សម រង្ស៊ី៖ ការបាញ់សម្លាប់ កែម ឡី ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 10, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹត្តិការណ៍ «បាញ់សម្លាប់ឆៅ» យ៉ាងសាហាវកណ្ដាលរាជធានី បានបង្កឲ្យផ្ទុះប្រតិកម្មព្រោងព្រាត សឹងតែពីគ្រប់ទិសទី ជាពិសេស ប្រតិកម្មកើតចេញ ពីក្រុមអ្នកនយោបាយ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានយកឱកាសនេះ ដើម្បីថ្លែងសារនយោបាយ «ខ្លាំងៗ» សម្រាប់ពលរដ្ឋខ្មែរទូទៅ ប្រឆាំងទៅនឹង«ក្រុមម្ខាងទៀត» ដែលលោកអះអាងថា បានជួលឃាតករឲ្យសម្លាប់លោក កែម ឡី។
មេដឹកនាំប្រឆាំងរូបនេះ បានសរសេរពីកន្លែង ដែលលោកបាននិរទេសខ្លួនឯងថា៖ «លោក កែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមានទេពកោសល្យ និងសក្តានុពលនយោបាយ គួរឲ្យកត់សម្គាល់។»
លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដែលភាគច្រើនជាការរិះគន់រដ្ឋាភិបាលដោយមិនសំចៃមាត់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ ឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង នៅក្នុងផ្សារ «Star Mart» នៃស្ថានីយ៍ប្រេងឥន្ទនៈ «Caltex» ស្ដុបបូកគោ នៅវេលាម៉ោងប្រមាណជា ៩ ព្រឹកថ្ងៃទី១០ ខែកក្កដានេះ។
លោក សម រង្ស៊ី បានបន្តទៀតថា៖ «ដោយសារតែលោក ជាគ្រោះថ្នាក់នយោបាយសម្រាប់ពួកគេម្ខាងទៀត បានជាពួកគេម្ខាងទៀតនោះ បានជួលឃាតករ ឲ្យសម្លាប់លោក កែម ឡី ដូចគេបានជួលឃាតករ កាលពីអតីតកាលថ្មីៗនេះ ឲ្យសម្លាប់លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីររូបទៀត ដែលបានចេញមុខការពារផលប្រយោជន៍ប្រជារាស្ត្រខ្មែរ ដូចលោក កែម ឡី អញ្ចឹងដែរ។»
ប្រធានគណបក្សសង្គ្រោះជាតិ បានភ្ជាប់ព្រឹត្តិការណ៍នេះ ទៅនឹងរឿងរ៉ាវដែលធ្លាប់កើតមានកន្លងមកដូច្នេះថា៖ «ដូចចំពោះការវាយប្រហារ ដោយគ្រាប់បែក កាលពីថ្ងៃ ៣០ មិនា ១៩៩៧ នៅទីក្រុងភ្នំពេញ ហើយដូចចំពោះការបាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយមកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃទៀត ដែលហ៊ានទិតៀនរដ្ឋាភិបាលអញ្ចឹងដែរ ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច»។
ប៉ុន្តែនៅមុននេះបន្តិច លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសរសរតាមបណ្ដាញសង្គម ថ្លែងថ្កោលទោស ទៅលើការវាយប្រហារនេះដែរ។ លោកនាយករដ្ឋមន្ត្រី បានសរសេរថា៖ «ខ្ញុំសូមចូលរួមមរណៈទុក្ខ ចំពោះមរណៈភាពរបស់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ យ៉ាងឃោឃៅ (ហើយ) ដែលខ្ញុំសូមថ្កោលទោស អំពើរដ៏ព្រៃផ្សៃនេះ»។
លោក ហ៊ុន សែន បានសរសេរបន្តថា៖ «សូមឱ្យស្ថាបន័មានសមត្ថកិច្ច ចាត់វិធានការយ៉ាងហ្មឺងម៉ាត់ ចំពោះករណីនេះ ខិតខំត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចាត់វិធានការពង្រឹងសន្តិសុខ ដើម្បីការពារសុវត្ថិភាពប្រជាជន នៅទូទាំងប្រទេស (?)៕