បាល់​ទាត់៖ អ្នក​ឈ្នះនិង​អ្នក​ចាញ់ ក្នុង​ការ​ដណ្ដើម​ទិញ​ដូរ​កីឡាករ​រដូវ​ក្តៅ​២០១៣

ទីផ្សារដោះដូរកីឡាករ នៅរដូវក្តៅឆ្នាំ២០១៣ ត្រូវបានបិទទ្វារជាផ្លូវការហើយ ពោលគឺបានបិទតាំងតែពីយប់ថ្ងៃច័ន្ទ ទី០២ ខែកញ្ញាមកម្លេះ។ ប៉ុន្តែរយះពេលជាង២ខែនោះ ក៏មានក្លិបធំៗមួយចំនួន អាចទិញបានកីឡាករល្អៗ ខ្លាំងៗជាច្រើនរូប ហើយក្លិបធំៗខ្លះទៀត ក៏កំពុងតែឈឺចាប់គ្រាំគ្រា ព្រោះតែការទិញកីឡាករ មិនបានសម្រេចដូចបំណងដែរ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីផ្សារដោះដូរកីឡាករ នៅរដូវក្តៅឆ្នាំ២០១៣ ត្រូវបានបិទទ្វារជាផ្លូវការហើយ ពោលគឺបានបិទតាំងតែពីយប់ថ្ងៃច័ន្ទ ទី០២ ខែកញ្ញាមកម្លេះ។ ប៉ុន្តែរយះពេលជាង២ខែនោះ ក៏មានក្លិបធំៗមួយចំនួន អាចទិញបានកីឡាករល្អៗ ខ្លាំងៗជាច្រើនរូប ហើយក្លិបធំៗខ្លះទៀត ក៏កំពុងតែឈឺចាប់គ្រាំគ្រា ព្រោះតែការទិញកីឡាករ មិនបានសម្រេចដូចបំណងដែរ។


រូបភាពបង្ហាញពីកីឡាករមួយចំនួន ដែលត្រូវបានគេធ្វើការផ្ដោះប្ដូរ។ (រូបថភ independent.co.uk)

មនោរម្យពាំងអាំងហ្វូ សូមធ្វើការបង្ហាញជូនត្រួសៗ ថាតើក្លិបណាខ្លះជា «អ្នកឈ្នះ» ហើយក្លិបណាជា «អ្នកចាញ់» ក្នុង​ការ​ទិញដូរកីឡាករ នារដូវកាលថ្មីនេះដូចតទៅ៖

១. អាសឺណល (Arsenal)៖ អ្នកឈ្នះ
ក្លិបកាំភ្លើងធំ អាសឺណល ពុំបានទិញចូលកីឡាករសំខាន់ៗណាមួយនោះទេ ក្នុងរយះពេល២ខែកន្លងទៅ ប៉ុន្តែអ្វីដែលជា​ការភ្ញាក់ផ្អើលបំផុតនោះ នៅយប់ថ្ងៃបិទទ្វារទីផ្សារទិញដូរកីឡាករ ត្រឹមតែរយះពេលប៉ុន្មានម៉ោងសោះ ពួកគេអាច​ទិញបាន​កីឡាករកំពូលម្នាក់ (world class player) ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) បានសម្រេចនៅតម្លៃ ៤២លានផោន មកពី​ក្រុម​រៀលម៉ាឌ្រីដ (Real Madrid)។

ការទិញបាននេះ ក៏ស្របពេលដែលរៀលម៉ាឌ្រីដ បានទិញយកកីឡាករ ហ្គារែត ប៊េល (Gareth Bale) ក្នុងតម្លៃបំបែក​កំណត់ត្រាពិភពលោកដែរ។ ហើយនេះជោគជ័យដ៏ធំធេងបំផុតសម្រាប់ក្រុមកាំភ្លើងធំ និងអ្នកគាំទ្ររបស់ក្លិបទាំងអស់ ដែលធ្វើឲ្យពួកគេមានក្តីសង្ឃឹមថ្មីមួយឡើងវិញ បន្ទាប់ពីមានវត្តមានរបស់កីឡាករឆ្នើមអាឡឺម៉ង់ (អូស្ស៊ីល)។

២. ឆែលស៊ី (Chelsea)៖ អ្នកឈ្នះ
ក្រោមការដឹកនាំជាថ្មី របស់លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) ក្លិបតោខៀវ ឆែលស៊ី ពុំបានទិញចូលកីឡាករបន្ថែម​ទេ​នៅថ្ងៃបិទទ្វារទិញដូរកីឡាករ ប៉ុន្តែគាត់បានទិញបានកីឡាករសំខាន់ៗជាច្រើនរូបរួចជាស្រេចអស់ហើយ ដើម្បីប្រជែង​យកពាននៅរដូវកាលថ្មីនេះ ក្នុងនោះមានដូចជា៖ វីលែន (Willian), អេនដ្រេ ស្កឺរ៉ល (Andre Schurrle), ម៉ាកូ វ៉ាន់ហ្គីនកែល (Marco van Ginkel) និង សាម៉ាអែល អេតូ (Samuel Eto'o) ជាដើម ខណៈដែលកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ត្រូវចាកចេញពីកីឡាដ្ឋាន ស្តេមហ្វដប្រិជ្ជ (Stamford Bridge) នៅថ្ងៃចុងក្រោយ ដោយក្រុមអេវើតុន (Everton) ខ្ចីជើង។

៣. ម៉ែនឆេស្ទើ ស៊ីធី (Manchester City)៖ អ្នកឈ្នះ
ក្លិបមេឃខៀវ ម៉ែនស៊ីធី បានធ្វើជំនួញដ៏ល្អបំផុតនៅរដូវកាលថ្មី ខណៈដែលគ្រូបង្វឹកថ្មីលោក ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ទិញចូលបានកីឡាករ៥នាក់សុទ្ធតែខ្លាំងៗ ដែលមានដូចជា៖ ជេសឺស ណាវ៉ាស់ (Jesus Navas), ហ្វឺណាន់ឌីញ៉ូ (Fernandinho), អាល់វ៉ារ៉ូ ណេហ្គ្រេដូ (Alvaro Negredo), ស្តេវិន ចូវីទិក (Steven Jovetic) និងទិញបាន​ខ្សែ​ការពារក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ម៉ាទីន ដេម៉ិចឆេលីស (Martin Demichelis) ម្នាក់ទៀត នៅថ្ងៃ​បិទ​ទ្វារ។

៤. ទតិនហេម (Tottenham)៖ អ្នកឈ្នះ
ទោះបីជាបាត់បង់កីឡាករសំខាន់បំផុត ហ្គារែត ប៊េល (Gareth Bale) ក៏ពិតមែន ប៉ុន្តែតម្លៃនៃការលក់ប៊េល ជាង​១០០​លាន​អ៊ឺរ៉ូនេះ ធ្វើឲ្យក្រុមមាន់ខ្នាយមាស អាចទិញចូលកីឡាករខ្លាំង ដែលកំពុងតែមានភាពលេចធ្លោរ​បានយ៉ាងច្រើនសន្ធឹក​សន្ធាប់មកវិញ ដើម្បីមកពង្រឹងក្រុមប្រជែងយកដំណែងកំពូលទាំង៤។

កីឡាករដែលក្លិបទតិមហេមទិញចូល មានដូចជា៖ ផូលីញ៉ូ (Paulinho), ណាសឺ ឆាដលី (Nacer Chadli), រ៉ូបឺតូ សូលដាដូ (Roberto Soldado), អេតៀន ខាផឺ (Etienne Capoue), អេរ៉ិក ឡាម៉េឡា (Erik Lamela), គ្រីស្ទែន អេរ៉ិកសិន (Christian Eriksen) និងកីឡាករ វ៉ាឡាដ ជីរីឆេស (Vlad Chiriches) ថែមទៀត។

៥. ម៉ែនឆេស្ទើ យូណៃធីត (Manchester United)៖ អ្នកចាញ់
ក្លិបបីសាចក្រហម ម៉ែនញូ ដែលដឹកនាំដោយលោក ដេវីដ ម៉យ (David Moyes) ទោះបីជាអាចទិញបានកីឡាករ ម៉ារ៉ូណេ ហ្វេឡៃនី (Marouane Fellaini) នៅថ្ងៃចុងក្រោយបានក៏ពិតមែន ប៉ុន្តែពួកគេបរាជ័យក្នុងនាំយកកីឡាករ អេនដឺ ហឺរឺរ៉ា (Ander Herrera) និងខ្ចីជើងកីឡាករ ហ្វាបីអូ ខន់ត្រាវ (Fábio Coentrão) មិនបានសម្រេចថែមទៀត។

វាជាភាពសោកសៅ និងសោកស្តាយបំផុតមួយ សម្រាប់ក្រុមជើងខ្លាំង របស់ពិភពលោកមួយនេះ នៅក្នុងការទិញដូរ​កីឡាករ ខណៈដែលអ្នកគាំទ្រជាច្រើន បានសម្តែងការមិនពេញចិត្តចំពោះយុទ្ធសាស្ត្រ ក្នុងការទិញដូរកីឡាករទាំងនោះ។ ទោះជាយ៉ាងណា អ្នកគាំទ្រទាំងអស់សង្ឃឹមថា នឹងមិនមានភាពច្រំដែលបន្តទៀត នៅពេលទីផ្សារទិញដូរកីឡាករ ត្រូវ​បានបើកសារជាថ្មី នៅខែមករាខាងមុខ។

៦. បាសេឡូណា (Bacelona)៖ អ្នកចាញ់
ក្លិបអ្នកមានបុណ្យ បាសេឡូណា បានចំណាយលុយយ៉ាងធំ ក្នុងការទិញយកកីឡាករស៊ាំបាប្រេស៊ីល ណីម៉ា (Neymar) នៅក្នុងរដូវក្តៅនេះ។ ប៉ុន្តែប៉ុន្មានប្រកួតកន្លងទៅនេះ ណីម៉ាហាក់ដូចជាលេងចាប់ដៃគូជាមួយនឹង លីយ៉ូនែល ម៉េស៊ី (Lionel Messi) មិនទាន់បានល្អនៅឡើយទេ ហើយគ្រូបង្វឹកថ្មី លោក ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) នៅតែជឿថា ពួកគេ​ប្រហែលជាត្រូវការពេលវេលាបន្តទៀត។

តាមពិតតំបន់ ដែលក្រុមជើងឯកអេស្ប៉ាញ ត្រូវពង្រឹងបន្ថែមទៀតនោះ ជាតំបន់ខ្សែការពារកណ្តាល ប៉ុន្តែក្លិបពុំអាចទិញ​បានខ្សែការពាររូបណាមួយនោះទេ ខណៈដែលបរាជ័យក្នុងការទិញ ទីយ៉ាហ្គូ ស៊ីលវ៉ា (Thiago Silva) របស់ក្រុមប៉ារីស (Paris Saint-Germain), ដេវីដ ល្វីស (David Luiz) របស់ឆែលស៊ី និង ដានីញ៉ែល អាហ្គឺ (Daniel Agger) របស់ លីវើភូល (Liverpool) ជាដើម។ ហើយនោះជាការខកចិត្តដ៏ធំធេងសម្រាប់ក្លិប និងអ្នកគាំទ្រទាំងអស់៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...