ភេវរកម្មនៅប៊ូស្ដុន៖ ជនជាប់ចោទច្រណែនបងខ្លួន ទៅថានសួគ៌មុន
ដើមបណ្ដឹង បានបន្ថែមបន្ទុក កាន់តែច្រើនឡើង ដាក់ទៅលើ ជនជាប់ចោទ ជាភេវរជន ដាក់គ្រាប់បែក កាលពីបីឆ្នាំមុន ហើយដែលអាចធ្វើឲ្យទម្ងន់ទោស ឈានទៅដល់ការប្រហារជីវិត។ នៅក្នុងសវនាការកាត់ទោស ជ័កហារ ត្សាណី (Djokhar Tsarnaev) អាយុ២១ឆ្នាំ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី៤ ខែមីនាកន្លងទៅ ហើយគ្រោងនឹងបញ្ចប់ នៅខែមិថុនាខាងមុខនោះ សាក្សីមិនតិចជាង ៤០នាក់ ត្រឹមតែមួយថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះប៉ុណ្ណោះ បានចូលខ្លួនមកបន្ថែមបន្ទុក កាន់តែច្រើនឡើង ទៅលើជនជាប់ចោទ។
រីឯខាងមេធាវីការពារក្ដីវិញ មិនបានជ្រើសរើស ការសួរនាំសាក្សីទាំងនោះ ដើម្បីជួយសម្រាលបន្ទុក ឲ្យកូនក្ដីរបស់ខ្លួនទេ។ ខាងការពារក្ដី បាននិយាយទទួលស្គាល់ តាំងពីសវនាការថ្ងៃដំបូង ថា ជ័កហារ ត្សាណី ពិតជាត្រូវទទួលខុសត្រូវ ទៅលើករណីភេវរកម្មនោះ។ ប៉ុន្តែបានអះអាងថា យុវជនម្នាក់នេះ បានធ្វើសកម្មភាព តាមការពន្យុះរបស់បងប្រុសខ្លួន តាមើឡាន ត្សាណី (Tamerlan Tsarnaev) [...]