុក បងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា»។
ចំពោះសំបុត្របញ្ជាក់កំណើតទីមួយ ត្រូវបានតំណាងអាជ្ញាធរ លោកមេឃុំភ្នំដិន ស្រុកគិរីវង់ ទទួលស្គាល់ថា ពិតជាមានការចេញលិខិតដូច្នេះមែន តែលោកអះអាងថា នោះជា «កំហុសអចេតនា»។ ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក លោក ទាន សារេត មេឃុំភ្នំដិន បានថ្លែង នៅក្នុងកិច្ចសម្ភាសនោះថា៖ «ប្រជាជនខ្ញុំនៅភ្នំដិនហ្នឹង។ និយាយរួមទៅ អ្នកដែលមានកំណើត នៅស្រុកក្រោមនោះច្រើន ម្លោះហើយចេញច្រលំ។ វាជាកំហុសអចេតនាទេ... ដោយសារតែឪពុកម្តាយគាត់ មានកំណើតកម្ពុជាក្រោម ដល់ពេលចឹង សរសេរវាច្រលំជាមួយកូន។ វាជាកំហុសអចេតនាទេ។»
ដោយឡែក ចំពោះសំបុត្របញ្ជាក់កំណើតទីពីរវិញ អាជ្ញាធរក្រុងបាវិតបានចាប់ខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិពីររូប ដោយចោទពីបទបន្លំឯកសារ សំបុត្របញ្ជាក់កំណើតខាងលើ ដែលអាជ្ញាធរអះអាងថា ជាឯកសារក្លែងក្លាយ។ ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងទាំងពីរនាក់នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចេញប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឲ្យចាប់ខ្លួន អ្នកក្លែងសំបុត្រកំណើតបង្ហោះលើបណ្ដាញសង្គម ដើម្បីយកមកផ្ដន្ទាទោស តាមច្បាប់ជាធរមាន។
ទោះជាមានការអះអាង ពីលោកមេឃុំយ៉ាងដូច្នេះ និងមានការចាប់ខ្លួន អ្នកក្លែងសំបុត្រទីពីរក៏ដោយ តែក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក បានយកករណីនេះ មកធ្វើជាប្រធានបទ វាយប្រហាររដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ់ាងចាស់ដៃ ជុំវិញអភិបាលកិច្ច និងកិច្ចការរដ្ឋបាល ក្នុងការផ្ដល់លិខិតស្នាម ក៏ដូចជាសញ្ជាតិ ទៅឲ្យជនជាតិវៀតណាម។ លោកតំណាងរាស្ត្រ អ៊ុំ សំអាន បានសរសេរអមនឹងសំបុត្រទីមួយថា៖ «រដ្ឋាភិបាលបានផ្តល់ឯកសារ ឲ្យយួននៅកម្ពុជា ក្លាយជាស្របច្បាប់អស់ហើយ ទោះបីការផ្តល់ឯកសារទាំងនោះ ផ្ទុយពីច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៏ក៏ដោយ។ តើមានយួនប៉ុនា្មន ត្រូវបញ្ជូនទៅស្រុកវិញ? ឯការបញ្ជូនយួនទៅស្រុកវិញ បន្តិចបន្តួចកន្លងមក គ្រាន់ជារូបភាពនយោបាយប៉ុណ្ណោះ។ កម្ពុជាក្រោម ជាបទពិសោធន៏ ដែលកូនខ្មែរត្រូវចងចាំ។»
អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះទៀត បានចាត់ទុកចម្លើយ របស់លោកមេឃុំខាងលើ គ្រាន់តែជាការដោះសារ ដើម្បីបញ្ជៀសការទទួលខុសត្រូវ របស់ខ្លួនប៉ុណ្ណោះ។ អ្នកខ្លះទៀត បានលើកជាសំនួរថា បើនេះជាកំហុសអចេតនា តើនឹងដោះស្រាយយ៉ាងណា ចំពោះសំបុត្រកំណើត របស់ជនជាតិ«យួន» ក្លាយជា«ខ្មែរ» ដែលសរសេរខុសរបៀបនេះ? តើសំបុត្រកំណើតនេះ មានប៉ុនានរយ ពាន់ ម៉ឺន នាក់ទៀត ដែលដូចគ្នា? តើមេឃុំម្នាក់នេះ គួរទទួលកំហុសអ្វីខ្លះ តាមផ្លូវរដ្ឋបាល និងផ្លូវច្បាប?