មកចាប់ខ្លួនជនជាតិវៀតណាមព្រោះអាជីវកម្មខុសច្បាប់ ឬមកប្លន់?
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 30, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋ ដែលមានដើមកំណើត ជាជនជាតិវៀតណាមបីនាក់ រួមមានប្រពន្ធ កូន និងអ្នករស់នៅជាមួយម្នាក់ ត្រូវបានកម្លាំងចម្រុះ ដែលដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ ចុះចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នៅវេលាម៉ោងប្រមាណ ជាងពីរសៀល នៅម្តុំផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ។ បើទោះជាការចាប់ខ្លួន ពលរដ្ឋដើមកំណើតវៀតណាមទាំងនោះ ក្រោមបទចោទប្រកាន់ ថាបានបើកមុខរបរចាក់បាល់ និងលក់កន្ទុយលេខ ជ្រកក្រោមស្លាកលក់កាហ្វេក៏ដោយ តែសម្រាប់ក្រុមគ្រួសារវិញ បានលើកឡើង ពីភាពមិនប្រក្រតីមួយចំនួន ដោយបានប្រៀបធៀប ការចុះមកចាប់ខ្លួននេះ ទៅនឹងការចុះមក«ប្លន់» ដោយខុសច្បាប់។
លោក ង្វៀង យ៉ាំងថាន់ ដែលត្រូវជាប្តី បានលើកឡើងថា ការចុះចាប់ខ្លួនប្រពន្ធ កូន និងអ្នកនៅជាមួយនេះ មិនបានផ្តល់ដំណឹងជាមុនឡើយ ហើយលោកក៏មិនដឹងថា គ្រួសារលោកមានធ្វើអ្វីខុសច្បាប់ដែរ ព្រោះលោកលក់ដូរ ដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ ការផ្តល់កិច្ចសម្ភាសនេះ ត្រូវបានធ្វើឡើង នៅក្នុងប៉ុស្តិ៍នគរបាលផ្សារដើមគរ ដោយបុរសជាតិវៀតណាម ជាប្តីនោះបានបញ្ជាក់ថា ពេលសមត្ថកិច្ចចុះមកចាប់នេះ លោកបានអវត្តមាន មិននៅជាមួយប្រពន្ធកូនទាំងនោះទេ។ ប៉ុន្តែអវត្តមានរបស់លោក តែក្នុងរយៈពេល មិនដល់ ៣០នាទីផង គ្រប់គ្រាន់នឹងក្រុមសមត្ថកិច្ចទាំងនោះ ចាប់ប្រពន្ធកូនរបស់លោក ដាក់បញ្ចូលក្នុងឡាន និងដឹកចេញទៅបាត់ ហើយមិនដឹងថា យកទៅណាផង។ ហេតុនេះហើយ ទើបលោកមកប៉ុស្តិ៍ ដើម្បីសួរនាំក្នុងរឿងនេះ។
បុរសម្នាក់ ដែលនិយាយភាសាខ្មែរ បានច្បាស់ល្អនោះ បាននិយាយថា សកម្មភាពដែលចុះមកចាប់មនុស្ស របស់សមត្ថកិច្ចចម្រុះនេះ ជាអំពើខុសច្បាប។ បុរសម្នាក់នេះបានអះអាងថា ខ្លួនជាប់ខ្សែស្រឡាយ ជាមួយនឹងប្រពន្ធកូនជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួននោះ តែមិនបាននិយាយឲ្យដឹង ពីឈ្មោះរបស់លោកឡើយ ដោយគ្រាន់តែបញ្ជាក់ថា លោកជាមេធាវី និងជាសមាជិកនៃក្រុមមេធាវីមួយ។ បុរសរូបនេះ បានថ្លែងឡើងថា៖ «បាត់លុយជាងមួយម៉ឺនដុល្លា ខ្សែរកមាសជាដើម។ (...) មកនេះដូចប្លន់អញ្ចឹង យើងត្រូវធ្វើកំណត់ហេតុ ទើបយកចេញ តែនេះគ្មានទេ។ (...) មកចាប់ប្រពន្ធកូនគេទៅ កំពុងតែដេក ឃើញទេ មិនមែនជាករណីបទល្មើសជាក់ស្តែងទៀត។ មកត្រូវមានដីកា ធ្វើកំណត់ហេតុដកហូតត្រឹមត្រូវ? នេះឡើងទៅលើផ្ទះគេ យកទ្រពសម្បត្តិរបស់គេ។»
ទាក់ទងនឹងការចោទប្រកាន់ របស់បុរសម្នាក់នេះ ថាការចុះចាប់ខ្លួននេះ គ្មានដីកា និងគ្មានធ្វើកំណត់ហេតុនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបង្ហាញ ពីលោកព្រះរាជអាជ្ញារង កែវ សុជាតិ បានឡើយ ដោយទូរស័ព្ទរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។
រីឯលោក ហែម សុវណ្ណរិទ្ធ មេប៉ុស្តិ៍ផ្សារដើមគរវិញ បានគេចមុខ ពីការសុំស្នើសម្ភាសរបស់ទស្សនាវដ្តី ហើយក៏មិនទទួលឆ្លើយ តាមទូរស័ព្ទដែរ។ លោកមេប៉ុស្តិ៍ផ្សារដើមគរ បានរុញឲ្យទស្សនាវដ្តីជួបសម្ភាស ជាមួយនឹងមន្រ្តីប្រចាំការរបស់ខ្លួន ឈ្មោះ ខិន ទិត្យ ជាជំនួសវិញ។
លោក ខិន ទិត្យ បានថ្លែងថា ការចាប់ខ្លួនជនជាតិវៀតណាមទាំងបីនោះ ហាក់មានលក្ខណៈ ប្រញាប់ប្រញាល់ ព្រោះការចាប់ខ្លួននេះ ត្រូវបានចុះមកភ្លាមៗ ហើយចាប់យកទៅតែម្តង។ ទាក់ទងនឹងការលើកឡើងថា ការបើកធ្វើអាជីវកម្មចាក់បាល់ និងកន្ទុយលេខ របស់ប្តី-ប្រពន្ធជនជាតិវៀតណាមខាងលើ ត្រូវបានដាក់ខែ ជាមួយប៉ុស្តិ៍នគរបាលផ្សារដើមគរនោះ ត្រូវបានបដិសេធ ដោយមន្រ្តីប្រចាំការខាងលើ យ៉ាងខ្លីថា៖ «អត់មានទេបង ដូចអត់ដែលមានទេ»។
គាស់ទូរ និងកន្លែងសំខាន់មួយចំនួន...
លោក ង្វៀង យ៉ាំងថាន់ ជាប្តីបានបន្ថែមថា ក្រោយពេលចាប់ខ្លួន ប្រពន្ធកូនរបស់លោក ទៅបាត់ហើយនោះ លោកបានទៅដល់ផ្ទះ និងចូលមើលឃើញមានការគាស់ទូរ និងកន្លែងសំខាន់ៗមួយចំនួនទៀត ហើយបានបាត់ នូវទ្រព្យសម្បត្តិមានតម្លៃមួយចំនួន ដូចជាប្រាក់ដុល្លា ១៧ ០០០ដុល្លាអាមេរិក, ខ្សែដៃមួយតម្លឹង, ខ្សែកពីរតម្លឹង, ចិញ្ចៀនពេជ្រមួយវង្ស, ជញ្ជៀនធម្មតា៣វង្ស, និងកាបូបដៃមួយ មានលុយ ៣០០ដុល្លាអាមេរិក។
មកទល់ពេលនេះ ទស្សនាវដ្តី ក៏នៅមិនទាន់មាន ការបញ្ជាក់ណាមួយច្បាស់លាស់ ពីការចាប់ខ្លួននោះនៅឡើយ ព្រោះតែមិនអាចទំនាក់ទំនងបាន។ រីឯការបាត់បង់ទ្រព្យទាំងនេះ ក៏ទស្សនាវដ្ដីមិនទាន់មាន ប្រភពឯករាជ្យផ្សេងទៀត បញ្ជាក់ថា ពិតជាមានការទាក់ទង នឹងការឃាត់ខ្លួន របស់ម្ចាស់ទ្រព្យឬយ៉ាងណាឡើយ។សូមបញ្ជាក់ថា បានជាតិវៀតណាមទាំងបី ដែលត្រូវបានចាប់ខ្លួននោះ រួមមានឈ្មោះ ទីវ គឹមអ៊ុក (ជនជាតិវៀតណាម) ជាប្រពន្ធ ង្វៀង ហុងអាំង ជាកូន និងស្រ្តីអ្នកនៅជាមួយ ជាតិវៀតណាមម្នាក់ទៀត មិនស្គាល់ឈ្មោះ៕