ប្រធាន​ថ្មី​សោក​ស្តាយ ព្រោះ​គ្មាន​ស្រ្តី​ក្នុង​គណកម្មការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា

ខុសពីអាណត្តិទីបួន ដែលមានស្រ្តីម្នាក់នោះ តែក្នុងអាណត្តិទីប្រាំ នៃគណកម្មការនាយក ក្លឹបអ្នកការសែតកម្ពុជា គ្មាន​សមាជិក​ជា​ស្រ្តី​ម្នាក់​សោះ។ ហើយនេះ គឺជាអ្វីដែលជាការសោកស្ដាយ របស់លោក ប៉ែន បូណា ប្រធានទើបនឹងជាប់ឆ្នោតថ្មី នៃក្លឹប​អ្នក​កាសែត​កម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 29, 2015
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ក្លឹបអ្នកការសែតកម្ពុជា មិនបានភ្លេចទេ ពីបេក្ខភាពនារី។ យើងបានប្រកូសប្រកាស ហើយបានបញ្ចុះបញ្ចូល បេក្ខភាពជា​ស្រ្តីនោះ យ៉ាងច្រើន ដើម្បីឲ្យគាត់ មកជួយឈរឈ្មោះ។ ប៉ុន្តែជាលទ្ធផលយើង គួឲ្យសោកស្តាយ ដោយសារយើង មិន​បាន​ទទួលបេក្ខនារី មកឈរឈ្មោះ ជាសមាជិកគណៈនាយក។» នេះ ជាការលើកឡើងរបស់លោក ប៉ែន បូណា ក្នុងកិច្ច​សម្ភាស ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីលោកជាប់ឆ្នោត ធ្វើជាប្រធានក្លឹបអ្នកកាសែតកម្ពុជា អាណត្តិទីប្រាំ ពីឆ្នាំ២០១៥ ដល់២០១៨។

ថ្លែងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នេះ លោក ប៉ែន បូណា បានសម្ដែងនូវការសោកស្តាយ របស់លោក ចំពោះ​អវត្តមានរបស់ស្រ្តី ក្នុងអាណត្តិទីប្រាំនេះ។ លោកបាននិយាយញថា មុនការបោះឆ្នោតនេះបានមកដល់ ក្រុមការងារលោក បានប្រកាសព័ត៌មាន និងទទូចឲ្យស្រ្តី ដែលជាអ្នកកសារព័ត៌មានទាំងអស់ ចូលរូមដាក់ពាក្យ ដើម្បីឈរឈ្មោះ ជា​បេក្ខភាព​សមាជិក នៃគណកម្មាធិការ នៃក្លឹបអ្នកការសែតកម្ពុជា។ តែរហូតមកទល់ពេលបោះឆ្នោតនេះ មិនឃើញមានវត្តមាន ជា​អ្នក​សារព័ត៌មានស្រ្តីណាម្នាក់ បានដាក់ពាក្យចូលរួមឡើយ។

ហាមធ្វើការពីរកន្លែង?

លោក ប៉ែន បូណា បានធ្វើសេចក្តីសន្និដ្ឋាន ពីមូលហេតុសំខាន់នោះ អាចបណ្ដាលមកពីការងារផ្ទាល់ខ្លួនរវល់ និងគ្មាន​ពេល​គ្រប់គ្រាន់ ដើម្បីចូលរួមជាមួយនឹងក្លឹបអ្នកការសែតកម្ពុជា។ លោកបានបញ្ជាក់ថា៖ «ការមកធ្វើ ជាគណៈនាយកនេះ ទីមួយគ្មានប្រាក់កម្រៃ ប្រាក់បៀរវត្យអ្វីទេ ជាការងារស្ម័គ្រចិត្ត។ និងទាមទារ ឲ្យមានការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ដើម្បីចូលរួម។ (...) យើងសោកស្តាយ ដែលគ្មានគណៈនាយកជាស្រ្តី។»

សម្រាប់ អ្នកស្រី អ៊ុក សាវបូរី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបញ្ជាក់ថាអ្នកស្រី និងក្រុមការងារ​នៃវិទ្យុអាស៊ីសេរីជាច្រើនទៀត ចង់ចូលរួមជាមួយ នឹងក្លឹបអ្នកកាសែតណាស់ ពិសេសចង់ឈរឈ្មោះ ជាសមាជិក នៃ​គណកម្មាធិការនាយកនៃក្លឹបនេះតែម្តង។ តែអ្នកស្រីបានថ្លែងត្អូញត្អែរថា ភាពអវត្តមាននេះ ក៏ព្រោះតែក្រុម​អ្នក​យក​ព័ត៌មាន​ជាស្រ្តី នៃវិទ្យុនេះ មិនមានឱកាស ឬត្រូវបានបិទឱកាស ក្នុងការចូលរួម ជាមួយស្ថាប័ននេះឡើយ។

អ្នកស្រីបានពន្យល់ថា ព្រោះសម្រាប់បុគ្គលិក នៃវិទ្យុអាស៊ីសេរីទាំងអស់ មិនថាប្រុស ឬស្រ្តី ត្រូវបានបិទសិទ្ធិ និងសេរីភាព ក្នុងការចូលរួម ជាមួយស្ថាប័ននៃក្លឹបអ្នកកាសែត។ អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «ក្រិតក្រម និងវប្បធម៌អាស៊ីសេរីហ្នឹង វាមិន​ឲ្យធ្វើការពីរកន្លែង។ អញ្ចឹង ទៅបើយើងទៅជាសមាជិក របស់ក្លឹបអ្នកការសែត អាចត្រូវបានគេបញ្ឈប់ពីការងារ។»។

យ៉ាងណាក៏ដោយ លោក ប៉ែន បូណា បានអំពាវនាវ ទៅដល់ស្រ្តីទាំងអស់ សម្រាប់អាណត្តិលើកក្រោយៗទៀត ដើម្បី​ធ្វើការ​ត្រៀមខ្លួន ដាក់ពាក្យឈរឈ្មោះ ជាបេក្ខភាពសមាជិក របស់គណកម្មាធិការ នៃក្លឹបអ្នកការសែតកម្ពុជា។ លោក​បញ្ចាក់​ថា៖ «យើងទទួល។ យើងស្វាគមន៍ណាស់។ បើមានស្រ្តីចូលរួមច្រើនកាលណា ល្អកាលហ្នឹង។»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...