បក្សសង្គ្រោះជាតិថា ខ្លួនបន្ត«វប្បធម៌សន្ទនា» ទោះ ហ៊ុន សែន គម្រាមបញ្ចប់
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣០ ឧសភា ២០១៥
- កែប្រែចុងក្រោយ: April 30, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមាជិក នៃគណកម្មការនាយក នៃគណបក្សសង្គ្រោះជាតិ មួយរូប បានអះអាងប្រាប់ ទស្សានាវដ្ដីមនោរម្យ.អាំងហ្វូថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភា នៅតែរក្សា និងគាំទ្រ នូវវប្បធម៌សន្ទនា រវាងគណបក្សនយោបាយទាំងពីរ។ ថ្លែងក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីរូបនេះបានបន្តថា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ បានសម្រេច និងរក្សានូវគោលជំហរ របស់ខ្លួនជានិច្ច ក្នុងការរក្សានូវតម្លៃ នៃវប្បធម៌សន្ទនា ដែលបានកើតចេញ ពីកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
មិនអាចភ្ជាប់ទំនាក់ទំនង ជាមួយអ្នកនាំពាក្យ របស់គណបក្សសង្គ្រោះជាតិ បានទេ ដោយពុំមាន អ្នកទទួលទូរស័ព្ទ។ ដូចគ្នានេះដែរ តាមការអះអាង របស់លោក លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ជាមួយវិទ្យុក្នុងស្រុកមួយ បានលើកឡើងយ៉ាងខ្លីថា គណបក្សសង្គ្រោះជាតិ កំពុងជំរុញ និងរក្សានូវវប្បធម៌សន្ទនា នៃគណបក្សទាំងពីរ ដោយមិនងាករេ។ លោកថា៖ «គោលជំហរ របស់គណបក្សសង្គ្រោះជាតិ ជំរុញលើកកម្ពស់ វប្បធម៌សន្ទនា។ (…) យើងបាននឹងកំពុងធ្វើកិច្ចការទាំងអស់ហ្នឹង។»
កាលពីថ្ងៃទី២៩ ខែមេសា ម្សិលម៉ិញនេះ ក្នុងខេត្តព្រះសីហនុ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់រោងចក្រ ចម្រាញ់ដូងប្រេងទី២ របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគម្រាម និងព្រមានថា នឹង«បញ្ចប់វប្បធម៌សន្ទនា» បើថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែបន្តនយោបាយរបស់ខ្លួន រិះគន់ និងវាយប្រហារ មកលើគណបក្សប្រជាជនកម្ពុជា ដោយគ្មានសំចៃមាត់ តាមទីសាធារណៈ។
ការប្រតិកម្ម របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីលោក កឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅឯខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅថា ទោះជាយ៉ាងណាក៏ដោយ បើគណបក្សសង្គ្រោះជាតិ «ឈ្នះឆ្នោត» គណបក្សមួយនេះ នឹងមិនសងសឹក ជាមួយគណបក្សប្រជាជនកម្ពុជាទេ។
ការថ្លែងរបស់លោក កឹម សុខា ខាងលើនេះ ហាក់បីដូចជាដុំភ្លើងមួយដ៏ក្តៅ បានធ្លាក់ទៅប៉ះសាច់ លោកនាយករដ្ឋមន្រ្តីយ៉ាងដូច្នោះ ដែលនាំឲ្យលោកបង្ហាញ នូវប្រតិកម្មថា លោកនឹងមិនអាចទទួលយកបានទេ ចំពោះសារនយោបាយនោះ។ លោក ហ៊ុន សែន បានសួរថា តើលោក កឹម សុខា បានអះអាងថាខ្លួន«ឈ្នះ» ហើយមិនសងសឹកនោះ ដោយសំអាងលើហេតុផល និងមូលដ្ឋានអ្វី?
លោកនាយករដ្ឋមន្រ្តី បានធ្វើបណ្តាំ ផ្ញើរទៅកាន់ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិយ៉ាងដូច្នេះថា៖ «សូមឯកឧត្តម សម រង្ស៊ី អប់រំផ្ទៃក្នុងបក្សឲ្យបាន។ បើឯកឧត្តមធ្វើមិនបានទេ ខ្ញុំក៏! អាវប្បធម៌សន្ទនាហ្នឹង គឺលុបចោល ក៏ត្រូវលុបចោល ក៏លុបទៅ។ កើតហើយ បើវាងាប់ទៅវិញ ឲ្យវាងាប់ទៅ ព្រោះកើតហើយ វាត្រូវរបួសនៅកំពង់ឆ្នាំង។ មិនអ៊ីចឹង? កើតជាមួយគ្នា នៅសៀមរាប ដល់មកងាប់ ត្រូវរបួស ៗនៅកំពង់ឆ្នាំង ហើយប្រើពាក្យសម្ដីបែបហ្នឹង តើឲ្យគេ (ត្រូវ) តបត (ឬ) ទេ?»
សាររបស់លោក ហ៊ុន សែន បានបន្តជំរុញ ឲ្យលោក សម រង្ស៊ី ធ្វើការជ្រើសរើស រវាងវប្បធម៌សន្ទនា ឬរវាងរូបលោក និងលោក កឹមសុខា ទៀតថា៖ «ខ្ញុំចង់ផ្ញើសារ ទៅឯកឧត្តម សម រង្ស៊ី ថា ខ្ញុំចង់និយាយថា កុំទុក កឹម សុខា ទាត់ជើងខ្ញុំ។ (…) ដូច្នេះឥឡូវនេះ លោក សម រង្ស៊ី ត្រូវជ្រើសរើស តើបន្តវប្បធម៌សន្ទនា ឬយើងត្រូវប្រឈមមុខដាក់គ្នា អរិយភាពដាក់គ្នា។ (...) អ្វីដែលខ្ញុំចង់កត់សម្គាល់ គឺសូមឱ្យបញ្ចប់ទៅ នូវនយោបាយ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី” ។ ព្រោះរឿងនេះ វាបានកើតឡើងច្រំដែល នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។»៕