សកម្មជន​បក្ស​ប្រឆាំង​១១​នាក់​ត្រូវ​ឃុំ​ខ្លួន​ជា​ថ្មី ព្រោះ​នយោបាយ?

សកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១១រូប ត្រូវបានឃុំខ្លួនជាថ្មី ស្របពេលប្រធានក្រុម តំណាងរាស្រ្តមតិភាគតិច ចាកចេញពីកម្ពុជាទាំងយប់ ដោយស្ងាត់ស្ងៀម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 23, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជនគណបក្សប្រឆាំង ដែលលេចធ្លោនៅកម្ពុជា ចំនួន១១នាក់ ត្រូវបានចៅក្រមស៊ើបអង្កេត នៃ​សាលា​ដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនជាថ្មី ដោយម្នាក់ៗ ត្រូវជាប់ពន្ធនាគារ ពី៧ឆ្នាំ ដល់២០ឆ្នាំ ក្នុងបទចោទពាក់ព័ន្ធ នឹងបាតុកម្មដោយអំពើហិង្សាមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។ មួយ​ឆ្នាំក្រោយ ពីកើតមានអំពើហិង្សា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ម្សិលម៉ិញនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចោទប្រកាន់ជាផ្លូវការ លើសកម្មជនទាំង១១នាក់ មកពីគណបក្សសង្គ្រោះជាតិថា បានបង្កឲ្យ​មាន​អំពើហិង្សា ធ្វើឲ្យមានអ្នកបម្រើការ ជាសន្តិសុខរបួស ចំនួនជាង៤០នាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្មាមួយ នៅ​ពេលនោះ។

សកម្មជនទាំង១១រូប ដែលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ជាផ្លូវការ ឲ្យជាប់ពន្ធនាគារ ពីបទ«ដឹកនាំកុបកម្ម និងចូលរូមក្នុងអំពើកុបកម្ម»នោះ រួមមាន លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋានព័ត៌មាន - លោក អឿ ណារិទ្ធ មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈ និងជាជំនួយការផ្ទាល់អ្នកស្រី មូ សុខហួរ - លោក ឃិន រឿន ហៅ ឃិន ជំរឿន ប្រធានចលនាយុវជនរាជធានីភ្នំពេញ - លោក នាង សុឃុន ប្រធាន​សម្ព័ន្ធយុវជនជាតិខ្មែរ និងជាហិរញ្ញិក ចលនាយុវជនខណ្ឌច្បារអំពៅ - លោក សាន គឹមហេង ប្រធាន​ចលនាយុវជន និងជាសមាជិកក្រុមប្រឹក្សាខណ្ឌទួលគោក។ លោក កែ ឃីម ហៅ វីន ឌី សកម្មជន​គណបក្ស​សង្គ្រោះជាតិ - លោក ទេព ណារិន សមាជិកចលនាមហាជន - លោក សាន សីហៈ លេខាធិការគណបក្ស​សង្គ្រោះជាតិ - លោក ស៊ុ ពុទ្ឋី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ - លោក អ៊ុក ពេជ្រសំណាង សកម្មជន​គណបក្សសង្គ្រោះជាតិ និង លោក អាន បឋម ហៅ សុខុម យុវជនគណបក្សសង្គ្រោះជាតិ។

ការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រឆាំង លោក យ៉ែម បុញ្ញរិទ្ធ ថ្លែងក្នុងកិច្ចសម្ភាស ជាមួយ​នឹងវិទ្យុសម្លេងសហរដ្ឋអាេមរិក ផ្សាយជាខេមរភាសា កាលពីយល់ម៉ិញថា តុលាកាការកំពុងអនុវត្តមិនត្រឹមត្រូវ តាមច្បាប់។ លោកបានបញ្ជាក់ដូច្នេះថា៖ «នីតិវិធី នៃការធ្វើសវនាការ និងការដាក់ទោសចោទប្រកាន់នេះ គឺ​ពុំ​មានភាពត្រឹមត្រូវ និងយុត្តិធម៌ទេ ព្រោះសកម្មជនទាំង១១រូប ពុំបានប្រព្រឹត្តដូចអ្វី ដែលបានចោទប្រកាន់​នោះ​ឡើយ។ ដូច្នេះគណបក្សសង្គ្រោះជាតិយើង មានការសោកស្តាយ ហើយយើងនឹងខិតខំពិគ្រោះ យោបល់​ជា​មួយមេធាវី ដើម្បីនឹងស្វែងរកនីតិវិធី ដោះស្រាយបញ្ហានេះ នាពេលខាងមុខ។»

ឯមន្រ្តីសង្គមស៊ីវិលវិញ ក៏បានចាត់ទុកថា ការសម្រេចទោស លើសកម្មជនទាំង១១រូបនេះ មិនបានអនុវត្តន៍ ត្រឹមត្រូវ តាមច្បាប់នោះដែរ។ លោក អំ សំអាត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស របស់អង្គការលីកាដូ បានថ្លែង​ឡើង​ក្នុងសេចក្ដីថ្លែងការណ៍មួយ របស់អង្គការនេះថា៖ «ការសម្រេចសេចក្តីនេះ គឺឈរនៅលើមូលដ្ឋាន​នយោបាយ ជាជាងឈរលើមូលដ្ឋានគតិយុត្តិ ទាំងផ្នែក​ភស្តុតាង និងផ្នែកច្បាប់។ (...) ដោយសារបច្ចុប្បន្ន ស្ថានភាព​នយោបាយ នៅក្នុងប្រទេសកម្ពុជា​កំពុងតែ​តានតឹង ជាពិសេសទាក់ទងនឹងកិច្ចការព្រំដែន ដែល​គណបក្ស​សង្គ្រោះ​ជាតិ និងតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ បានធ្វើដំណើរទស្សនកិច្ច និងត្រួតពិនិត្យ នៅតាម​ព្រំដែន នាពេលកន្លងមកនេះ។ នេះបើយើងមើល ឲ្យបានស៊ីជម្រៅបន្តិច។»

អ្នកស្រី ណាលី ពិឡូត នាយិកាអង្គការលីកាដូរ បានចាត់ទុកការសម្រេច ដោយដាក់ទោស លើសកម្មជន​ទាំង​១១នាក់ ដោយតក់ក្រហល់នោះ ថាជាគម្រោងការមួយ ដែលបានរៀបចំទុកជាមុន ក្នុងការបំភិតបំភ័យ​ផ្នែក​ស្មារតី របស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការកកាយរឿងបង្គោលព្រំដែន និងការមិនចូលរួមអនុម័ត​ច្បាប់ NGO រនស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប ។ អ្នកស្រីលើកឡើង ក្នុងលិខិតចំហរមួយ កាលពីម្សិលម៉ិញដូច្នេះថា៖ «ការកាត់ទោសនេះ បង្ហាញយ៉ាងច្បាស់ថា វាគឺជាការកាត់ទោស ដែលមានការ​កំណត់ពេល បញ្ចប់ជាមុន ដែលរៀបចំ ឡើងដើម្បីបំភិតបំភ័យ គណបក្សសង្គ្រោះជាតិ‍។ (...) បញ្ឈប់ការ​ប្រើ​ប្រាស់​តុលាការ ជាឧបករណ៍នយោបាយ និងឲ្យ លុបចោលសាលក្រម និងការផ្តន្ទាទោស ដោយផ្អែក​លើភាព​មិនប្រក្រតី នៃការកាត់ទោស និងអង្គហេតុនៃរឿងក្តីនេះ។»

ដោយឡែក លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបានចាត់ទុក ការចោទប្រកាន់ ទៅលើ​សកម្ម​ជនទាំង១១រូបនោះ ថាជា«អំណាចផ្តាច់មុខរបស់តុលាការ»។ លោកបានបញ្ជាក់ ក្នុង​បណ្តាញ​​សង្គម​ថា៖ «ប៉ុន្មាននាទីមុននេះ តុលាការភ្នំពេញបានសម្រេចក្ដី និងដាក់ទណ្ឌកម្មដល់មនុស្ស១១​នាក់ ជាប់​ពន្ធនាគារ ជាប់​ពិរុទ្ធ ពីបទដឹកនាំកុបកម្ម និងអំពើចូលរួម ក្នុងអពើកុបកម្ម។ ការពង្រឹងនីតិរដ្ឋ និងបំបាត់​ចោល វប្បធម៌​និទណ្ឌ​ភាព គឺជាកាតព្វកិច្ចមួយ ក្នុងចំណោមអំណាចរដ្ឋដ៏ទៃ ដែលជាឆន្ទានុសិទ្ធរបស់ចៅក្រម និង​អំណាច​របស់​តុលាការ ដើម្បីធានាសណ្ដាប់ធ្នាប់ក្នុងសង្គម និងផលប្រយោជន៍សាធារណៈ។ ការសម្រេចក្តី​របស់ចៅក្រម គឺមិនប៉ះពាល់ ដល់ផលប្រយោជន៍ នៃវប្បធម៌សន្ទនាទេ ត្បិតវប្បធម៌សន្ទនា មិនមានឧត្តមភាព​ប្រឆាំង នឹង​អំណាច​រដ្ឋ ឫអំណាចតុលាការនោះឡើយ។ ថ្ងៃស្អែក ជាថ្ងៃខួបមួយឆ្នាំ នៃសេចក្ដីព្រមព្រៀង​នយោបាយ​រវាង CPP និង CNRP ក៏ប៉ុន្តែសេចក្ដីព្រមព្រៀងនេះ គឺជាកាតព្វកិច្ចរបស់ គណបក្សទាំងពីរ មិនមែន​ជាកាតព្វកិច្ច​ក្នុង​ផ្លូវច្បាប់ ប្រឆាំងនិងនីតិរដ្ឋ និងការងារយុត្តិធម៌ របស់តុលាការនោះឡើយ។»

សម្រាប់លោកមេធាវី ជួង ជូងី ដែលការពារក្ដី ឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ បានលើកលើងថា បុគ្គល​តុលាការ កំពុងអនុវត្តដោយល្មើសច្បាប់ ព្រោះតែសវនាការមួយ គ្មានមេធាវី ហើយហ៊ានចេញដីកា ឃុំខ្លួន​កូន​ក្តីលោក ដោយគ្មានមេធាវី ក្នុង«បទឧក្រិដ្ឋ» ដែលចាំបាច់ត្រូវតែមានមេធាវី។ លោកបានថ្លែងបញ្ជាក់ តាមរយៈ​សារព័ត៌មានក្នុងស្រុក ដ៏ល្បីមួយថា៖ «តុលាការមិនបានសួរដេញដោល ទៅលើដើមបណ្តឹងរដ្ឋប្បវេណី ឲ្យ​បាន​អស់ទេ។ ភាគច្រើនបំផុត អវត្តមានក្នុងចំណោម ដើមបណ្តឹងរដ្ឋប្បវេណី ទាំង៣៩នាក់ គឺបានចូលមកបំភ្លឺ នៅ​តុលាការតែ៩នាក់គត់។ (...) មានដើមបណ្តឹងមួយនោះ បានឆ្លើយបញ្ច្រាស ពីចៅក្រមស៊ើប ហើយមានដើម​បណ្តឹងមួយ បានឆ្លើយថា លោកស្រី មូរ សុខហួរ ជាអ្នកដឹកនាំឲ្យមានអំពើហិង្សា ប៉ុន្តែម្សិលមិញនេះ ពេលដេញ​ដោល គាត់ប្រាប់ថាអត់ដឹងទៅវិញ»។

សកម្មជនគណបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា វិញ ដែលជាជនជាប់ចោទ មួយរូបដែរនោះ បានចាត់ទុកថា នេះជា«រឿងនយោបាយ‍» ហើយវាគួរតែត្រូវបានបញ្ចប់ នៅពេលដែលមានដំណោះស្រាយនយោបាយ មុន​ពេល​ដែលគណបក្សប្រឆាំង ព្រមចូលប្រជុំសភា កាលពីឆ្នាំ២០១៤។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក លឹម មករន្ទ ចៅក្រមស៊ើបសួរ នៃសាលាដំបូង​រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទប្រកាន់ ជាផ្លូវការ លើសកម្មជនបក្សសង្គ្រោះជាតិ ទាំង១១នាក់ នោះ​បាន​ឡើយ នាពេលនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...