សម រង្ស៊ី ស្នើឲ្យមានការដាក់«ពន្ធនាគារ» ចំពោះអ្នកបើកបរបុកមនុស្សស្លាប់
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 02, 2014
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា រាល់គ្រោះថ្នាក់ ដែលកើតមកពីការធ្វើចរាចរណ៍ ព្រោះតែភាពអនាធិបតេយ្យ ដែលចេញមកពីបញ្ហាពីរយ៉ាង មួយការមិនគោរពច្បាប់ ទីពីរ គឺការគ្មានច្បាប់។
ថ្លែងក្នុងសម័យប្រជុំសភាលើកទី៣ នីតិកាលទី៥ នៅមន្ទីររដ្ឋសភាជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រធានគណបក្ស និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលរូបនេះ បានបញ្ជាក់ដូច្នេះថា «បុកមនុស្សស្លាប់ ឲ្យលុយមួយពាន់ ពីរពាន់ដុល្លា ធ្វើមើលជីវិតមនុស្ស មានតម្លៃស្មើនឹងលុយនោះ។ នេះទម្លាប់ ជាផ្នត់គំនិត ជាវប្បធម៌ ដែលយើងមិនអាចទទួលយកបាន ដែលយកលុយទៅដូរយកជីវិតមនុស្ស។ (…) លុយនោះ តើអាចគាស់អ្នកស្លាប់ឲ្យរស់ឡើងវិញឬ? កុំយកលុយជាធំឲ្យសោះ។ (…) មិនត្រូវអនុញ្ញាតឲ្យអ្នកដែលបុកគេស្លាប់តាមរយៈស្រវឹង បើកលឿន អ្នកមានអំណាច អ្នកមានឥទ្ធិពល ត្រូវមានទោស។ (…) លិទ្ធិប្រជាធិបតេយ្យ មិនថាអ្នកតូច អ្នកធំ អ្នកមាន អ្នកក្រ មានសិទ្ធិដូចគ្នា និងកាតព្វកិច្ចស្មើគ្នាចំពោះមុខច្បាប់។»
ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើង ខណៈពេលដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើសេចក្ដីស្នើច្បាប់មួយឡើង ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ផ្លូវគោក នៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាជាតិ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលមាន១២ជំពូក និង៩២មាត្រានោះ មានគោលបំណងធានាសុវត្ថិភាព ការពារ សុខមាលភាព និងអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិសាធារណៈ រួមនឹងធានាឲ្យមានសណ្តាប់ធ្នាប់សាធារណៈ លើចរាចរណ៍ផ្លូវគោកដើម។
លោកប្រធានគណបក្សប្រឆាំង បានបង្ហាញនូវការចាប់អារម្មណ៍ លើ«ទោសបញ្ញត្តិ» ដែលត្រូវធ្វើការកំណត់ទោស ទៅលើអ្នកដែលបានបុកគេស្លាប់។ លោកបានធ្វើការរិះគន់ ទៅលើការអនុវត្តច្បាប់ចរាចរណ៍កន្លងមកថា អ្នកប្រព្រឹត្តិល្មើសច្បាប់ចរាចរណ៍ ហើយបាន«បុក»គេស្លាប់ ដោយគ្រាន់តែបង់លុយ ជាការរួចខ្លួន នោះនៅមិនទាន់គ្រាប់គ្រាន់ ទៅតាមផ្លូវច្បាប់ឡើយ។ អ្នកបង្កហេតុ ដែលនាំឲ្យមានមនុស្សស្លាប់ ត្រូវតេទទួលទោសតាមច្បាប់ ទៅគ្រប់បុគ្គលទាំងអស់ គ្មាននិន្នាការនយោបាយ បក្សពួកនិយម ឬខ្សែស្រឡាយឡើយ។
ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ច្បាប់ចរចារណ៍ផ្លូវគោក ត្រូវបានលោកសម រង្ស៊ី ស្នើសុំបំពេញឲ្យបានពេញលេញ និងគ្រប់គ្រាន់ ក្នុងការកំណត់ទោសទណ្ឌ លើអ្នកដែលបង្កឲ្យមានមនុស្សស្លាប់ ក្នុងពេលធ្វើចរាចរណ៍។ លោកបានបញ្ជាក់ថា មុននឹងជម្រុញឲ្យមានការកំណត់ទោស លើអ្នកប្រព្រឹត្តឲ្យបានត្រឹមត្រូវនោះ ត្រូវតែមានច្បាប់ និងនាំគ្នាគោរពច្បាប់ជាមុន ហើយមុននឹងគោរពច្បាប់ ត្រូវតែមានច្បាប់ឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕