កម្ពុជា៖ ផ្លូវឆ្ពោះទៅកាន់ច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីសេចក្តីស្នើច្បាប់ស្ដីពី «សិទ្ធិទទួលបានព័ត៌មាន» ត្រូវបានច្រានចោលដោយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាមក ក្រុមអ្នកវិភាគ បានធ្វើការសន្និដ្ឋានថា ជាការ «គេចវេស» និងមិនមានការធានាឲ្យមាន «សិទ្ធិទទួលបានព័ត៌មាន ដោយសេរី» សម្រាប់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ចំពោះកិច្ចការមួយចំនួន ដែលបានអនុវត្តដោយស្ថាប័នសាធារណៈ សម្រាប់ជាប្រយោជន៍ជាតិ។
សារព័ត៌មានដែលចេញផ្សាយនៅក្នុងស្រុក។
ក្រុមអ្នកវិភាគឯករាជ្យបានលើកឡើងថា បើសេចក្ដីស្នើច្បាប់នេះ នៅមានចន្លោះប្រហោង គេគួរគប្បីជួប«ពិភាក្សាដោះស្រាយ» ដើម្បីសម្តែងនូវ«ឆន្ទៈក្នុងការជួយជំរុញ ឲ្យមានច្បាប់នេះ ប្រសើរជាងការច្រានចោលដោយពុំមានមូលដ្ឋាន»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានលើកឡើងថា ការដែលជំរុញឲ្យមានច្បាប់នេះ ជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋទូទៅ និងសំរាប់អ្នកសារព័ត៌មាន ដែលពួកគាត់ចង់ដឹងពីកិច្ចការរបស់រដ្ឋាភិបាល ហើយ«អ្នកមិនផ្តល់ព័ត៌មានត្រូវជាប់ទោស»។ លោកបន្តថា «គេខ្លាចច្បាប់ហ្នឹងណាស់ ដូច្នេះហើយទើបគេទប់ មិនឲ្យច្បាប់នោះចេញ ដោយយកហេតុផលនយោបាយថា ច្បាប់នេះខ្វះខាតចេះមួយ ចោះពីរ»។
ចំពោះលោក កែម ឡី អ្នកវិភាគឯករាជ្យ យល់ថា ប្រទេសកម្ពុជាគួតែរៀបចំឲ្យមានច្បាប់នេះឡើង ព្រោះមិនត្រឹមតែធ្វើឲ្យប្រជាជនទទួលបានព័ត៌មានប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប្រជាជន ចង់អាន ចង់ស្តាប់ និងចង់រៀនសូត្រ ជាពិសេស អាចជាដំណោះស្រាយដ៏ល្អមួយ សំរាប់អ្នកសារព័ត៌មាន ក្នុងការទទួលព័ត៌មានពីអង្គការនីតិប្រតិបត្តិ។ លោកបន្តថា រដ្ឋាភិបាល ឬរដ្ឋសភាគួតែទទួលយក មកពិនិត្យជាមុនសិន មុននឹងធ្វើការច្រានចោលនោះ។
ឯលោក ប៉ែន ប៊ុណ្ណា សមាជិកគណកម្មាធិការនៃក្លិបអ្នកការសែតកម្ពុជា ថាការច្រានចោលទាំងស្រុងនោះមិនត្រូវទេ គួរតែធ្វើការជជែក និងពិភាក្សាគ្នា «ព្រោះច្បាប់នេះត្រូវតែមាន»។ ចំពោះលោក ជាង សុខ មកពីភ្នំពេញប៉ុស្តិ៍យល់ថា ការច្រានចោលនេះ ប្រហែលជាច្បាប់នោះ មានលក្ខណៈមួយចំនួន ត្រូវកែសម្រួល ឬផ្លាស់ប្តូរ ព្រោះអាចមានកន្លែងដែលប្រទាំងប្រទើសច្រើន។
ដោយឡែកលោក ថៃ នរសត្យា ទីប្រឹក្សាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ថាការច្រានចោលនេះ មិនមែនទាំងស្រុងនោះទេ ដោយសភាពិនិត្យឃើញថា មិនទាន់មានសុក្រិតភាព ទៅលើកិច្ចការដែលត្រូវឆ្លងសភា ព្រោះ«រាល់ការតាក់តែង មិនប្រាកដថាសភាត្រូវយកទាំងស្រុងនោះទេ»។
សំរាប់យន្តការដោះស្រាយឲ្យមានច្បាប់នេះលោក យឹម សុវណ្ណ បានសង្កត់ធ្ងន់ថា «គណៈកម្មការនៃរដ្ឋសភា មិនចង់ឲ្យច្បាប់នោះចេញតែម្តង បើច្បាប់នោះចេញ ធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាន ហើយមន្ត្រីពុករលួយពិបាកនឹងប្រព្រឹត្តអំពើពុករលួយ នៅពេលណាដែលប្រជាពលរដ្ឋ មានព័ត៌មានគ្រប់គ្រាន់ក្នុងដៃ»។ ហើយច្បាប់នេះមានឥទ្ធិពលណាស់ សម្រាប់ទប់ស្កាត់«អំពើពុករលួយ»។ ឯលោក កែម ឡី ថា ទាក់ទងនិងការទទួលព័ត៌មាន ភាគច្រើនប្រជាពលរដ្ឋនៅតាមជនបទ មិនងាយនឹងទទួលបានព័ត៌មានជាសាធារណៈច្រើននោះទេ ដូចជានៅថ្នាក់ជាតិ ឬនៅតាមទីប្រជុំជនក៏ដោយ ក៏ព័ត៌មានមួយចំនួនមិនត្រូវបានដាក់បង្ហាញឲ្យឃើញជាសាធារណៈដែរ ដូចជាករណីទាក់ទងនឹងចំណូលរបស់រដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរុករកប្រេងកាត... ទាំងអស់នេះហើយដែលប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានមិនដែលទទួលបាន។
«... អាចប្រាប់ ត្រឹមតែអ្វីដែលគេបានដឹង ឬថ្នាក់លើបានបង្គាប់ប៉ុណ្ណោះ ...»
ចំពោះលោក យឹម សុវណ្ណ បានអះអាងថា លោកគ្មានជំនឿ ថាច្បាប់នេះនឹងអាច ចេញរួចនោះទេ ព្រោះអ្នកដឹកនាំ«គ្មានឆន្ទៈក្នុងការបង្កើតឲ្យមាននូវច្បាប់នេះ»។ ឯលោក កែម ឡី យល់ថា ច្បាប់នេះអាចចេញបាន បើគេគិតពីប្រយោជន៍ជាតិទាំងមូលនោះ ក៏ប៉ុន្តែបើគេគិតពីប្រយោជន៍នយោបាយ នោះច្បាប់នេះមិនងាយនឹងចេញបានទេ ព្រោះគេខ្លាចថា អ្នកស្នើទាញយកប្រជាប្រិយភាព។ ការធ្វើដូច្នេះ នាំឲ្យមានការខាតបង់ប្រយោជន៍ជាតិច្រើន ព្រោះមុននឹងធ្វើច្បាប់មួយ គួរសិក្សា ឲ្យបានស៊ីជំរៅជាមុនសិន នូវរបបគំហើញថ្មីណាមួយ... មិនត្រូវធ្វើការចំលងពីគេនោះទេ ព្រោះថាវាមិនអាចឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយ ជាក់ស្តែងកន្លងមកឃើញមានច្បាប់មួយចំនួន នៅមានភាពខ្វះចន្លោះច្រើនណាស់។
លោក កែម ឡី បានបង្ហាញថា តាមការសិក្សារបស់ ហ្រ្វីឌឹមហោស (Freedom House) ប្រជាជនធ្លាប់ទទួលព័ត៌មានទូទៅ៩៨ភាគរយ តែចំពោះព័ត៌មានដែលពួកគាត់ស្វែងរក មានត្រឹមតែ៣៧ភាគរយ និងជាង១៦ភាគរយ ធ្លាប់ទទួលបានការគំរាមកំហែងពីម្ចាស់ប្រភព។
លោកចាប់អារកម្មណ៍ថា ចំពោះអ្នកនាំពាក្យនៅតាមស្ថាបន័នីមួយៗ មិនអាចផ្តល់ព័ត៌មានបានគ្រប់គ្រាប់នោះទេ ព្រោះ អ្នកទាំងនោះអាចប្រាប់ ត្រឹមតែអ្វីដែលគេបានដឹង ឬថ្នាក់លើបានបង្គាប់ប៉ុណ្ណោះ មួយវិញទៀតពួកគេមិនមានជំនាញគ្រប់នោះទេ បើមានច្បាប់នេះយើងអាចទៅសួរអ្នកជំនាញផ្ទាល់តែម្តងបាន។
គួរបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ ត្រូវបានច្រានចោលក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២២ មករា នៅវិមានរដ្ឋសភា ដែលដឹកនាំដោយលោក ឈាង វុន និងមានចូលរួមពី គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមទាំងគណៈកម្មការជំនាញប្រាំបីផ្សេងទៀត។
សរុបមកក្រុមអ្នកវិភាគយល់ថា ចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយដែលពុំអាចខ្វះបាន។ ថ្វីបើកម្ពុជាមានច្បាប់ស្ដីពីរបបសារព័ត៌មានក៍ពិតមែន ប៉ុន្តែកម្រិតនៃការអនុវត្ត នៅពុំទាន់អាចបម្រើផលប្រយោជន៍ ឲ្យបានទូលំទូលាយជាសាធារណៈនៅឡើយ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា ប្រទេសកម្ពុជា នៅមានបញ្ហាត្រូវប្រឈម ក្នុងកម្រិតខ្ពស់នៅឡើយ ទាក់ទងនឹងការទទួលបានព័ត៌មានដោយសេរី និងតម្លាភាព បើទោះជាមន្ត្រីរដ្ឋាភិបាលអះអាងថា ខ្លួនបានបំពេញកាតព្វកិច្ចពេញលេញ តាមរយៈការបង្កើតឲ្យមានអ្នកនាំពាក្យនៅតាមអង្គភាពរបស់ខ្លួនហើយក្ដី។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៨ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ