ផ្អិបជំនួយដល់ហាងពីហ្សានេះ សង្ស័យលក់វីដេអូភេរវកម្ម៥ម៉ឺនអ៊ឺរ៉ូ
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 25, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនអ៊ឺរ៉ុប របស់រដ្ឋបារាំង ដែលនឹងត្រូវផ្ដល់ តាមរយៈសាលារដ្ឋធានីប៉ារីស ទៅឲ្យហាងរកទទួលទាន ដែលរងគ្រោះព្រោះភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ នឹងត្រូវផ្អិបទុកចំពោះហាងលក់ពីហ្សាមួយ យីហោ «Casa Nostra» ដរាបណាថៅកែរបស់ហាង មិនយកប្រាក់៥ម៉ឺនដុល្លា ដែលរកបាន ពីការលក់វីដេអូសុវត្ថិភាពរបស់ខ្លួន ក្នុងថ្ងៃភេរវកម្មនោះ មកដាក់ចូលក្នុងហិប ជួយជនរងគ្រោះទេនោះ។
លោក ម៉ាទីចាស វីឆេរ៉ា (Mathias Vicherat) នាយខុទ្ទកាល័យអភិបាលរដ្ឋធានីប៉ារីស បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ឲ្យដឹងថា៖ «យើងបានផ្អិបទុកប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនអ៊ឺរ៉ូ ដែលសម្រេចដោយក្រុមប្រឹក្សារដ្ឋធានី កាលពីថ្ងៃចន្ទកន្លងមកនេះ ប្រសិនបើម្ចាស់ហាង មិនយកប្រាក់៥ម៉ឺនអ៊ឺរ៉ូ ដាក់បញ្ចូលក្នុងហិប ជួយជនរងគ្រោះទេនោះ»។
ប្រាក់៥ម៉ឺនអ៊ឺរ៉ូ ទំនងជាត្រូវបានហាងលក់ពីហ្សានោះ ទទួលបានពីការលក់វីដេអូ នៃព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ទៅឲ្យសារព័ត៌មានអង់គ្លេស ឈ្មោះ «Daily Mail»។ ភេរវកម្មច្រើនកន្លែង កណ្ដាលរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានសម្លាប់មនុស្ស១៣០នាក់ និងរបួស៣៥១នាក់ ហើយការលក់ដូរក្នុងតម្លៃដ៏ថ្លៃ នៃខ្សែវីដេអូសុវត្ថិភាព ដែលធ្វើឡើងដោយហាងលក់ពីហ្សានេះ បានបង្កឲ្យមានការក្ដៅក្រហាយជាទូទៅ ពីបណ្ដាជនបារាំង។
លោក វីឆេរ៉ា បានបន្តទៀតថា ទង្វើលក់ដូររូបភាពនេះ ជាទម្រង់នៃការធ្វើអាជីវកម្ម ទៅលើភាពរងគ្រោះ នៃជនរងគ្រោះជាច្រើននាក់ តែយ៉ាងណាក៏ដោយ វាមិនបានប៉ះពាល់ ទៅដល់រូបភាពរបស់អ្នករកទទួលទាន ជាច្រើននាក់ផ្សេងទៀត ដែលបានបង្ហាញ នូវសាមគ្គីភាពរបស់ពួកគេនោះឡើយ។
ចំពោះសារព័ត៌មានអង់គ្លេសវិញ បានថ្លែងការពារ ការទិញវីដេអូនេះ ទោះជាមានតម្លៃបែបណាក៏ដោយ តែមិនមានអ្វី ដែលបានប៉ះពាល់ដល់ជនរងគ្រោះ ឬព្រឹត្តិការណ៍ដ៏រន្ធត់នោះឡើយ។ អ្នកនាំពាក្យរបស់សារព័ត៌មាន «Daily Mail» បានថ្លែងបញ្ជាក់ថា៖ «នៅក្នុងវីដេអូនោះ គ្មានអ្វីមួយ ដែលគួរលើកមកអះអាង ថាបានធ្វើឲ្យមាន ការប្រទាំងប្រទើសនោះទេ»។ អ្នកនាំពាក្យរូបនោះ បានពន្យល់ថា ប្រសិនជាវាមានតម្លៃថ្លៃ នោះដោយសារ មានការប្រណាំងប្រជែងគ្នា រវាងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសបារាំង និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងទៀត ហើយរូបភាពបានផ្ដល់ពីទិដ្ឋភាពទូទៅ នៃអំពើភេរវកម្ម។
តម្លៃលក់វីដេអូនេះ ត្រូវបានទម្លាយដោយអ្នកសារព័ត៌មានម្នាក់ ដែលចូលរួមនៅក្នុងការលក់ដូរ រវាងសារព័ត៌មានអង់គ្លេស និងម្ចាស់ហាង។ អ្នកសារព័ត៌មាន លោក «Djaffer Ait Aoudia» បានថ្លែងប្រាប់ក្នុងកម្មវិធី «Petit journal» របស់ទូរទស្សន៍ «Canal+» របស់បារាំងថា៖ «ក្រុមអ្នកយកព័ត៌មាន (របស់ Daily Mail) បានតថ្លៃដំបូង ចេញពីតម្លៃ១,២ម៉ឺនអ៊ឺរ៉ូ ហើយការតថ្លៃមានភាពស្វិតស្មាញណាស់។ ពួកគេចង់បានវីដេអូនេះ ជាទីបំផុត ដោយបានផ្លោះទៅ២ម៉ឺនអ៊ឺរ៉ូ រួច២,៨ម៉ឺនអ៊ឺរ៉ូ និងទីបំផុតបានបញ្ឈប់នៅត្រឹម ៥ម៉ឺនអ៊ឺរ៉ូ ជាប្រាក់រាយសុទ្ធ។»
អ្នកសារព័ត៌មានដដែលបានថ្លែង ដោយមានរូបភាព (ថតដោយកាម៉េរ៉ាលាក់ខ្លួន) មកជាមួយថា ការផ្លាស់ប្ដូរវីដេអូ និងលុយកាក់ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ មួយថ្ងៃក្រោយភេរវកម្ម ប៉ុន្តែរូបភាពទាំងនោះ ត្រូវបានការពារដោយបច្ចេកវិទ្យាមួយ របស់នគរបាលបារាំង។ បន្ទាប់មកអ្នកជំនាញ ខាងព័ត៌មានវិទ្យាមួយរូប បានចូលមកដោះប្រព័ន្ធការពារនេះ និងបានយកវីដេអូនេះចេញទៅ។ នៅទីបញ្ចប់ ពួកគេបានបោកបំបែកថាសរឹង (Hard Disk) ទៅលើដីចោល ដើម្បីជឿជាក់ថា រូបភាពនេះមានតែសារព័ត៌មាន «Daily Mail» មួយប៉ុណ្ណោះ ដែលទទួលបានដោយផ្ដាច់មុខ៕
» វីដេអូសុវត្ថិភាព ថតព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកា៖
» របាយការណ៍របស់អ្នកសារព័ត៌មាន ពីការទិញដូរវីដេអូខាងលើនេះ (ជាភាសាបារាំង)៖