ការច្រានចោលបណ្តឹងបក្សប្រឆាំង ជាលើកទីពីរដ៏«ចម្លែក» របស់ក្រុមប្រឹក្សាធម្មនុញ្ញ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោល នូវពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិក្រុងបាត់ដំបង ជាផ្លូវការនៅវេលាម៉ោងជាងពីរ ថ្ងៃទី៤ ខែកញ្ញានេះ ដោយចាត់ទុកថាបណ្តឹងនោះត្រឹមត្រូវតាម«ទម្រង់ តែទាស់និងគតិច្បាប់»។ ជាមួយគ្នានេះក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការទាំងមូល។
បណ្ដាអ្នកការសែតខំប្រឹងផ្ចង់អារម្មណ៍ ស្ដាប់សេចក្ដីប្រកាសសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅជុំវិញទូរទស្សន៍មួយគ្រឿង ដាក់ក្បែរនឹងប៉ុស្ត៍ត្រួតពិនិត្យ អាវុធជាតិផ្ទុះ។ (រូបថត MONOROOM.info/ O. Vary)
ក្នុងសវនាការកាលពីថ្ងៃទី៣១ ខែសីហា ទោះជាក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលយកពាក្យបណ្តឹង របស់គណបក្សសង្គ្រោះជាតិសម្រាប់ខេត្តក្រចេះ ទុកជាត្រឹមត្រូវតាម«ទម្រង់ និងគតិច្បាប់»ក៏ដោយ តែស្ថាប័នច្បាស់កំពូលមួយនេះ ក៏បានរក្សាសេចក្តីសម្រេចរបស់ គ.ជ.ប នៅជាបានការដដែល។
តាមការអានសេចក្តីសម្រេចរបស់លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានសង្ខេបនូវពាក្យណ្តឹងរបស់គណបក្សសង្គ្រោះជាតិ ដែលបង្ហាញពីភាពមិនប្រក្រតី មានបីករណី បញ្ញីបោះឆ្នោតមានភាពមិនប្រក្រតី ឈ្មោះប្រជាពលរដ្ឋត្រូវបានគេបោះជំនួស បញ្ជីឈ្មោះស្ទួន មានការបង្ហាញនូវតួលេខទម្រង់១១០៤របស់គណបក្ស ខុសគ្នាជាមួយតួលេខ គ.ជ.ប។ ភាពមិនប្រក្រតីពេលរាប់សន្លឹកឆ្នោត ដោយសារតែរាប់ញាប់ និងប្រកែកគ្នាចំពោះសន្លឹកឆ្នោតមិនបានការជាដើម។
ក្នុងសវនាការនេះ លោកមេធាវី ជួង ជូងី និងមេធាវី កែត ឃី តំណាងឲ្យគណបក្សសង្គ្រោះជាតិ បានបង្ហាញពីអង្គហេតុ និងអង្គច្បាប់ដើម្បីដាក់បន្ទុកល់គ.ជ.ប។ ជាមួយគ្នានេះដើមបណ្តឹង លោក សួន ចំរើន បានសំណូមពរ ដោយបដិសេធសេចក្តីសម្រេចរបស់ គ.ជ.ប ចោលទាំងស្រុង។ អនុញ្ញាតិឲ្យ គ.ជ.ប ធ្វើការរាប់សន្លឹកឆ្នោតបានការ និងផ្ទៀងផ្ទាត់ឡើងវិញលើសន្លឹកឆ្នោតមិនបានការ។ ចាត់ឲ្យមានការស៊ើបអង្គេតឡើងវិញ ដើម្បីស្វែងរកមុខអ្នកបង្គាប់បញ្ជា និងផ្តន្ទាទោសលើជនល្មើសតាមផ្លួវច្បាប់។
មុននឹងសម្រេចលោក ឯក សំអុល ក៏បានបន្តរអាននូវការឆ្លើយការពារខ្លួនរបស់តំណាង គ.ជ.ប ដែលមានលោក មាន សាទិ ថារាល់ការដោះស្រាយលើបណ្តឹង គ.ជ.ប តែងតែអនុវត្តតាមបទបញ្ញតិ និងច្បាប់។ លោកបានចោទប្រកាន់ថា ដើមបណ្តឹងយកទម្រង់១១០៩ ដែលធ្វើដោយខ្លួនឯងមកផ្ទៀងផ្ទាត់ ជាមួយទម្រង់១១០៩ និង១១០២របស់គ.ជ.បក្នុងចំណោម១០២ ឃុំមានតែ៥៣ឃុំដែលមានទិន្ន័យខុសគ្នា ហើយទិន្នន័យដែលត្រឹមត្រូវ គឺរបស់ គ.ជ.ប ដែលជាមូលហេតុមួយ ចាត់ទុកថាលទ្ធផលនៃការបោះឆ្នោត នៅខេត្តបាត់ដំបងត្រឹមត្រូវទាំងអស់។ ដូច្នេះបានស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យរក្សានូវសេចក្តីសម្រេចរបស់គ.ជ.ប ទុកជាបានការ។
ក្រុមប្រឹក្សាធម្មនុញ្ញបានយល់ថា«គ្រប់កញ្ចប់សុវត្ថិភាព “ក” បានបិទកាវសុវត្ថិភាព “ជិត” តាមលក្ខណៈបច្ចេកទេសទាំងអស់ ដោយមានចុះហត្ថលេខាទទួលស្គាល់ ពីតំណាងគណបក្សនយោបាយពីគ្រប់ការិយាល័យទាំងប្រាំបី និងមានការចុះហត្ថលេខា ដោយតំណាងអង្គការខុមហ្រ្វេល ពីរការិយាល័យ។ ទទួលស្គាល់លើសម្លេងនៃគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនឃើញថាត្រឹមត្រូវ។»
ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ ជា«គោលជំហរនយោបាយ»?
បន្ទាប់ពីបញ្ចប់សវនាការនេះ លោក សួន ចំរើន ជាដើមបណ្តឹងបានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ដោយបានចាត់ទុកថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ ជា«គោលជំហរនយោបាយ» ដែលត្រូវសម្រេចឲ្យស្របតាមសេចក្តីសម្រេចរបស់ គ.ជ.ប។ លោកបន្តរថា «គណបក្សសង្គ្រោះជាតិមិនមានជំនឿទាល់តែសោះ ក្រុមប្រឹក្សាធម្មនុញ្ញនឹងអាចស្វែងរកយុត្តិធម៌ពិត ប្រាដកជូនដល់ប្រជាពលរដ្ឋខ្មែរ ឆន្ទៈពលរដ្ឋដែលខំបោះឆ្នោត។»
ម្ចាស់បណ្តឹងរូបនេះបន្តរថា «ទោះបីជា គណបក្សមានទឡ្ហីករណ៍ច្រើនប៉ុណ្ណាក៏ដោយ ក៏ក្រុមប្រឹក្សាធម្មនុញ្ញធ្វើជាមើលមិនឃើញដែរ នេះបង្ហាញពីគោលជំហរពិតប្រាកដរបស់ក្រុមប្រឹក្សាកំពូលផ្នែកច្បាប់មួយនេះ មិនមាននិន្នាការអព្យាក្រិត្យ ឯករាជ្យ មិនមានជំហរ ឆន្ទៈក្នុងការដោះស្រាយស្របតាមឆន្ទៈប្រចាបលរដ្ឋ ។ (…) ជាបន្តទៅទៀត ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានរៀបចំបែបបទប្តឹងទោះតុលាការ។»
ចំណែកលោក មាន សាទិ តំណាង គ.ជ.ប បន្ទាប់ពីចប់សវនាការនេះ បានគេច (ពួន) ពីអ្នកការសែត ដោយមិនបានផ្តល់បទសម្ភាសនោះទេ។ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានព្យាយាម សុំការបកស្រាយពីលោក តែទូរស័ព្ទលោកមិនអាចទំនាក់ទំនងបាន។
ក្រុមប្រឹក្សាធម្មនុញ្ញ មិនបានធ្វើអង្កេតខ្លួនឯងទេ ?
អ្នកសម្របសម្រួលផ្នែកអង្កេត របស់អង្គការខុមហ្វ្រែល (COMFREL) កញ្ញា គង់ រ៉ាវីន ដែលតាមដាននូវនីតិវិធីនៃសវនាការនេះ បានបង្ហាញថា ក្រុមប្រឹក្សាធម្មនុញ្ញ បានឈរលើសំអាងតែមួយ ដែលជាការបង្ហាញរបស់តំណាង គ.ជ.ប និងមិនមានការហៅភាគីដែលពាក់ព័ន្ធ ក្នុងរឿងនេះមកធ្វើការសាកសួរ បកស្រាយ ឬបង្ហាញភស្តុតាងបន្ថែមនោះទេ។ កញ្ញាបន្តរថា ចំពោះការបើកកញ្ចប់សុវត្ថិភាព«ក» ក្រុមប្រឹក្សាធម្មនុញ្ញនេះ មិនបានធ្វើការអង្កេតដោយខ្លួនឯងទេ ដោយឲ្យគ.ជ.ប ជាអ្នកទទួលបន្ទុកទៅវិញ នេះជាមូលហេតុមួយ ដែលធ្វើឲ្យខ្វះនូវតម្លាភាព។
កញ្ញាបានថ្លែងបញ្ជាក់ថា «តំណាងគ.ជ.ប គ្មានអ្វីបង្ហាញជាភស្តុតាងក្នុងសវនាការ។ មិនដឹងថាការសម្រេចហ្នឹង គាត់ (ក្រុមប្រឹក្សាធម្មនុញ្ញ) គ្រាន់តែយកអ្វី ដែលភាគីទាំងពីរលើកឡើង ឬសម្រេចរបៀបណា? ក្រុមប្រឹក្សាធម្មនុញ្ញនេះទំនងជាយល់តាមអ្វីដែល គ.ជ.ប បាន លើកឡើង។ (…) ក្រុមប្រឹក្សាធម្មនុញ្ញគួរតែធ្វើការអង្កេតដោយខ្លួនគាត់ ប្រមូលភស្តុតាងដោយខ្លួនគាត់ ដែលអាចធ្វើឲ្យសវនាការក្នុងការដោះស្រាយបណ្តឹង មានលក្ខណៈតម្លាភាព៕»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ