ចាប់ខ្លួន សម រង្ស៊ី៖ ទូតអាមេរិក អ.ស.ប និងអង្គការ១៩ ប្រតិកម្ម
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៧ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 20, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក៏បានបង្ហាញពីកង្វល់របស់ខ្លួន ចំពោះការដកលោក សម រង្ស៊ី ចេញពីសមាជិកភាពតំណាងរាស្រ្ តនៃរដ្ឋសភា និងការធ្លាក់ចុះថែមទៀត នៃបរិយាកាសប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជា។ ស្ថានទូតអាមេរិក បានអំពាវនាវថា៖ «យើងមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការដកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែលត្រូវបានធ្វើឡើង ជាឯកតោភាគី ដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។ យើងសូមអំពាវនាវ អោយរដ្ឋសភាជាតិ ប្រគល់សមាជិកភាព ក្នុងសភាជាតិ និងផ្តល់អភ័យឯកសិទ្ធិសភា ជូនលោក សម រង្ស៊ី វិញជាបន្ទាន់។»
ស្ថានទូត បានបន្តអះអាងទៀតថា៖ «យើងសូមអំពាវនាវផងដែរ ដល់រដ្ឋាភិបាល អោយដកចេញនូវដីការចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទងនឹងការចោទប្រកាន់ ស្តីពីបទបរិហារកេរ្តិ៍ ដែលមានអាយុកាល ៧ ឆ្នាំមកហើយ ហើយអនុញ្ញាតអោយរូបលោក និងសមាជិកសភាដទៃទៀត នៃគណបក្សប្រឆាំង វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញ។»
ស្ថានទូតអាមេរិកបានចាត់ទុក សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជានេះថា «ចំណាត់ការនាថ្ងៃនេះ គឺជាឧប្បត្តិហេតុថ្មីៗបំផុត នៃការយារយី និងការគំរាមកំហែង ទៅលើគណបក្សប្រឆាំង របស់ប្រទេសកម្ពុជា ដែលក្នុងនោះ រួមមានផងដែរ នូវការវាយដំដោយហឹង្សា ក្នុងពេលថ្មីៗនេះ ទៅលើសមាជិកសភា២រូប របស់គណបក្សប្រឆាំង និងការដកដំណែង ជាអនុប្រធានទី១ នៃរដ្ឋសភាជាតិ ពីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ព្រឹត្តិការណ៍ទាំងនេះ ប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសកម្ពុជា ហើយផ្ទុយទៅនឹងបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា។»
បាន គី-មូន ថ្លែងផ្ទាល់...
នៅក្នុងប្រតិកម្មប្រហាក់ប្រហែលគ្នា លោក បាន គី-មូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានហៅដីកាតាមចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ថាជាកង្វល់មួយដ៏ធំ និងទាមទារឲ្យបណ្ដាភាគីខ្មែរទាំងអស់ មានការពិភាក្សាគ្នា។ លោក បាន គីមូន បានអំពាវនាវ ដល់ភាគីនយោបាយទាំងអស់ ជៀសឲ្យបាន ពីការប្រើអំពើហិង្សា ការគំរាមកំហែង និងបៀតបៀន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងទៀតថា៖ «ការចរចាបែបប្រជាធិបតេយ្យ ក្រោមបរិយាកាស ដែលគ្មានការគំរាមកំហែង គឺមានសារសំខាន់ណាស់ សម្រាប់ស្ថិរភាពនយោបាយ និងសន្តិភាពសង្គម។»
ដោយឡែកអង្គការសង្គមស៊ីវិល ចំនួន១៩ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោស ចំពោះចំណាត់ការមិនប្រក្រតីមួយចំនួន របស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធ និងការដកតំណែង ពីសមាជិកភាពតំណាងរាស្រ្ត និងការត្រៀបចាប់ខ្លួន លោក សម រង្ស៊ី មេបក្សប្រឆាំងនោះ។ ក្រុមសង្គមស៊ីវិលទាំងនោះ បានវាយតម្លៃថា រដ្ឋាភិបាលបាននឹងកំពុងបង្ហាញ ពីប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ដែលគ្របដណ្តប់ លើប្រព័ន្ធតុលាការ នៅកម្ពុជា៕