ជាម យៀប ស្វាគមន៍ជំហរជួបចរចារបស់បក្សប្រឆាំង តែមិនអាចរកយុត្តិធម៌
- ដោយ: ជា ធីរិទ្ធ ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: October 31, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាជធានីភ្នំពេញ - ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ មេបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានអះអាងថា គណបក្សសង្គ្រោះជាតិ មានគោលជំហរចង់ជួបចរចាជាមួយនឹងគណបក្សប្រជាជនកម្ពជា ដើម្បីរកយុទ្ធសាស្រ្តក្នុងការទម្លាយនៅភាពទល់ច្រកនយោបាយនៅកម្ពុជា ដោយសន្តិវិធី។ លោក សម រង្ស៊ី បានបញ្ជាក់ថា បញ្ហាជាប់គាំងនយោបាយនៅពេលនេះ មានតែគណបក្សទាំងពីរជួបជជែកគ្នាតែប៉ុណ្ណោះទើបអាចដោះស្រាយបាន។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបន្តថា នៅថ្ងៃព្រហស្បតិ៍នេះរូបលោក នឹងធ្វើការទាក់ទងទៅលោក ស ខេង ដែលជាតំណាងគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ថ្ងៃក្នុងការជួបចរចាគ្នារវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ។ លោក សម រង្ស៊ី មិនអាចបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការជួបគ្នានោះទេ ដោយលោកឲ្យរងចាំការសម្រេចរបស់គណបក្សទាំងពីរ។ លោក សម រង្ស៊ី សង្កត់ធ្ញន់ថា ការជួបគ្នាមិនមានន័យថា គណបក្សប្រឆាំងចូលជាមួយគណបក្សកាន់អំណាច ឬទទួលស្គាល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឡើយខណៈដែលយុត្តិធម៌នៅមិនទាន់លាតត្រដាងនោះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមក្នុងសន្និសិទការសែតនោះដែរ បានថ្លែងថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជហរជាក់លាក់ទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតដដែល មិនអាចបោះបង់ចោលបាននោះទេ។ លោកថា យុត្តិធម៌នឹងត្រូវបង្ហាញ បន្ទាប់ពីមានការបង្កើតគណកម្មការពិសេស ដើម្បីស៊ីបអង្កេតនៅភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោកអនុប្រធានគណបក្សប្រឆាំងរូបនេះ បានបន្តថា ការបោះឆ្នោតកាលពីពេលកន្លងទៅ មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់។ លោក កឹម សុខា ក៏បានស្នើឲ្យថ្នាក់ដឹកនាំគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានលោក អ៊ឹម សួស្តី និងលោក ទេព នីថា ជាដើមចុះចេញពីដំណែងផងដែរ។
មន្រ្តីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូរ ថាគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ចំពោះជំហររបស់គណបក្សប្រឆាំង ក្នុងការជួបចរចាគ្នា ដើម្បីរកដំណោះស្រាយបញ្ហាជាតិ។ តែលោក ជាម យៀប បញ្ជាក់ថា ជំហរបស់បក្សប្រឆាំងដែលទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតនោះ ពិតជាមិនអាចទៅរួចនោះទេ ដោយសារអង្ករក្លាយជាបាយទៅហើយ ពោលគឺរដ្ឋាភិបាលរបស់គណបក្សប្រជាជនបានកើតឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
ជុំវិញបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន បានសម្តែងការពេញចិត្តចំពោះឥរិយាបថទន់ភ្លន់របស់គណបក្សទាំងពីរក្នុងការជួបចរចាគ្នា ដើម្បីដោះស្រាយបញ្ហា។ ពួកគេបានសង្ឃឹមថា ភាពជាប់គាំងនយោបាយ នឹងអាចទម្លាយបាននៅពេលឆាប់ៗខាងមុខនេះ ប្រសិនណាបើគណបក្សទាំងពីរពិតជាសឡាញ់ជាតិមែននោះ។
សូមបញ្ជាក់ថា នៅការជួបចរចាគ្នារវាងថ្នាក់ដឹកនាំគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចនៅពេលខាងមុខនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ស្នើឲ្យមានការបើកចំហរជាសាធារណៈ ដោយអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន អ្នកអង្កេតការជាតិនិងអន្តរជាតិចូលឃ្លាំមើល និងស្តាប់ការចរចាគ្នានេះផងដែរ ជៀសវាងការយកទៅបកស្រាយផ្សេងៗគ្នា។ មិនតែប៉ុណ្ណោះ គណបក្សប្រឆាំង ក៏ទាមទារឲ្យទីកន្លែងជួបគ្នាលើកនេះ មិនមែនធ្វើឡើងនៅវិមានរដ្ឋសភាទេ គឺត្រូវធ្វើនៅកន្លែងផ្សេងពីទីនេះ។ លើសពីនេះទៅទៀត គណបក្សប្រឆាំងក៏ស្នើឲ្យមានការចាក់ផ្សាយជាសាធារណៈអំពីកិច្ចចរចានេះ នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅលោកបានដឹង ៕
---------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ