ភេវរកម្មនៅ​ប៊ូស្តុន៖ ជន​​​សង្ស័យ​​ជា​ភេវរជន អាច​នឹង​មិន​ត្រូវ​បាន​សួរ​ចម្លើយ

ជនតែម្នាក់ដែលជាប់សង្ស័យ ថាជាអ្នកបង្កភេវរកម្មបំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅក្នុងកីឡារត់ម៉ារ៉ាតុន នៅទីក្រុងប៊ូស្តុន អាចនឹងមិនត្រូវបានគេសាកសួរចម្លើយ បើយោងទៅលើស្ថានភាពសុខភាពរបស់ជននេះ ដែលកំពុងនៅសម្រាកព្យាបាលនៅមន្ទីពេទ្យនោះ។ នេះជាការបញ្ជាក់របស់ ចៅហ្វាយក្រុងប៊ូស្តុនលោកថម មេនីណូ (Tom Menino) នៅថ្ងៃអាទិត្យនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនសល់តែម្នាក់ដែលជាប់សង្ស័យ ថាជាអ្នកបង្កភេវរកម្មបំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅក្នុងកីឡារត់ម៉ារ៉ាតុន នៅទីក្រុងប៊ូស្តុន  អាចនឹងមិនត្រូវបានគេសាកសួរចម្លើយ បើយោងទៅលើស្ថានភាពសុខភាពរបស់ជននេះ ដែលកំពុងនៅសម្រាកព្យាបាល នៅមន្ទីពេទ្យនោះ។ នេះជាការបញ្ជាក់របស់ ចៅហ្វាយក្រុងប៊ូស្តុនលោកថម មេនីណូ (Tom Menino) នៅថ្ងៃអាទិត្យនេះ។

ជនសង្ស័យឈ្មោះ ជ័កហារ ត្សាណី (Dzhokhar Tsarnaev) អាយុ១៩ឆ្នាំ មានរបួសយ៉ាងធ្ងន់ធ្ងរ នៅត្រង់បំពង់ករ និងនៅ​ជើងមួយចំហៀងរបស់ខ្លួន ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ មុនពេលចាប់ខ្លួន យុវជនសង្ស័យនេះ បាន​លាក់ខ្លួននៅក្នុងទូកមួយ ដែលម្ចាស់វាបានចតទុកចោល នៅក្នុងធ្លាផ្ទះឯកជនមួយ នៃទីក្រុងវ័តធើរថោន (Watertown) ផ្នែកខាងលិចនៃទីក្រុងប៊ូស្តុន។ បងប្រុសរបស់យុវជននេះ អាយុ២៦ឆ្នាំ ត្រូវបានបាញ់សម្លាប់ នៅក្នុងការប្រយុទ្ធតតាំងមួយ ជាមួយនឹងកងកម្លាំងនគរបាល កាលពីយប់ថ្ងៃព្រហស្បត្តិ៍ឆ្លងចូលមកថ្ងៃសុក្រ។

តាំងពីជនសង្ស័យត្រូវបានចាប់ខ្លួនមក ការយាមកាមត្រួតពិនិត្យនៅជុំវិញមន្ទីរពេទ្យ ពីសំណាក់នគរបាល ត្រូវបានចាត់ចែង​រៀបចំយ៉ាងម៉ត់ចត់។ ក្រុមអ្នកស៊ើបអង្កេត ទទួលបន្ទុកសួរចម្លើយជនសង្ស័យ ក៏មានវត្តមាននៅនឹងទីនោះ រួមនឹងរដ្ឋអាជ្ញា​សហព័ន្ធ របស់​សហរដ្ឋអាមេរិកដែរ។ រដ្ឋអាជ្ញាសហព័ន្ធទាំងនោះ កំពុងស្វែងរក ការរៀបចំសំនុំរឿង និងបទចោទប្រកាន់ ដើម្បីធ្វើការ​ដាក់​បន្ទុកទៅលើជនជាប់សង្ស័យរូបនេះ។

គេសង្ឃឹមថានឹងអាចសួរជនជាប់សង្ស័យ ដើម្បីអាចដឹងពីពន្លឺ នៃការសង្ស័យទាក់ទងនឹងការធ្វើភេវរកម្មរបស់ជននេះ កាល​ពីដើមសប្ដាហ៍មុន ដែលបណ្ដាលអោយមនុស្ស៣នាក់ស្លាប់ និង១៨០នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែ ការសាកសួរទាំងនោះ នៅមិនទាន់អាចធ្វើបានទេ ដោយហេតុស្ថានភាពសុខភាពរបស់ជននេះ នៅធ្ងន់ធ្ងរនៅឡើយ។ អភិបាលរដ្ឋម៉ាស្សាឈូសេដ លោក ឌឺវាល ប៉ាទ្រីក (Deval Patrick) បានប្រកាសប្រាប់អ្នកសារព័ត៌មានថា «ជនសង្ស័យ មិនទាន់និយាយ​បាន​ទេ»។

ដោយឡែក ភ្នាក់ងារអេហ្វប៊ីអាយ (FBI) បានបដិសេធ មិននិយាយអ្វីទាំងអស់ ទាក់ទងនឹងតុល្យភាពសុខភាព របស់ជន សង្ស័យ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍ថា ជ័កហារ ត្សាណី បានរងគ្រោះត្រង់បំពង់ករ និងអណ្ដាត។

អាជ្ញាធរប្រចាំតំបន់ បានអះអាងថា បើជនសង្ស័យអាចនិយាយបាន ភ្នាក់ងារអេហ្វប៊ីអាយ អាចនឹងលើកយកករណី​ពិសេស​នៃ«សន្តិសុខសាធារណៈ» មកសាកសួរជាដំបូងគេ ដើម្បីស្រង់យកព័ត៌មានអោយបានច្រើនបំផុត។ ក្នុងករណីទាក់ទងនឹង​«សន្តិសុខសាធាណៈ»នេះ ជ័កហារ ត្សាណី នឹងមិនអាចទទួលបាន នូវសិទ្ធិ «រក្សាភាពស្ងប់ស្ងៀម» និងមាន«មេធាវី» ដែល​ជាច្បាប់អាមេរិកចែងឡើង ក្នុងពេលសាកសួរចម្លើយនោះបានឡើយ។

ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់អោយដឹងថា បទចោទប្រកាន់ទាក់ទងនឹងភេវរកម្មជាច្រើន អាចនឹងត្រូវគេដាក់បន្ទុក​ប្រឆាំងនឹង ជ័កហារ ត្សាណី។ លោកស្រីកាមេន អូទីស (Carmen Ortiz) រដ្ឋមន្ត្រីយុត្តិធម៌ប្រចាំនៅរដ្ឋម៉ាស្សាឈូសេដ បាន​ពន្យល់ទៀតថា ជនសង្ស័យអាចនឹងទទួលទោសប្រហារជីវិត ប្រសិនបើអគ្គរដ្ឋអាជ្ញា នៃសហរដ្ឋអាមេរិក បានសម្រេចចិត្ត​បែបនេះ៕

សូមទស្សនារូបភាពមួយចំនួនដូចខាងក្រោម៖


ទូកដាក់ចតចោលក្នុងទីធ្លាផ្ទះឯកជន ដែលជនសង្ស័យលាក់ខ្លួន។


រូបភាពឆ្លុះ ធ្លុះក្រណាត់របស់នគរបាលអាមេរិក បង្ហាញពីវត្តមានមនុស្សនៅក្នុងទូក។


ជនសង្ស័យត្រូវបានចាប់ខ្លួន និងពិនិត្យមើលស្ថានភាពសុខភាព ដោយសមត្ថកិច្ច។


រូបភាពជនសង្ស័យ ដឹកក្នុងរថយន្ដសង្គោះទៅមន្ទីរពេទ្យ។


មន្ទីរពេទ្យដែលហ៊ំព័ទ្ធដោយ ការយាមកាមយ៉ាងសន្ធឹកសន្ធាប់ពីនគរបាល។

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...