អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !

ប្រសិនជាគេបានស្ដាប់ សំនួនវោហាស័ព្ទរបស់ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និង​លោក កឹម សុខា ជាប្រមុខ ថ្លែងម្ដងៗនោះ គេច្បាស់ជាយល់ថា ដំណាក់កាលនយោបាយ ដែលឈានទៅផ្ដួលលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វាហាក់បីដូចជាគ្រាន់តែ«លា»និង«ក្ដាប់»បាតដៃយ៉ាងដូច្នេះ។ ប៉ុន្តែ វាមិនមែន«ស្រួល» ឬក៏​«អាចមើលឃើញដល់បាត» ប្រៀបបាននឹងទឹក«ថ្លាឈ្វេង»ដូច្នេះឡើយ។ ប្រសិនបើ ក្រុមមេដឹកនាំប្រឆាំងទាំងនេះ មិន​បានគិតដល់ពីយុទ្ធសាស្ត្រពិតប្រាកដ ហើយមិនកែនូវអ្វីដែលពួកខ្លួន«ខ្វះខាត»នោះទេ ជ័យជំនះដែលពួកខ្លួន​និយាយ​ជា«ញយ»ថា ដើម្បីសង្គ្រោះជាតិនោះ នឹងនៅត្រឹមតែជាក្ដី«សុបិន្ដ»រៀងរហូតទៅ។
អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​«គ្មាន» និង​«អន់» !
ពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាល​គណបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: August 10, 2014
  • ប្រធានបទ: វិភាគនយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនៈ - អ្វីដែលជាការពិតនោះ នរណាៗក៏ដឹងដែរថា ទាំងលោក សម រង្ស៊ី និងទាំងលោក កឹម សុខា សុទ្ធសឹង​ជា​បញ្ញាជនដែលមានសញ្ញាប័ត្រខ្ពស់ៗ។ ពួកលោកនៅពេលនេះ អាចទទួលបានការគាំទ្រ ដែលមានចំនួនកាន់តែច្រើន​ឡើងៗ ពីពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងពីប្រទេសធំៗមួយចំនួននោះថែមទៀត។ លោក សម រង្ស៊ី ផ្ទាល់ អាចត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញខាងសេដ្ឋកិច្ចមួយរូប ដែលនឹងធ្វើឲ្យប្រទេសជាតិងើប​ស្ទុះលឿនទៅ​មុខ ប្រសិនណាជាលោកមានអំណាចនៅក្នុងដៃ។

ប៉ុន្តែមុននឹងគុណសម្បត្តិខាងលើ ត្រូវបានយកមកអនុវត្តន៍ដោយប្រសិទ្ធិភាពនោះ គណបក្សប្រឆាំងត្រូវឆ្លងកាត់​ដំណាក់កាលសំខាន់ៗជាច្រើន និងត្រូវត្រៀមខ្លួនឲ្យបានពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកការកាន់អំណាចមួយ ប្រកបដោយឧត្ដមភាព និរន្ដភាព និងគ្មានការបង្ហូឈាម។ ហើយដំណាក់កាលដែលសំខាន់នោះ គឺការគាំទ្រពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ និងត្រូវរៀបចំតទល់នឹងគូរបដិបក្ខដ៏ខ្លាំងក្លាមួយ ដែលមិនអាចត្រូវមើលស្រាលបាន នោះគឺលោក ហ៊ុន សែន។

លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ធ្លាប់បានថ្លែងថា អ្វីដែលគណបក្សប្រឆាំងកំពុងធ្វើ គឺដើម្បីរក្សាទុកឲ្យជាប់ នូវរងើកភ្លើងដែលពួកខ្លួន បានដុតបញ្ឆេះប៉ុណ្ណោះ។ មន្ត្រី​អ្នកនាំពាក្យជាន់ខ្ពស់ របស់រដ្ឋាភិបាលលោក ហ៊ុន សែន រូបនេះ បានពន្យល់ទៀតថា រងើកភ្លើងរបស់គណបក្សប្រឆាំង បើមិនខំប្រឹងរក្សាទេ នឹងអាចរលត់ក្នុងពេលខាងមុខ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ មន្ត្រីចាស់វស្សាមួយរូបទៀត របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលជា​ប្រមុខការទូតកម្ពុជាផង លោក ហោ ណាំហុង ក៏បានចំអក ដាក់គណបក្សសង្គ្រោះជាតិដែរ ដោយបានប្រៀបធៀប​ក្រុមប្រឆាំង ទៅនឹងប៉េងប៉ោង ដែលខំប្រឹងបង្ហោះខ្លួន ទាន់នៅមានខ្យល់ ហើយប៉េងប៉ោងនេះ នឹងអាចធ្លាក់ចំលើ​ភក់​ជ្រាំ នៅពេលណាដែលវាអស់ខ្យល់។

អ្វីដែលជាការលើកឡើងរបស់មន្ត្រីកាន់អំណាចទាំងនេះ គេអាចនិយាយម្យ៉ាងឲ្យស្រួលស្ដាប់ គឺគណបក្សប្រឆាំង​ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាអ្នកដឹកនាំនោះ កំពុងធ្វើខ្លួនដូចជាស្គដ៏ធំមួយ ដែលកំពុងបំពង​សម្លេងរបស់ខ្លួន នៅពេលដែលស្បែកកំពុងនៅតឹងល្អ។ តែផ្ទុយទៅវិញ ក្រុមមន្ត្រីរដ្ឋាភិបាល បានចាត់ទុកស្គនោះ ថាជាវត្ថុមួយដែលប្រហោងក្នុង ហើយវានឹងអាចគោះលែងលឺ នៅពេលដែលស្បែកមានភាពទ្រុឌទ្រោម។ ដូច្នេះ​ចំនុច​នេះ គណបក្សប្រឆាំងមិនគម្បីមើលរំលង ការចំអករបស់ក្រុមមន្ត្រីអន្ទ្រើសៗអស់ទាំងនោះឡើយ។

គេដឹងហើយថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកាន់អំណាចរដ្ឋ ទាំងស៊ីវិល ទាំងទាហាន ទាំងនគរបាល តែមិនមានន័យថា គណបក្សប្រជាជនកម្ពុជាមានអំណាច អាចយកដៃទៅបាំងព្រះអាទិត្យជិតនោះឡើយ។ ប៉ុន្តែកង្វះ​ខាតនៅត្រង់ថា តើព្រះអាទិត្យនោះចេះធ្វើខ្លួនឲ្យមានពន្លឺបែបណា និងចេះបញ្ចេញកម្ដៅបែបណាតែប៉ុណ្ណោះ។

១. បណ្ដាញព័ត៌មានសំងាត់

បើទោះជាគណបក្សសង្គ្រោះជាតិ តែងតែអួតខ្លួនថា ក្រុមខ្លួនជាគណបក្ស ដែលមានតម្លាភាព​​យ៉ាង​ណា​ក៏​ដោយ តែ​នៅចំពោះមុខគណបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតពីគណបក្សកុម្មុយនីស សម្បូរ​ទៅដោយល្បិចកល និងចារកម្មគ្រប់បែបយ៉ាងនេះ តម្លាភាពរបស់គណបក្សសង្គ្រោះជាតិ នឹងមិនមានជំហររឹងមាំ (ឬនិយាយបែបផ្សេង យកមកធ្វើ​«ផ្អកប្រហុក​»អីមិនកើត) ដើម្បីទប់ទល់នឹងកលឧបាយជាយថាហេតុ​ណា​មួយ ពី​ខាង​ក្រៅ​ខ្លួន​នោះបានទេ។

កង្វះខាតនេះ មិនពិបាកដើរស្វែង​រក​ឧទាហរណ៍ណាមួយ មកបញ្ជាក់នោះឡើយ។ គេឃើញត្រឹមតែថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ដែលកងកម្លាំងគ្រប់គ្រងដោយរដ្ឋាភិបាល បានបញ្ជូន​មកកាន់​ទីលានប្រជាធិបតេយ្យ​រួចជា​ស្រេច ដើម្បី​បណ្ដេញ​ក្រុមបាតុករ​ចេញពីទីនោះ ខណៈ​ពេល​ដែលមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ អង្គុយធ្វើសន្និសីទកាសែត​ ធ្វើ​ព្រងើយ។ លុះពេលដឹងថា វិធានការក្ដៅ ត្រូវបានអនុវត្តទៅលើបន្ទាយបាតុកម្ម ដែលជាកូនអុក​នៃនយោបាយរបស់ខ្លួន មេដឹកនាំរបស់គណបក្សនេះ តាំងនាំគ្នាដើរភៀសខ្លួន ទៅស្វែងរកស្ថានទូតបរទេស ដើម្បីជ្រក​លាក់​ខ្លួន។

យួន​និងសៀម ដែលអាចឈ្លានពានវាយយកទឹកដីខ្មែរ និងធ្វើភ្លៀងធ្វើផ្គរស្រេចនឹងចិត្ត ក្នុងប្រព័ន្ធគ្រប់គ្រងរបស់ខ្មែរ តាំងពីក្រោយសម័យមហានគរ មកទល់នឹងពេលនេះបានយ៉ាងងាយនោះ ព្រោះយួននិងសៀមស្គាល់ច្បាស់ ពីចរិក​លក្ខណៈកលឧបាយ​គ្រប់​កន្លុកកន្លៀត​របស់ខ្មែរ។ ផ្ទុយទៅវិញ គឺខ្មែរទៅវិញទេ ដែលមិនចង់ស្គាល់ ពីសត្រូវរបស់ខ្លួន។

ហើយនៅក្នុង​សតវត្សនេះ​ទៀតសោធ ចារកម្មនិងព័ត៌មាន ក៏កាន់តែជាកក្តា​ដែលមិនអាចខ្វះបាន​នោះទៀត ដើម្បី​​ស្គាល់​ឲ្យច្បាស់​ពីគូរបដិបក្ខរបស់ខ្លួន។ ខុសពីគណបក្សប្រឆាំង រឿង​ចារកិច្ចនេះ លោក ហ៊ុន សែន ខ្លួនលោក​ក៏​មិន​ដែល​លាក់លៀម​ឡើយថា លោកដឹងគ្រប់យ៉ាង ពីក្រុមប្រឆាំង​ថាកំពុង​ធ្វើអ្វីនោះ។

២. បង្កើនឥទ្ធិពលនៅក្នុងកងកម្លាំងប្រដាប់អាវុធ

បង្កើនឥទ្ធិពល មិនមានន័យថាគណបក្សសង្គ្រោះជាតិ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធទាំងនោះ ដើម្បី​ងាក​មក​​ប្រឆាំង​នឹងលោក ហ៊ុន សែន នោះឡើយ ព្រោះក្នុងករណីនេះ លោក ហ៊ុន សែន អាចចោទថា គណបក្សសង្គ្រោះ​ជាតិ​មានបំណងចង់ធ្វើរដ្ឋប្រហារ។ ប៉ុន្តែបង្កើនឥទ្ធិពល ដើម្បីឲ្យកងកម្លាំងទាំងនោះយល់ថា ខ្លួនជា​កង​កម្លាំង​​របស់ជាតិ ត្រូវបម្រើជាតិ​និងពលរដ្ឋ មិនមែនបម្រើលោក ហ៊ុន សែន ឬ​លោក សម រង្ស៊ី នោះ​ឡើយ។ ពន្យល់​ដើម្បី​ឲ្យកងកម្លាំង​ទាំងនោះ មិនអាចលើកដៃ​កេះកៃកាំភ្លើង បាញ់សម្លាប់ជនរួមឈាមខ្លួនឯង នោះបាន​តទៅ​ទៀត។

ហើយ​បើទោះជាលោក ហ៊ុន សែន ក្ដាប់កងកម្លាំងទាហាន និងនគរបាល​យ៉ាងណែន​នៅក្នុងដៃ ដាក់មនុស្សជំនិត​​​របស់លោក ឲ្យធ្វើជាមេទ័ពឬមេនគរបាលក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែមានក្រឡាអុកជាច្រើន ដើម្បីដើរ​បង្កើនឥទ្ធិពលរបស់ខ្លួន ទៅក្នុងជួរកងទ័ព ឬទៅក្នុងជួរកងកម្លាំង​នគរបាលនោះដែរ។ ក្នុងចំណោម​ក្រឡាអុក​ទាំង​នោះ រួមមាន លោក ប៉ែន សុវណ្ណ អតីតមេបញ្ជាការ កងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា មានកងទ័ពរបស់​អតីតចលនាតស៊ូ ដែលបានចូលមកធ្វើសមាហរណកម្ម ប៉ុន្មានជា១០ឆ្នាំចុងក្រោយ​នេះ បូករួមនឹងគោលនយោបាយ​របស់ខ្លួន ដែលចង់ឲ្យកងកម្លាំងប្រដាប់អាវុធទាំងនោះ មាន​«ឧត្ដម​ភាព»​ច្បាស់លាស់ មានប្រាក់ខែអាច រស់បាន​ត្រឹម​ត្រូវ​ នោះជាដើម។

រឿងដែលសំខាន់មួយទៀត គណបក្សសង្គ្រោះជាតិ មិនត្រូវបង្កឲ្យមានគម្លាតរវាងក្រុមខ្លួន និងកងកម្លាំងប្រដាប់អាវុធ ដែលហាក់ដូចជាទឹកនិងប្រេង ហើយជាពិសេសមិនត្រូវចាត់ទុកថា ឲ្យតែកងកម្លាំងប្រដាប់អាវុធ សុទ្ធតែជាមនុស្ស ​របស់លោក ហ៊ុន សែន ទាំងអស់នោះឡើយ។ តាមរយៈតំណាងរាស្ត្រ​ជាប់ឆ្នោត​របស់ខ្លួន គណបក្សប្រឆាំង ក៏គួរតែ​មានឱកាស ដើម្បីចុះទៅជួបកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែងនឹងការចុះទៅ​ជួប​​សកម្មជន នៅតាមមូលដ្ឋាន​នានា​នោះដែរ។

ជាការពិតហើយ លោក ហ៊ុន សែន និងមេដឹកនាំក្ដាប់កងកម្លាំងទាំងនោះ ច្បាស់ជាមិនអនុញ្ញាតឲ្យក្រុមប្រឆាំង មាន​ឱកាសចុះទៅជួបទាហាន ឬកងកម្លាំងនគរបាលនោះទេ។ ប៉ុន្តែភាពអត់ធ្មត់ និងការឈ្មុសឈ្មុល នឹងរកអត្ថន័យ​បាន​យ៉ាងស្រួល ជំនួសឲ្យពាក្យថា លោក ហ៊ុន សែន មិនអាចយកបាតដៃ ទៅបាំងព្រះអាទិត្យឲ្យជិតបានឡើយ។ រកជួប​កងកម្លាំងទាហាន ឬនគរបាលនៅក្នុងបន្ទាយមិនបាន ចុះឪពុកម្ដាយ ប្រពន្ធកូនរបស់កងកម្លាំងទាំងនោះ សុទ្ធតែនៅ​ក្នុងបន្ទាយទាំងអស់ឬយ៉ាងណា?

៣. ពង្រឹងប្រព័ន្ធការងារ អភិបាលកិច្ចរបស់ខ្លួន

ក្នុងរយៈពេលកន្លងមក យ៉ាងហោចណាស់ សេចក្ដីថ្លែងការណ៍ និងសេចក្ដីប្រកាសព័ត៌មានដ៏ច្របូកច្របល់ចំនួនបីដង ត្រូវបានគេដឹងថា គណបក្សសង្គ្រោះជាតិចេញផ្សាយ ដោយខ្វះនូវភាពប្រាកដនិយម។ ក្នុងនោះសេចក្ដីថ្លែងការណ៍ ប្រកាសថាខ្លួន​ឈ្នះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៣ សេចក្ដីប្រកាសព័ត៌មានថា លោក សូរិយ៉ា ស៊ូប៊ើឌី នឹងអម​ដំណើរ​មេដឹកនាំខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងសេចក្ដីថ្លែងការណ៍បដិសេធ​​កញ្ញា ធី សុវណ្ណថា ទាក់​ទង​ការដាក់ពាក្យបណ្ដឹង ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។

សេចក្ដីជូនដំណឹង ឬលិខិតរបស់ប្រមុខគណបក្សមួយចំនួន ត្រូវបានគេមើលឃើញថា ខ្វះត្រារបស់គណបក្ស ឬខ្វះ​ការចុះបញ្ជី។ល។ គេអាចយល់បាន ថាលិខិតនោះត្រូវចេញបន្ទាន់ភ្លាមៗ វាច្បាស់ជារកត្រាគណបក្ស ឬអ្នកកាន់បញ្ជី​របស់ប្រព័ន្ធរដ្ឋបាលមិនទាន់ ហើយបង្ខំចិត្តត្រូវតែចេញផ្សាយលិខិតនោះ ដោយគ្មានត្រា ឬគ្មានការចុះបញ្ជី។ តែនេះ​ជាចន្លោះប្រហោង ខាងរដ្ឋបាលរបស់គណបក្ស ដែលអាចឲ្យគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលលោក ហ៊ុន សែន យកមកធ្វើការវាយប្រហារដោយងាយ ថាគណបក្សសង្គ្រោះជាតិគ្មានលក្ខណៈគ្រប់គ្រាន់ នឹងមកកាន់កាប់ ​ដឹកនាំ​ប្រទេសនោះឡើយ។

សម្រាប់ក្រសែភ្នែកប្រជាជាតិ និងអន្តរជាតិ ការចន្លោះប្រហោង និងភាពវង្វេងវង្វាន់ នៃប្រព័ន្ធរដ្ឋបាលនេះ បានបង្ក​ឲ្យ​មានការមិនទុកចិត្តមួយ បង្ហាញ​ពី​ភាព​ទន់ជ្រាយ នៅក្នុងប្រព័ន្ធដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។

៤. បង្កើតយុទ្ធសាស្ត្រនយោបាយ ឲ្យរឹងមាំ និងធ្វើឲ្យចេញជារូបរាង

ធ្វើនយោបាយដែលខ្វះយុទ្ធសាស្ត្រ ជានយោបាយត្រដរខ្យល់។ បើគូរបដិបក្ខជាសត្វក្រពើរ គេមិនត្រូវដើរនយោបាយ ដែលចាត់ទុកខ្លួនឯង មានលក្ខណៈដូចជាសត្វពពែនោះទេ។ តែត្រូវតែធ្វើយ៉ាងណា ដើម្បីក្លាយខ្លួន ជាតោ ខ្លា ឬជា​ឥន្ទ្រី ដ៏មានឥទ្ធិពល ដើម្បីអាចប្រយុទ្ធនឹងក្រពើបាន។

គម្បីយល់ថា គណបក្សសង្គ្រោះជាតិ មានសន្ទុះខ្លាំងមកដល់ពេលនេះ មួយភាគធំជាកម្លាំងរបស់ពលរដ្ឋ ដែលចង់​ឲ្យមានការផ្លាស់ប្ដូរ នូវការដឹកនាំដ៏ចាស់គម្រិល ពោរពេញដោយស្នឹម តាំងពីឆ្នាំ១៩៧៩នោះមក តែមិន​មែន​​ដោយ​​សារ​គណបក្សសង្គ្រោះជាតិ មានយុទ្ធសាស្ត្រនយោបាយខ្លាំងនោះទេ។ មេដឹកនាំគណបក្សសង្គ្រោះ​ជាតិ តែងស្រែក​ដោយសម្ដី«ថ្លោសៗ»ថា ខ្លួន​ស្គាល់​គណបក្សប្រជាជនកម្ពុជា​ច្បាស់ណាស់។ តែ​សម្ដី​ទាំង​នោះ ហាក់បីដូចជាស្គរ ដែលគ្រាន់​តែគោះ​​តម្លើង​សម្លេង​ឲ្យខ្លាំង ដើម្បីគេឯង​ភ្ញាក់តែប៉ុណ្ណោះ។ តែគេ​តោង​សួរ​ទៅ​មេ​ដឹកនាំ​ទាំងនោះ ស្គាល់ពីយុទ្ធសាស្ត្ររបស់ គណបក្ស​ប្រជាជនកម្ពុជាដល់កម្រិតណា?

តើយុទ្ធសាស្ត្រ ដែលលោក ហ៊ុន សែន តែងប្រើដូចជា «ពិសកម្ចាត់ពិស» ឬ«ដើរមួយក្រឡាមុន ឈ្នះ» ឬ​«ខោក​មួយ​ក្រញ៉រ ដើម្បីឲ្យអន់ចង់ មុននឹងអង្អែលតាមក្រោយ» ឬ«បាចទឹកឲ្យរីង ដើម្បីចាប់ត្រី»... ត្រូវបានមេដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ ដឹងនិងរៀនសូត្រ​ពីបទពិសោធ ដូចម្ដេចខ្លះ? ជាពិសេស ការរើរុះបន្ទាយបាតុកម្ម ថ្ងៃទី៤ ខែមករា ឬការ​ចាប់ឃុំខ្លួន​មន្ត្រីគណបក្ស ទាំង៨រូបថ្មីៗនេះ សុទ្ធតែស្ថិតក្រោមយុទ្ធសាស្ត្រនេះទាំងអស់។

តែផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ បានធ្វើខ្លួនជាសត្វពពែ ដែលត្រូវសត្វក្រពើរដេញចាប់ស៊ី ជារៀងរាល់ថ្ងៃ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ពពែមួយក្បាលនេះ បានត្រូវគណបក្សប្រជាជនកម្ពុជា ដេញឲ្យចូលក្នុងអន្ទាក់ ទាក់​បាន​ទាំងមេទាំងកូន ថែមទៀត។ នយោបាយរត់តាមកន្ទុយក្បិន ដូចយ៉ាងកន្លងមក នឹងធ្វើឲ្យគណបក្សនេះចាញ់ ក្នុងពេល​ខាងមុខទៀត ប្រសិនណាមិនភ្ញាក់ខ្លួន រៀបចំយុទ្ធសាស្ត្រតាំងខ្លួនជាតោ ខ្លា ឬជាឥន្ទ្រី ទាន់ពេលវេលាទេនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...