ព្រឹត្តិការណ៍ចុងក្រោយ ទាក់ទងបាតុកម្មមហាជនប្រឆាំងកឹម សុខា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ដូចការគ្រោងទុក បាតុកម្មអហឹង្សា ដឹកនាំដោយលោក ជុំ ម៉ី តំណាងអតីតជនរងគ្រោះនៃគុកទួលស្លែង និងជនរងគ្រោះក្រោមរបបខ្មែរក្រហម ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៩ខែមិថុនានេះ នៅទីលានប្រជាធិបតេយ្យ ធ្វើការប្រឆាំងនឹងការលើកឡើងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិទាក់ទងនឹង «គុកទួលស្លែងជាគុកសិប្បនិម្មិត រៀបចំឡើងដោយវៀតណាម»។
រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ខែឧសភា មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។
ឆ្លើយតបនឹងសំណើររបស់លោក ជុំ ម៉ី ក្នុងការជួបជុំធ្វើបាតុកម្មរបស់បណ្ដាជននេះ ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបានអនុញ្ញាត ឲ្យមានអ្នកចូលរួមត្រឹមតែមួយម៉ឺននាក់ប៉ុណ្ណោះ និងអនុញ្ញាតឲ្យមានការដង្ហែរញត្ដិ ទៅដាក់នៅគណបក្សសង្គ្រោះជាតិ មិនឲ្យលើសពីប្រាំរយនាក់ទេ។ ក្នុងការស្នើសុំដំបូងទៅកាន់ក្រសួងមហាផ្ទៃ បាតុកម្មនេះបានគ្រោងចំនួនមនុស្សរហូតដល់២ម៉ឺននាក់ និងការដង្ហែតាមដងផ្លូវ ចំនួន២ពាន់នាក់។
នៅក្នុងការជូបជុំគ្នានាព្រឹកស្អែកនេះ តំណាងរាស្រ្តមួយចំនួន មកពីគណបក្សប្រជាជនកម្ពុជា ដូចជាលោក ជាម យៀប និងលោក ឈាង វុន ជាដើម ក៏នឹងមកចូលរួមធ្វើបាតុកម្មដែរ។ តែការចូលរួមនេះ តំណាងរាស្ត្រទាំងពីររូប បានអះអាងថា ជាការចូលរួម ក្នុងនាមជាជនរងគ្រោះម្នាក់នៃរបបខ្មែរក្រហម និងក្នុងនាមពលរដ្ឋដែលមានសិទ្ធិក្នុងការបញ្ចេញមតិប៉ុណ្ណោះ មិនមែនក្នុងនាមតំណាងរាស្រ្ត ឬសមាជិកសភាទេ និងក៏មិនមែនក្នុងនាមអ្នកនយោបាយនោះដែរ។
កាលពីថ្ងៃទី៦ ខែ មិថុនា លោក ជុំ ម៉ី បានធ្វើការអំពាវនាវ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដែលមានបងប្អូន ឬសាច់ញាត្តិ បានស្លាប់ក្នុងរបបខ្មែរក្រហម ចូលរួមធ្វើបាតុកម្មអហិង្សា៖ «សូមមេត្តាចូលរួមអហឹង្សា និងសំដៅឆ្ពោះតែចំពោះបុគ្គល លោក កឹម សុខា តែម្នាក់ប៉ុណ្ណោះ ក្នុងបំណងគ្រាន់តែបង្ខំឲ្យបុគ្គលរូបនេះ មកទទួលខុសត្រូវនូវអ្វី ដែលខ្លួនបាននិយាយបំភ្លៃភស្តុតាងប្រវត្តិសាស្ត្រ។ ក្រៅពីបុគ្គល លោក កឹម សុខា ទោះកូនចៅឬសាច់ញាតិក្រុមគ្រួសាររបស់លោក កឹម សុខា គណបក្សនយោបាយ និងអ្នកគាំទ្រ យើងមិនត្រូវប៉ះពាល់ជាដាច់ខាត។ (…) មហាបាតុកម្មមហាជននេះ គឺជាការគ្រាន់តែសម្តែងនូវសិទ្ធិបញ្ចេញមតិ ស្របនឹងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។»
ផ្ទុយពីការអំពាវនាវនេះ លោកប៊ូ ម៉េង អនុប្រធានរបស់លោក ជុំ ម៉ី ក្នុងសមាគមជនរងគ្រោះ«ក្សេមក្សាន្ដ»នោះ បានថ្លែងក្នុងសេចក្ដីប្រកាសមួយ កាលពីពេលកន្លងមកនេះថា លោក«នឹងមិនចូលរួម» ក្នុងបាតុកម្មដែលមាន«ចរិកនយោបាយ»នេះទេ។ លោកបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ផ្ទាល់ខ្លួននោះថា លោក«មិនយក»ថានះខ្លួនជាជនរងគ្រោះ ទៅប្រកប«វិជ្ជាជីវះ»ដើម្បីលាភសង្ការះអ្វីឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញារិទ្ធិ មិនអាចសុំទំនាក់ទំនងបានទេក្នុងថ្ងៃនេះ ដោយលោកពុំទទួលទូរសព្ទ័។ ប៉ុន្តែតាមប្រភពដែលស្និតនឹងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថាលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់ឯទៀត បានមកដល់កម្ពុជាកាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ម្សិលមិញនេះហើយ។ តែប្រភពមួយនេះ មិនបានបង្ហាញនូវជំហរណាមួយ ដែលទាក់ទងនឹងការទទួលយកញ្ញត្តិរបស់មហាជន ដែលដឹកនាំដោយលោកជុំ ម៉ី នាថ្ងៃស្អែកនោះទេ។ លោក កឹម សុខា ធ្លាប់បានប្រកាសថា លោកមិនបាននិយាយ ថាគ្មានការកាប់សម្លាប់ គ្មានរបបខ្មែរក្រហម ឬថាគុកទួលស្លែងជាគុកសិប្បនិម្មិតនោះទេ។ ក្នុងសេចក្ដីប្រកាសនោះ លោកកឹម សុខាស្នើសុំឲ្យមានការជួបតទល់គ្នារវាងលោក និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបកស្រាយចំពោះបញ្ហាខាងលើនេះ នៅតាមបណ្តាញសារព័ត៌មានជាតិ។
អ្នកវិភាគនយោបាយ និងជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានគាំទ្រដល់សិទ្ធិបញ្ចេញមតិ និងសិទ្ធិក្នុងការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ។ លោកក៏បានសម្តែងនូវការសប្បាយចិត្ត ចំពោះវត្តមានរបស់តំណាងរាស្រ្ត ដែលបានចូលរួមនេះ តែលោកបង្ហាញថាការចូលរួមរបស់តំណាងរាស្រ្តទាំងនេះ ធ្វើឡើងទៅតាមអ្វីដែលពួកគាត់គិតថា«ត្រឹមត្រូវ» ដូចករណីការធ្វើបាតុកម្មនេះជាដើម។
ទាក់ទងនឹងព្រឹត្តិការណ៍ចុងក្រោយ កើតមាននៅប្រទេសកម្ពុជា ដូចជាបាតុកម្ម និងការអនុម័តច្បាប់«ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»នោះ លោកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ បានថ្លែងបញ្ជាក់ថា វាមាន«ពាក់ពន្ធ័»នឹងរឿងនយោបាយ ដែលមិនគួរឲ្យកើតមាននៅពេលនេះ ហើយអាចនឹងកើតមាននូវអំពើហឹង្សា ព្រមទាំងប៉ះពាល់ដល់ការបង្រួមបង្រួមជាតិ។ លោកបានសម្ដែងការសោកស្តាយចំពោះសភាជាតិ ដែលគួតែផ្តោតយកចិត្តទុកដាក់ ទៅលើច្បាប់«ពាក់ពន្ធ័នឹងតុលាការ ពាក់ពន្ធ័នឹងសិទ្ធិដីធ្លីពលរដ្ឋ» ប្រសើរជាងការយកចិត្តទុកដាក់លើសម្តី អ្នកនយោបាយ ដែលជម្រុញឲ្យមានការបង្កើតនូវច្បាប់មួយនេះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៨ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ