បក្ស​សង្គ្រោះ​ជាតិ៖ គ្មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ នាំ​ឲ្យ​មាន​មហា​បាតុកម្ម​អហិង្សា

បើគ្មាន«គណៈកម្មការចម្រុះឯករាជ្យ» ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដានេះទេ «មហាបាតុកម្មអហិង្សា ដោយសន្តិភាព» នៅទូទាំងប្រទេសនឹងលេចជារូបរាង្គ នា«ថ្ងៃទី ៧ ខែកញ្ញា ខាងមុខជាប្រាកដ» តែមិនមែនជាបាតុកម្មផ្តួលរំលំរដ្ឋាភិបាលនោះទេ។ នេះបើតាមការអះអាងរបស់ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៩ ខែសីហា ព្រឹកម៉ិញនេះ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ បើគ្មាន«គណៈកម្មការចម្រុះឯករាជ្យ» ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែ​កក្កដានេះទេ «មហាបាតុកម្មអហិង្សា ដោយសន្តិភាព» នៅទូទាំងប្រទេសនឹងលេចជារូបរាង្គ នា«ថ្ងៃទី ៧ ខែកញ្ញាខាងមុខ​ជាប្រាកដ» តែមិនមែនជាបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាលនោះទេ។ នេះបើតាមការអះអាងរបស់ លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៩ ខែសីហា ព្រឹកម៉ិញនេះ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌល​វត្ត​វង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

លោក សម រង្ស៊ី បញ្ជាក់ថា ហេតុដែលនាំឲ្យគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបាតុកម្មនេះ ដោយសារតែគណបក្ស​សង្គ្រោះជាតិអស់ជំនឿ គ្មានសេចក្តីទុកចិត្តលើការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជា គ.ជ.ប នោះឡើយ។ លោកបន្តរថា «ការធ្វើមហាបាតុកម្មនេះ មិនមែនជាបាតុកម្ម ផ្ដួលរំលំរដ្ឋាភិបាលនោះទេ ជាមហាបាតុកម្មអហិង្សា ដូច​បណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនានា ធ្លាប់បានធ្វើយ៉ាងដូច្នោះដែរ។ (…) បាតុកម្មដែលធ្វើឡើងក្នុងគោលបំណង ស្វែងរកយុត្តិធម៌ចំពោះលទ្ធផលបោះឆ្នោត សម្រាប់ម្ចាស់ឆ្នោតតែប៉ុណ្ណោះ។ (…) គណបក្សសង្គ្រោះជាតិនឹងលុបចោល ការធ្វើបាតុកម្មអហិង្សានាថ្ងៃទី៧ ខែកញ្ញានោះវិញ បើប្រធានគណបក្សប្រជាជនកម្ពុជា មានការឆ្លើយតបជាវិជ្ជមាន តាម​ការស្មើសុំរបស់គណបក្សសង្គ្រោះជាតិនោះ។ (…) បើគ្មានដំណោះស្រាយទេ មហាបាតុកម្មអហិង្សានឹងប្រព្រឹត្ត​ទៅតាម​ការកំណត់។»

មុននឹងប្រកាសថា ពីមហាបាតុកម្មអហិង្សានេះ គណបក្សសង្គ្រោះជាតិតែងតែធ្វើឲ្យគេឃើញថា គណបក្សនេះ នៅតែ​«ទទូច»ឲ្យមានការចរចាគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាដែលកើតមានទាំងនោះ។ ជាមួយ​គ្នានេះ កាលពីថ្ងៃទី២៨ ខែសីហា លោក សម រង្ស៊ី បានសរសេរលិខិតមួយ ទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ដើម្បីស្នើឲ្យមាន ជំនួបចរចា«ថ្នាក់កំពូល»រវាងគណបក្សទាំងពីរ ដើម្បីបង្កើតគណៈកម្មការឯករាជ្យ។

ជាចម្លើយតបទៅនឹងការលើកឡើងខាងលើ អំពីការសុំចចារបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតី នៃ​ការបោះឆ្នោតកន្លងមកនោះនាថ្ងៃទី២៩ ខែសីហានេះដែរ លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា​បានលើកឡើង​ថា «គណបក្សប្រជាជនកម្ពុជា នៅតែមានសុឆន្ទះដ៏ពិតប្រាកដ ដើម្បីបន្ដការចចារ ដោះស្រាយបញ្ហា ដែលនៅសេសសល់ ដោយឈរលើលទ្ធផលបោះឆ្នោត និងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ដែលជាផ្លូវដ៏ល្អបំផុត ដើម្បីធានាបាននូវភាព​សុខ​សាន្ដ របស់ប្រជាជនរបស់យើង។»

ចំពោះសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៩ ខែសីហា របស់គណបក្សប្រជាជនកម្ពុជាឯណោះវិញ ក៏បានបង្ហាញនូវ​ជំហរក្នុង​ការ​ដោះស្រាយ ជាមួយគណបក្សសង្គ្រោះជាតិផងដែរ។ «ទោះបីជាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបគ្នាកាលពីថ្ងៃទី៣ ថ្ងៃទី៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ មិនទាន់មានចំណុចស្របគ្នាទាងស្រុង តែគណបក្ស​ប្រជាជនកម្ពុជា នៅតែត្រៀមខ្លួនជានិច្ច បន្តការចរចាដើម្បីដោះស្រាយបញ្ហាសេសសល់ ដោយផ្អែកលើលទ្ធផល​នៃការ​បោះឆ្នោត និងឈរលើស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ។» សេចក្ដីថ្លែងការណ៍នេះ ក៏បានបង្ហាញថាខ្លួនតែងតែ​ប្រកាន់ខ្ជាប់​នូវជំហរស្មារតី ភាតរៈ សហការដោយស្មោះស្ម័គ្រ ជាមួយគណបក្សសង្គ្រោះជាតិតាមព្រះរាជតំរិះ ព្រះមហាក្សត្រ ដើម្បី​ស្វែងរកដំណោះស្រាយនយោបាយមួយដ៏សមស្រប ដើម្បីផលប្រយោជន៍រួម របស់ប្រជាជាតិ និងប្រជាពលរដ្ឋ។

ទាក់ទងនឹងគម្រោងនៃការធ្វើបាតុកម្មនេះ នាល្ងាចថ្ងៃទី២៩ ខែសីហានេះ គណបក្សសង្គ្រោះជាតិក៏នឹងរៀបចំ ការបណ្ដុះ​បណ្ដាលដល់ក្រុមការងារ របស់ខ្លួន ដែលមានភារកិច្ចរៀបចំមហាបាតុកម្មនាថ្ងៃខាងមុខបនេះ អំពីរបៀបរៀបចំយុទ្ធវិធី និងក្រមសីលធម៌សម្រាប់មហាបាតុកម្ម ដែលមានការចូលរួមពីសំណាក់អង្គការក្រៅរដ្ឋាភិបាលផងដែរ។

គោលបំណងខាងនៃការហ្វឹកហាត់ជាមុនដល់ក្រុមបាតុករ អំពីរបៀបធ្វើបាតុកម្មដោយអហិង្សា និងអំពីរបៀបការពារ ខ្លួន​ក្នុងករណីដែលមានការបង្ក្រាប និងដើម្បីទប់ស្កាត់ការបង្កចលាចល ពីសំណាក់ជនខិលខូចមួយចំនួន។ ការហ្វឹកហាត់​ដែលគ្រោងធ្វើនៅឯទីលានប្រជាធិបតេយ្យនោះ នឹងមានជំនួយពីក្រុមអ្នកជំនាញ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមការអះអាងរបស់លោក សម រង្ស៊ី។ លោកបន្តថា ក្រោយពីបញ្ចប់វគ្គនេះ គណបក្ស​សង្គ្រោះជាតិក៏​នឹង​រៀបចំ ឲ្យមានការធ្វើបាតុកម្មសាកល្បងចំនួនពីរលើក។ លើកទីមួយធ្វើនៅថ្ងៃទី១ និងលើកទីពីរធ្វើនៅថ្ងៃទី៥ ខែកញ្ញានេះ ដោយមិនបានបញ្ជាក់ពីពេលវេលា និងទីកន្លែងនោះឡើយ។

តាមសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជាបានថ្លែងបន្តរថា ការព្រមានធ្វើមហាបាតុកម្មរបស់​គណបក្ស​សង្គ្រោះជាតិ គ្រាន់តែជាលេសប៉ុណ្ណោះ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ បាននឹងកំពុងដោះស្រាយ លើពាក្យបណ្តឹងតវ៉ារបស់ខ្លួន ទៅតាមច្បាប់ប្រកបដោយតម្លាភាព និងយុត្តិធម៌នោះ។ សេចក្តី​ថ្លែងការណ៍នេះបន្តរថា ការធ្វើបាតុកម្ម វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងជាការប្រឆាំងឆន្ទៈ​របស់​ប្រជាពលរដ្ឋតាមរយៈសន្លឹកឆ្នោត ហើយក៏ជាចេតនាបំផ្លាញការបោះឆ្នោត ដែលមានការវាយតម្លៃថាប្រកបដោយសេរី សន្តិភាព និងតម្លាភាព។

ឯគណបក្សប្រឆាំងបានចាត់ទុកថា ការបដិសេធជាចំហរបស់មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជននៅពេលនេះ ក្នុងការ​មិន​បង្កើតគណៈកម្មការឯករាជ្យ ជាការបិទផ្លូវចរចាមួយដោយសន្តិវិធី។ នេះជាមួលហេតុ ដែលជំរុញឲ្យមេដឹកនាំ​គណបក្ស​ប្រឆាំង សម្រេចចិត្តភ្លាមៗធ្វើបាតុកម្មផ្លូវការថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ។ តាមការអះអាងពីលោក កឹម សុខា បានឲ្យ​ដឹង​ថា រាជធានីភ្នំពេញជាទីតាំងដំបូង ដែលនឹងជួបជុំធ្វើមហាបាតុកម្មអហិង្សា និងជាបន្តរបន្ទាប់ឆ្ពោះ ទៅតាមបណ្ដាខេត្តដទៃ​ផ្សេងទៀត ធ្វើយ៉ាងណាទាមទាឲ្យមានការបង្កើតគណៈកម្មការឯករាជ្យ និងប្រឆាំងលទ្ធផលបោះឆ្នោតប្រកាសដោយ គ.ជ.ប។

ចំពោះក្រុមអ្នកវិភាគនយោបាយ បានចាត់ទុកការប្រកាសធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ​នាថ្ងៃ​ខាង​មុខនេះ ជាជំហានចុងក្រោយ ដែលគណបក្សប្រឆាំងកំពុងទាញ យកសំឡេងគាំទ្រមហាជន ឲ្យគាបសង្កត់ទៅលើភាគី​ជម្លោះរបស់ខ្លួន។ តែទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគបានបង្ហាញថា ត្រូវមានការព្យាយាមចរចាគ្នា ឲ្យអស់លទ្ធភាព​ជា​មុនសិន មុននឹងសម្រេចចិត្តធ្វើមហាបាតុកម្មនោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...