សារព័ត៌មាននៅអ៊ឺរ៉ុបនិយាយពីការដង្ហែសព កែម ឡី ដ៏ធំសម្បើម
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៥ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 25, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារព័ត៌មានយ៉ាងច្រើននៅអ៊ឺរ៉ុប បានចុះផ្សាយ នូវដំណកស្រង់ផ្នែកខ្លះ ឬចុះផ្សាយទាំងស្រុងតែម្ដង នៃសេចក្ដីរាយការណ៍ព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មានធំៗ ដូចយ៉ាង «AFP» «Reuters» «AP» និង«ATS (របស់ប្រទេសស្វីស)»ជាដើម ដែលសុទ្ធតែបានរាយការណ៍ដោយផ្ទាល់ ពីប្រទេសកម្ពុជា នូវព្រឹត្តិការណ៍ដង្ហែសពលោក កែម ឡី ដែលទីភ្នាក់ងារព័ត៌មានទាំងនេះ អះអាងថា មានទំហំដ៏សម្បើម បន្ទាប់ពីការដង្ហែសព នៃអតីតព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ។
សេចក្ដីរាយការណ៍ទាំងនោះ បានសរសេរថា បណ្ដាជនកម្ពុជារាប់ម៉ឺនសែននាក់ បានប្រមូលគ្នារៀបជាក្បួនដ៏វែងអន្លាយ ដើម្បីដង្ហែ និងដើម្បីសម្ដែងក្ដីអាឡោះអាល័យ ចំពោះសពអ្នកជំនាញ ផ្នែកនយោបាយមួយរូប ដែលទើបនឹងត្រូវបានធ្វើឃាត កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។ ឃាតកម្មលើលោក កែម ឡី អាយុ៤៦ឆ្នាំ ដែលតំណាងឲ្យសម្លេងប្រជាធិបតេយ្យមួយ ប្រឆាំងនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី«ចាស់វស្សា»នៅកម្ពុជានោះ បានកើតឡើងនៅចំពេល ដែលកំពុងមានភាពតានតឹងដ៏ខ្លាំង រវាងលោកនាយករដ្ឋមន្ត្រី និងក្រុមប្រឆាំង។
វិទ្យុបារាំងអន្តរជាតិ ផ្សាយជាភាសាបារាំង ដែលមានអ្នកឆ្លើយឆ្លងព័ត៌មានផ្ទាល់ពីប្រទេសកម្ពុជា បានបញ្ជាក់ថា លោក កែម ឡី ត្រូវបានចាត់ទុក ជា«វីរជនរបស់ជាតិ» ព្រោះបានបូជាជីវិតដើម្បីលិទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងមួយនេះ បានស្រង់ការអះអាង របស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែលបានផ្សាយផ្ទាល់ពីសកម្មភាពនៃការដង្ហែសពនោះ ថាមនុស្សចូលរួមមានប្រមាណជា ២លាននាក់។
រីឯបណ្ដាញទីភ្នាក់ងារព័ត៌មាន «ATS» របស់ប្រទេសស្វីស បានរំលឹកថា ជនសង្ស័យម្នាក់ឈ្មោះ អឿត អាង (រហស្សនាម ជួប សម្លាប់) ដែលមានអតីតភាពរបស់ខ្លួន ជាទាហាន និងជាព្រះសង្ឃនោះ ត្រូវបានចាប់ឃុំ និងចោទពីបទធ្វើមនុស្សឃាត ដោយគិតទុកជាមុនទៅលើលោក កែម ឡី ជាមួយការសារភាពមួយ ដែលពោរពេញដោយមន្ទិល៖ នោះ គឺដោយសារលោក កែម ឡី ជំពាក់លុយខ្លួនមិនសង។ សេចក្ដីរាយការណ៍បានបន្តទៀតថា ប្រទេសកម្ពុជាមានទម្លាប់ ក្នុងរឿងឃាតកម្មទៅលើសកម្មជនការពារសិទ្ធិមនុស្ស និងក្រុមមេដឹកនាំសហជីព។ ផ្ទុយទៅវិញជនដៃដល់ពិតប្រាកដ កម្រត្រូវបានអាជ្ញាធរចាប់ យកមកផ្ដន្ទាទោសនោះណាស់។
«លោក ហ៊ុន សែន ដែលល្បីល្បាញខាងចរិតផ្ដាច់ការនោះ បាននៅកាន់អំណាច តាំងពីជាង៣០ឆ្នាំមកហើយ។ (...) របបដឹកនាំរបស់លោក បានរងការចោទប្រកាន់ ពីអំពើពុករលួយ-បក្ខពួក-គ្រួសារនិយម ការបន្លំការបោះឆ្នោត និងពីការរំលោភសិទ្ធិមនុស្ស។ ក្នុងប៉ុន្មានខែចុងក្រោយនេះ បណ្ដាជននយោបាយប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្ស ជាច្រើនសិបនាក់ ត្រូវបានចាប់ឃុំខ្លួន។» នេះបើតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។
ទីភ្នាក់ងារព័ត៌មានបារាំងដដែល បានរាយការណ៍បន្តថា នៅក្នុងឃាតកម្មលើលោក កែម ឡី នេះ «នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យមានការស៊ើបអង្កេត ដើម្បីរកឃើញការពិត និងបានអំពាវនាវទៅកាន់បណ្ដាជនកម្ពុជា កុំឲ្យប្រែក្លាយករណីឃាតកម្មនេះ ទៅជារឿងនយោបាយ»។
តែសម្រាប់បណ្ដាជនកម្ពុជា ឃាតកម្មលើលោក កែម ឡី គឺជារឿងនយោបាយ។ រីឯការប្រមែប្រមូលគ្នា នៃបណ្ដាជនកម្ពុជា ដ៏ច្រើនសន្ធឹកសន្ធាប់នោះទៀតសោធ បានបង្ហាញកាន់តែច្បាស់ថា ធាតុផ្សំដែលធ្លាប់បង្កការរង្គោះរង្គើ ដល់របបដឹកនាំរបស់លោក ហ៊ុន សែន កាលពីពេលបោះឆ្នោត ឆ្នាំ២០១៣ កន្លងមកនោះ នៅតែបន្តកើតមាននៅឡើយ។ នេះបើតាមការអះអាង របស់អ្នកឆ្លើយឆ្លងព័ត៌មាន របស់វិទ្យុបារាំងអន្តរជាតិ អ្នកស្រី «Anne-Laure Porée»។
អ្នកស្រី «Anne-Laure Porée» បានបន្តសេចក្ដីរាយការណ៍ទៀតថា បណ្ដាជនកម្ពុជាជាច្រើន បានអះអាងពីភាព«ឈប់ភ័យខ្លាច»របស់ពួកគេតទៅទៀត និងប្ដេជ្ញាបន្តវីរភាពរបស់លោក កែម ឡី។ ជាពិសេស ពួកគេបានបន្តចែកចាយ នូវពាក្យមួយឃ្លារបស់លោក កែម ឡី ដែលមានសេចក្ដីថា៖ «ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត»៕