ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា

ទោះបីជាមានការជជែកតវ៉ា ពីតំណាងរាស្រ្តគណបក្សប្រឆាំង ឲ្យធ្វើវិសោធនកម្ម  កែសម្រួលលើមាត្រាមួយចំនួន យ៉ាងណាក៏ដោយ ក៏គណៈកម្មការជំនាញនៃរដ្ឋសភា នៅតែរក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិឆ្នាំ២១០១៣ ដែលមាន ៦ ជំពូក ក្រោមសម្លេង ៩៩ គាំទ្រ លើ១០១សម្លេង។
ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា
អាគារវិមានរដ្ឋសភាកម្ពុជា មើលពីច្រកទ្វាខាងមុខ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញថ្ងៃទី ១១ ធ្នូ ២០១២
  • កែប្រែចុងក្រោយ: December 12, 2012
  • ប្រធានបទ: ច្បាប់ថវិកា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋសភាជាតិកម្ពុជា បានអនម័ត្រយល់ព្រម ឲ្យរដ្ឋាភិបាល ចាយវាយថវិកាលើទំហំទឹកប្រាក់ សរុបចំនួន១២.០៩៥.០៧៣,៣ លានរៀល (ប្រមាណជា ៣.០០០ លានដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៣ ដែលមានខ្ទង់ចំណាយមិនទាន់បែងចែកមានចំនួន ៥.៦២៨.៩២៦ លានរៀល ស្មើនឹង ១.៤០៧ លានដុល្លារ និងចំណាយមិនបានគ្រោងទុកមានចំនួន ៤៥២.៣៣៣ លានរៀល ស្មើនឹង ១១៣ លានដុល្លារ ។

ក្នុងច្បាប់ថវិកាជាតិសំរាប់ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានចំណាយលើវិស័យធំៗមួយចំនួនដូចជា លើវិស័យរដ្ឋបាលទូទៅចំនួន ១.១០០.០៨៩,១ លានរៀល (២៧៥ លានដុល្លារអាមេរិក) លើវិស័យសង្គមកិច្ចចំនួន ២.៧៤៦.៥៣៩,៩ លានរៀល (៦៨៦ លានដុល្លារ) លើក្រសួងសុខាភិបាលមានចំនួន ៩០១.៥០០,៩លានរៀល (២២៥ លានដុល្លារ) លើក្រសួងអប់រំយុវជន និងកីឡាមានចំនួន ១.១១៩.៥៦៥,៥លានរៀល ស្មើនឹង (២៨០ លានដុល្លារ) លើក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា មានចំនួន ៤១១.០៣២,៨ លានរៀល (១០៣ លានដុល្លារ)។ ចំណែកវិស័យការពារជាតិ និងសន្តិសុខ ដែលបានកំណត់​ក្នុងច្បាប់ថវិកាជាតិវិញ មានចំនួន១.៦០០.៦៤០ លានរៀល (ប្រមាណ៤០០ លានដុល្លារ) ដោយត្រូវបានបែងចែក ទៅក្រសួងការពារជាតិចំនួន ៩៨០.៥១៥ លានរៀល (២៤៥ លានដុល្លារ) និងក្រសួងមហាផ្ទៃមានចំនួន ៦២០.១២៥ លានរៀល (១៥៥ លានដុល្លារ)។

សមាជិកសភាតំណាងរាស្រ្ត មកពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បានស្នើសុំឱ្យធ្វើវិសោធនកម្ម លើមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣នេះ ដោយចង់អោយមាន ការប្រមូលថវិកាជាតិ ឱ្យបានត្រឹមត្រូវ និងបន្ថែមអាទិភាពចំណាយ ទៅលើវិស័យមួយចំនួន ដូចជា វិស័យអប់រំ, សុខាភិបាល, កសិកម្ម និងអភិវិឌ្ឍន៍ជនបទ។ ក្រុមគណបក្សប្រឆាំងទាំងនេះ បានបង្ហាញពីបំណង ដែលចង់កាត់បន្ថយការខ្ចីប្រាក់ពីបរទេស និងដំឡើងប្រាក់ខែដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធឲ្យបាន ១លានរៀល និងប្រាក់ជំនួយដល់មនុស្សចាស់៤ ម៉ឺនរៀលក្នុងមួយខែ ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានលើកឡើងថា ថវិកាជាតិសម្រាប់ឆ្នាំ២០១៣ មានចំនួនប្រមាណ ២.៩៨០ លានដុល្លារ។ ក៏ប៉ុន្តែក្នុងមួយឆ្នាំ ទឹកប្រាក់ប្រមាណ ៣០% នៃថវិកាជាតិ បានពឹងផ្អែកទៅលើ ការខ្ចីបុលពីបរទេស ដែលមានទឹកប្រាក់ប្រមាណជា ៨០០ លានដុល្លារ។ លោកបន្តថា យើងមានលទ្ធភាពប្រមូលថវិកាជាតិ បានដោយងាយៗ ដូចជា ការយកពន្ធពីលើដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ ដែលឥឡូវមានដល់ ២,៨ លានហិកតារ។ ប៉ុន្តែនៅដំណាច់ឆ្នាំ២០១២នេះ ប្រាក់កម្ចីពីបរទេសអាចកើនឡើងដល់ ៧.៣០០ លានដុល្លារ។ ហើយនៅឆ្នាំ២០១៣ ប្រាក់កម្ចីរបសកម្ពុជា អាចនឹងកើនឡើង ពី៨.០០០ ទៅ ៩.០០០លានដុល្លារ។

លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានការពារសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០១៣នេះ យ៉ាងដូច្នេះថា រដ្ឋាភិបាលធានា ឲ្យមានកំណែរទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក រួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់ការគ្រប់គ្រងដីធ្លី កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ការអនុវត្តន៍កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិតាមបែបប្រជាធិបតេយ្យ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបន្តពង្រឹងអភិបាលកិច្ចល្អ និងការបង្កើនភាពស័ក្តិសិទិ្ធ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។

សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣នេះ បានកំណត់ពីថវិកាចំណាយសរុបឆ្នាំ២០១៣ បានកើនឡើង ១២,៩% ស្មើនឹង ១៩,៨១% នៃ ផ.ស.ស គឺកើនឡើង ០,៤៨% នៃ ផ.ស.ស បើធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ។ សេចក្តីព្រាងច្បាប់នេះក៏បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីបំណុលបរទេសចំនួន ៦០០ លានអេសដេអ៊ែ (SDR) ស្មើជាង ៩១៥ លានដុល្លារអាមេរិក ដែលកាលពីឆ្នាំ២០១២ កំណត់ឲ្យរដ្ឋាភិបាលខ្ចីបំណុលចំនួន ៧០០ លានអេសដេអ៊ែ (SDR)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...